ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨វិច្ឆិកា ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានធ្វើឡើងនៅវិមានឯករាជ្យក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៤(៩វិច្ឆិកា ១៩៥៣.៩វិច្ឆិកា ២០១៧)។
គួរបញ្ជាក់ថា៖ទិវាបុណ្យឯករាជ្យ៩វិច្ឆិកាឆ្នាំ២០១៧នេះត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៤នៃកងយោពលខេមរៈភូមិន្ទផងដែរ ហើយក្នុងថ្ងៃទី៩វិច្ឆិកាស្អែក ប្រទេសកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យ៩វិច្ឆិកា ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រនរោត្តមសីហមុនី។ នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។ ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរះក្សត្រព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យផ្តាច់ព្រាត់ធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល,តុលាការ,នគរបាល,ទាហ៊ាន,ការទូត,នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកអោយខ្មែរវិញ។ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង ដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឲ្យខ្មែរ រួចលាឈប់មកទៀតដោយមិនបានធ្វើឲ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ។ នៅក្នុងទិវាដ៏ថ្លៃថ្លានេះដែរ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញក៏បានអញ្ជើញទៅដាក់កំរងផ្កាគោរពដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នៅស្តូបតម្កល់ព្រះបរមរូបស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីជាការគោរពនិងដោយក្តីនឹករលឹកយ៉ាងក្រៃលែងចំពោះដួងព្រះវិញ្ញាក្ខន្ធអតិតព្រះមហាវិរក្សត្យដ៏ឆ្នើមនៃកម្ពុជាព្រះបរមរតនកោដ្ឋ ៕ ដោយ៖កូឡាប