ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នឹងបញ្ចប់ការចុះវាស់វែងបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋដែលមានទម្លោះ ជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យបានរួចរាល់ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ដំណាច់ខែមិថុនា ឆ្នាំ២០១៨នេះ។
នៅព្រឹកថ្ងៃទី៥មិថុនានេះលោក ជា សុផារា ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង អញ្ជើញជួបប្រជាពលរដ្ឋដែលមកពីខេត្តកោះកុង ដើម្បីប្រជុំពិភាក្សាគ្នាដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋជិត៦០០គ្រួសារ ជាលទ្ធផល៖ ១. ឃុំជីខលើចំនួន៩៦គ្រួសារយកទីតាំងលេខIV ។ ២. ឃុំជីខក្រោមចំនួន១១គ្រួសារយកទីទាងលេខIII ។ ៣. ឃុំដងពែងចំនួន១២៦គ្រួសារយកទីទាងលេខIII ។ ៤. ឃុំកណ្តោលចំនួន៨៤គ្រួសារយកទីតាំងលេខV សរុប៤ទីតាំងស្មើ ៣១៧គ្រួសារតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ក្នុងជំនួបនោះលោក ជា សុផារា បាន ឱ្យប្រជាពលរដ្ឋត្រឡប់ទៅវិញ ហើយទៅទីតាំងដែលខ្លួនចង់បាន ដើម្បីក្រសួងចុះទៅវាសឡូ ដើម្បីក្រសួងធ្វើប័ណ្ណកម្មសិទ្ធិ ដីជូនគ្រួសារម្នាក់ៗ ហើយប្រគល់លុយ ជូនប្រជាពលរដ្ឋនិងដីភ្លាម ដី២ហិចតា លុយ៣០០០ដុល្លារ ដោយលោកបានកំណត់ត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងនិងគណៈកម្មការខេត្ត ចុះវាស់ដីនិងប្រគល់លុយជូនប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ជំនួបរវាងទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយតំណាងប្រជាពលរដ្ឋ៣១៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានសេចក្ដីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានជួបជាមួយតំណាងប្រជាពលដ្ឋ ៣១៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ស្ថិតនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ដោយក្រុមការងារមមាញឹកក្នុងការវាស់វែងបែងចែកដីឡូត៍ជូនក្រុមប្រជាពលរដ្ឋ ២០០គ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសឡូត៍រួចរាល់ និងជូនក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ ដែលជិតនឹងបានបញ្ចប់ ក្រុមការងារនឹងបន្ដចាត់ចែងបែកចែកដីឡូត៍សម្រាប់ក្រុមប្រជាពលរដ្ឋ៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋ៩៨គ្រួសារទៀត សរុបចំនួន៥៨៥គ្រួសារ ដែលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ដំណាច់ខែមិថុនានេះ៕ ដោយ ៖ បញ្ញាស័ក្តិ