Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ មិន​ត្រូវ​បំភិតបំភ័យ ឬ​គំរាមកំហែង​ចំពោះ​អ្នក​បោះឆ្នោត​

​ភ្នំពេញ​ ៖ ​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​សុវត្ថិភាព​ល្អ​ប្រសើរ មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ក្នុងពេល​បំពេញ​នូវ​តួនាទី ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ឥត​លម្អៀង និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោ​លក្តី ដើម្បី​បំភិតបំភ័យ ឬ​គំរាមកំហែង​ចំពោះ​អ្នក​បោះឆ្នោត​។​

​ក្រសួងមហាផ្ទៃ និង​គណៈ​កម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​នេះ បាន​ចេញ​សេចក្តីណែនាំ​រួម​ចំនួន​៨​ទំព័រ ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ។​

​ដើម្បី​ធានា​ឲ្យ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពិសេស​ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោត ក្រសួងមហាផ្ទៃ និង​គណៈ​កម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​ធ្វើការ​ណែ​នៃ​ដល់​អាជ្ញាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់​ឲ្យ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន​។​

​កិច្ចការ​ទាំង​នោះ មាន​ជាអាទិ៍ យុទ្ធនាការ ឃោសនាបោះឆ្នោត ការដឹកជញ្ជូន​សម្ភារៈ​បរិក្ខា​បម្រើ​ឲ្យ​ការបោះឆ្នោត និង​ការដឹកជញ្ជូន​ត្រឡប់មកវិញ ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ក្រសួងមហាផ្ទៃ និង​គណៈ​កម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​ទាំងអស់ សូម​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​សុវត្ថិភាព​ល្អ​ប្រសើរ ។ ដើម្បី​បង្កើតឲ្យមាន​បរិយាកា​ស​ជឿទុកចិត្ត​គ្នា​ថែមទៀត ក្នុង​ការរៀបចំ​បោះឆ្នោត មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ក្នុងពេល​បំពេញ​នូវ​តួនាទី​នេះ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ឥត​លម្អៀង ហើយ​មិន​ត្រូវ​បង្ហាញ​នូវ​ការគាំទ្រ ឬ​ប្រឆាំង​ចំពោះ​គណបក្ស​នយោបាយ ឬ​បេក្ខជន​ណាមួយ​ឡើយ ជាពិសេស​ក្នុង​ពេល​បំពេញ​តួនាទី មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ដូចជា មិន​ត្រូវ​ប្រើប្រាស់​ឥទ្ធិពល​នៃ​តួនាទី​របស់​ខ្លួន​ទៅ​លើ​អ្នកបោះឆ្នោត ដែល​នាំឲ្យ​បាត់បង់​សិទ្ធិ​សេរីភាព​នៃ​ការជ្រើ​ស​រើស​របស់​ប្រជាពលរដ្ឋ​ក្នុង​ការបោះឆ្នោត​។ មិន​ត្រូវ​ដកហូត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ មិន​ត្រូវ​សួរ​នាំ​អ្នកបោះឆ្នោត​ក្នុង​គោលបំណង​ដើម្បី​ជះឥទ្ធិពល ឬ​ចង់​ដឹង​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជាសម្ងាត់​របស់​អ្នកបោះឆ្នោត​ឡើយ​។ មិន​ត្រូវ​ជ្រៀតជ្រែក លើ​សិទ្ធិ​អ្នកបោះឆ្នោត​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ដោយ​សេរី ការចូលរួម​ក្នុង​ការពិភាក្សា​ជា​សាធារណៈ ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​នានា ឬ​ការទទួល​ព័ត៌មាន​ដោយ​ពេញលេញ​អំពី​កិច្ចការ​នយោបាយ​ឡើយ​។ មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោ​លក្តី ដើម្បី​បំភិតបំភ័យ ឬ​គំរាមកំហែង​ចំពោះ​អ្នក​បោះឆ្នោត​។ មិន​ត្រូវ​ប្រើ​ពាក្យសំដី​បញ្ឆិត​បញ្ជៀ​ង ឬ​ថ្កោលទោស​បុគ្គល​ណា​ម្នាក់​ដោយ​សារ​ផលប្រយោជន៍ របស់​គណបក្ស​នយោបាយ​ណាមួយ ឬ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×