ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានសេចក្ដីណែនាំ ស្តីពីការពង្រឹងស្ថិរភាព សន្តិសុន សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មកទល់ពេលនេះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សភាពការតាមតំបន់ព្រំដែនក៏មានសភាពស្ងប់ស្ងាត់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប៉ុន្តែសង្កេតឃើញថា នៅមានបាតុភាពកើតឡើងជារឿយៗ ពាក់ព័ន្ធនឹងបទល្មើស និងការចេញចូលឆ្លងព្រំដែនខុសច្បាប់ ដែលជាបច្ច័យអាក្រក់អាចបង្កឲ្យមានអសន្តិសុខ តំបន់ព្រំដែន ប៉ះពាល់ដល់មិត្តភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃកម្ពុជា។
ក្នុងគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងព្រះរាជាណចក្រកម្ពុជា និងប្រទេសជិតខាង ព្រមទាំងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នានាជាអវិជ្ជមាន ក្រសួងមហាផ្ទៃ ដោយដាក់វិធានការចំនួន៤ចំណុច ដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្ដោយព្រំដែន និងអាជ្ញាធរពាក់ព័ន្ធ។
បើតាមសម្ដេចក្រឡាហោម ស ខេង អ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រមូលព័ត៌មានជាប្រចាំថ្ងៃ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ជាពិសេសបទល្មើសឆ្លងដែន អំពើភេរវកម្ម ការជួញដូរដឹកជញ្ជូនអាវុធគ្រឿងផ្ទុះ ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សជួញដូរពលកម្ម ការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់។ ត្រូវពង្រឹងវិធានការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនឲ្យបានហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីច្រកទ្វារព្រំដែន៕ ដោយ៖បញ្ញាស័ក្តិ