ភ្នំពេញ ៖ ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ជាប្រឡាយមេរំដោះជំនន់ទឹកភ្លៀងមួយ ក្នុងចំណោមគម្រោងទាំង៥របស់រដ្ឋបាលរាជធានី ដែលបានដាក់ចេញជាផែនឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចនៅក្នុងរាជធានីភ្នំពេញ។
ក្នុងចំណោមគម្រោងទាំងនេះឃើញថា សម្រាប់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង រដ្ឋបាលរាជធានីស្តារបានកំពុងអនុវត្តន៍យ៉ាងសកម្មផងដែរ ពោលគឺចាប់ ពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ក្រុមកាេងារបានអនុវត្តការងារស្តាប្រឡាយនេះ បានប្រវែង ៣១០ម៉ែត្រហើយ លើប្រវែងប្រឡាយសរុប២០០០ម៉ែត្រ ដើម្បីសំរួលទឹកហូរ ចាប់ពីវត្តតាំងកសាងផ្លូវ១០៥ ភូមិចំកាឪឡឹក១ ភូមិដំណាក់ពិសេស មហាវិថីសហពន្ធ័រុស្សី ព្រលានយន្តហោះពោធិចិនតុង សង្កាត់ចោមចៅ៣និងសង្កាត់កាកាប២ ខណ្ឌពោធិសែន ជ័យ។
គួរបញ្ជាក់ថា ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។
តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង៕ ដោយ៖បញ្ញាស័ក្តិ