ភ្នំពេញ ៖ ស្របគ្នានឹងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ នាថ្ងៃអង្គារ ទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកយុទ្ធនាការ “រួមគ្នាកាត់បន្ថយប្លាស្ទិក” តាមរយៈការបញ្ជ្រាបការយល់ដឹងបរិស្ថាននៅតាមសាលារៀន។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេពេលនេះ រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន បានប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមផ្កូវ រាជធានីភ្នំពេញដោយមានការចូលរួម ពី លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ។
លោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកានាថ្ងៃនេះ ប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន ជាពិសេសការប៉ះពាល់នៃប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពមនុស្ស។ លោកជំទាវបានបញ្ជាក់ដែរថា ការងារសំខាន់របស់យើងទាំងអស់គ្នា គឺរួមគ្នាទទួលខុសត្រូវលើបញ្ហាបរិស្ថាន គប្បីយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាព។
លោកស្រី សឿ សុជាតា មានប្រសាសន៍ថា ការបញ្ជ្រាបការយល់ដឹងនៅតាមសាលារៀន និងគ្រិះស្ថានឧត្តមសិក្សានានា ពិតជាមានសារសំខាន់ណាស់ និងឆាប់បានទទួលជ្រួតជ្រាបដល់សាធារណជន ហើយការកាត់បន្ថយចង់ប្លាស្ទិក គឺផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះប្អូនៗជាយុវជន សិស្សានុសិស្ស គឺជាចលករយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយឱ្យកាន់តែប្រសិទ្ធភាព ។
ក្នុងឱកាសនោះដែរលោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងក្របខ័ណ្ឌសហគមន៍ សង្គមជាតិ តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព ។
ក្នុងឱកាសនោះដែរ លោក ស៊ូ សូវុធ បានលើកទឹកចិត្តដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមី នៅក្នុងប្លាស្ទិក អាចបង្កឱ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ឋអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹក អាចច្រលំថាជាចំណីហើយលេបចូល និងជាតិពុលនេះអាចជ្រៀតចូលទៅក្នុងខ្លួនមនុស្សនៅពេលដែលយើងបរិភោគវាចូលទៅ និង សូមកុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុល ដែលធ្វើឱ្យប៉ះពាល់ស្រទាប់អូហ្សូនយើង ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យ ទិវានេះមាននៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមន្ទីរបរិស្ថាននៅតាមបណ្តារាជធានី-ខេត្ត ធ្វើការសហការជាមួយ អាជ្ញាធរដែនដី និងបំផុសចលនាមហាជនឱ្យរៀបចំព្រឹត្តិការណ៍នេះ ទៅតាមទីតាំងនានា។
សូមបញ្ជាក់ថានៅក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ២០១៨នេះ ក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការ “រួមគ្នាកាត់បន្ថយប្លាស្ទិក”។ យុទ្ធនាការនេះមាន គោលបំណងបំផុសចលនាទូលំទូលាយកាត់បន្ថយប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ