Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​រំជួលចិត្ត​មែន​! បុរស​ឥណ្ឌា​ក្រីក្រ​ម្នាក់ សុខចិត្ត​ជិះ​កង់​ចំងាយ​ជាង ១០.០០០​គីឡូម៉ែត្រ ទៅ​ជួបជុំ​ប្រពន្ធ​នៅ​ស៊ុយ​អ៊ែត​

spot_img

​នេះ​ពិតជា​រឿង​ដ៏​រំជួលចិត្ត​មែន នៅពេល​ដែល​បុរស​ឥណ្ឌា​ដ៏​ក្រីក្រ​ម្នាក់ មិនមាន​អ្វី​សោះ បាន​ទិញ​កង់​ចាស់​មួយ ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទៅ​ជួបជុំ​ប្រពន្ធ​របស់​គាត់​នៅក្នុង​ប្រទេស​ស៊ុយ​អ៊ែត បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល​ជា​យូរ​។ ការធ្វើ​ដំណើរ​ឆ្លង​ទ្វីប​របស់​គាត់​មាន​ចំងាយ​ជាង​ ១០.០០០​គីឡូម៉ែត្រ​។​

តើ​ស្នេហា​ពួកគេ​កើតឡើង​យ៉ាងម៉េច​?

លោក Pradyumna Kumar Mahanandia និង​កញ្ញា Charlotte Von Schedvin បាន​ជួបគ្នា​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​លោក Pradyumna កើត​ក្នុង​គ្រួសារ​ក្រីក្រ ហើយ​ការរស់នៅ​ក្នុង​វ័យ​កុមារភាព និង​យុវវ័យ​របស់គាត់​​មាន​ការលំបាក​ខ្លាំង​។ ក្នុងកំឡុងពេល​យុវវ័យ លោក​បាន​ប្រើប្រាស់​ទេពកោសល្យ​របស់គាត់​គូរ​គំនូរ​​នៅតាម​ដងផ្លូវ​ ក្នុង​ទីក្រុង​ដេលី ដើម្បី​ចិញ្ជឹមជីវិត​។ ពេល​នោះ​ហើយ ដែល​គាត់​បាន​ជួប​កញ្ញា Charlotte ដែលជា​អ្នកទេសចរ​មក​ពី​ប្រទេស​ស៊ុយអ៊ែត​។​

​នៅពេល​ជួប​កញ្ញា​លើកដំបូង លោក Pradyumna បាន​សួរ​នាង​ពី​នេះ​ពី​នោះ​យ៉ាង​ច្រើន​។ សួរ​ពី​ចំណង់​ចំណូលចិត្ត សួរ​ពី​សញ្ញា​នៃ​ឆ្នាំ និង​អ្វីៗ​ជាច្រើន​ទៀត ហើយ​លោក ក៏​បាន​និយាយប្រាប់​នាង​​ថា សញ្ញា​នៃ​ឆ្នាំ​របស់​នាង​គឺ​ត្រូវ​គ្នា​ជាមួយ​គាត់​ទាំងអស់ ដូច្នេះ​មានន័យថា អ្នក​នឹង​ក្លាយជា​ប្រពន្ធ​របស់​ខ្ញុំ​។​

​នៅពេល​ជួប​គ្នា​ជា​លើក​ទី ២ ពួកគេ​បាន​ចាប់ចិត្ត​ស្រឡាញ់គ្នា ហើយ​ពួកគេ​ក៏​បាន​រៀបការ​តាម​ប្រពៃណី​ឥណ្ឌា នៅ​ភូមិ​របស់​លោក​តែម្តង​។​

ការ​បែក​គ្នា​

​ក្រោយពេល​រៀបការ​មិនបាន​ប៉ុន្មាន ស្ត្រី Charlotte ត្រូវ​ត្រឡប់​ទៅ​ប្រទេស​នាង​វិញ​។ នាង​ស្ទាក់​ស្ទើរនឹង​ចាកចេញ​ទៅ​ណាស់ ប៉ុន្តែ​ប្តី​នាង​បាន​ប្រាប់​នាង​ថា គាត់​នឹង​ទៅ​ជួប​នាង​នៅ​ទីនោះ​​ឆាប់ៗ​។​

​អ្នក​ទាំង​ពីរ​រស់នៅ​បែក​ពី​គ្នា​អស់​រយៈពេល ១៦​ខែ ហើយ​ក្នុង​កំឡុង​ពេល​នោះ ពួកគេ​ទាក់ទង​គ្នា​តាមរយៈ​សំបុត្រ​។ លោក Pradyumna បាន​ដឹង​ច្បាស់​ខ្លួនឯង​ថា គាត់​មិន​អាច​រស់នៅ​ដោយ​គ្មាន​​ប្រពន្ធ​គាត់​បាន​ទេ និង​មាន​គំរោង​ទៅ​ជួប​ប្រពន្ធ​គាត់​នៅ​ស៊ុយអ៊ែត​។​

​គាត់​បាន​សម្រេចចិត្ត​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ប៉ុន្តែ​គាត់​នៅតែ​មិនមាន​លុយ​គ្រប់​ដើម្បី​​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ស៊ុយអ៊ែតដ​ដែល ប៉ុន្តែ​គាត់​អាច​ទិញ​កង់ចាស់​មួយ​តម្លៃ ៦០​រូ​ពី (០,៩១​ដុល្លា​អា​មេ​រិច​) ដើម្បី​ជិះ​ទៅ​ជួប​ប្រពន្ធ​គាត់​។​

​ការធ្វើ​ដំណើរ​ដោយ​កង់​

​ការធ្វើដំណើរ​របស់​គាត់​បានចាប់ផ្តើម នៅ​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ១៩៧៧ ហើយ​ការធ្វើ​ដំណើរ​ពី​ឥណ្ឌា​​ទៅ​ស៊ុយអ៊ែត នឹង​ត្រូវ​ចំណាយពេល ៥​ខែ​។ ជា​រៀងរាល់ថ្ងៃ គាត់​ជិះ​កង់​ចំងាយ ៧២​គីឡូម៉ែត្រ​។ មុន​ពេល​គាត់​បាន​ជួបជុំ​ប្រពន្ធ​គាត់ គាត់​បាន​ធ្វើដំណើរ​អស់​ចំងាយ​ផ្លូវ ៩៦៥៦​គីឡូម៉ែត្រ​។​

​នៅពេលនោះ ប្រទេស​ជាច្រើន​មិន​តម្រូវឲ្យ​មាន​ទិ​ដ្ឋការ ដើម្បី​ចូល​ប្រទេស​គេ​នោះទេ ប៉ុន្តែ​នៅពេល​​គាត់​បាន​ទៅ​ដល់ ស៊ុយអ៊ែត មន្ត្រី​អន្តោប្រវេសន៍​មិន​ឲ្យ​គាត់​ចូល ដោយសារ​អាជ្ញាធរ​នៅ​ទី​នោះ​មិន​ជឿ​​លើ​រឿង​របស់​គាត់​។​

​តែ​សំណាងល្អ ប្រពន្ធ​របស់​គាត់​បាន​បញ្ជាក់ប្រាប់​អា​ជ្ញាធរ ហើយ​ចុងក្រោយ​ពួកគេ​បាន​ឲ្យ​គាត់​ចូល និង​បាន​ជួបជុំ​ជាមួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់គាត់​។​

​លោក Pradyumna ក៏​បាន​គេ​សួរថា តើ​យុវវ័យ​សម័យ​ឥឡូវ អាច​ធ្វើដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​​មួយ​ដោយ​ប្រើ​កង់​បាន​ដូច​លោក​ទេ​? លោក​ថ្លែងថា “​ពិតណាស់ ប្រសិន​ជា​អ្នក​មាន​ឆន្ទៈ អ្វីៗ​ក៏​អាច​ធ្វើ​បាន​ដែរ​។ ពិតណាស់ ការធ្វើ​ដំណើរ​នោះ​ពិតជា​លំបាក​ណាស់ ប៉ុន្តែ​វា​នៅតែ​អាច​ទៅរួច​។ ការភ័យខ្លាច​គឺ​ជា​សត្រូវ​ដ៏​ធំ​របស់​ពួកយើង ហើយ​វា​ក៏​អាច​ធ្វើឲ្យ​ជីវិត​យើង​ស្មុគស្មាញ​ផងដែរ​”៕ សុភ័ក្ត្រ

 

spot_img
×