Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន មន្ត្រីនគរបាល​ម្នាក់​ឆបោក​ក្រុម​អ្នកវិនិយោគ​ថៃ ជាង​២​លាន​ដុល្លារ​

​ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ប៊ុន ធី កាលពី​ថ្ងៃ​ទី​៤​ខែមិថុនា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន មន្ត្រី​នគរបាល​​ម្នាក់ ដែល​បាន​ក្លែង​តួនាទី​ជា​ទីប្រឹក្សា ឆបោក​ក្រុម អ្នកវិនិយោគ​ជនជាតិ​ថៃ អស់​ប្រាក់​ជាង​២​លាន​ដុល្លារ ក្រោមរូបភាព​ថា យក​ប្រាក់​នេះ​មក​វិនិយោគ​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​មន្ត្រីនគរបាល ទីកន្លែង​កំណើត​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥៩​អា​យ ផ្លូវ​លេខ​២០៩​បេ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ជននេះ ត្រូវដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​” ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែក​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣២១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​។ តុលាការ​បាន​ចេញ​ដីការ​បង្គាត់​ឲ្យចូល​ខ្លួន​ម្តង​រួច​មក​ហើយ​តែ​ជន​ត្រូវ​ចោទ​មិន​បាន​មក​តាម​ការកំណត់​របស់​តុលាការ​នោះទេ​។ តំណាង​អយ្យការ​បាន​ឯកភាព​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីការ​បង្គាត់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ តាម​នីតិវិធី​។ ដូច្នេះ​សម្រេច​បង្គាប់​ឲ្យ​ចាប់ជន​ត្រូវ​ចោទ​រូបនេះ និង​បាន​បញ្ជា​ឲ្យ​កងកម្លាំង​សាធារណៈ ស្រាវជ្រាវ​រក​ចាប់ខ្លួន និង​នាំ​ខ្លួន​ឈ្មោះ​នេះ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​បុគ្គល​ខាងលើនេះ​ធ្លាប់​ត្រូវបាន លោក​ស៊ិន វិរៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លងទៅ បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​លើ​ករណី គំរាម​ថា​នឹង​សម្លាប់ បរិហារ​បង្កាច់​កេរ្តិ៍ ប្រើប្រាស់​ឯកសារ​ក្លែង និង​ឆបោក​ប្រាក់ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សិទ្ធិ​សាក់ មហា​សិទ្ធី​វ៉ាដ ដែល​តំណាង​ឲ្យ​ក្រុម​អ្នកវិនិយោគ​ជនជាតិ​ថៃ​។​

​បើ​តាម​អ្នកវិនិយោគ​ជនជាតិ​ថៃ បានឲ្យដឹងថា បុគ្គល​ខាងលើនេះ ក៏​កំពុង​រង​ពាក្យបណ្តឹង​ពី​អ្នកវិនិយោគ​ជនជាតិ​ថៃ​ផ្សេង នៅ​ប្រទេស​ថៃ ហើយ​តុលាការ​នៅ​ប្រទេស​ថៃ ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​បុគ្គល​នេះ​ផងដែរ​។​

​ក្រុម​អ្នកវិនិយោគ​ថៃ បាន​ធ្វើ​ការអំពាវនាវ​ដល់​សាធារណជន បើសិនជា​បានឃើញ​បុគ្គល​រូបនេះ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ផង ពួកគេ​នឹង​ជូន​ជា​សា​គុណ​ជា​ទឹកប្រាក់​ជា​ច្រើន​គួរ​ជាទី​គាប់ចិត្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

×