មុននេះមិនយូរប៉ុន្មានរឿងរ៉ាវស្នេហារបស់យុវជនត្រកូលលីវ ជាមួយភរិយារបស់ខ្លួនត្រកូល លីន បានធ្វើឲ្យសាធារណមតិចិនរំជើបរំជួល ស្រក់ទឹកភ្នែកមិនតិចឡើយ ប៉ុន្តែឥឡូវ ការពិតត្រូវបានលាតត្រដាងធ្វើឲ្យមនុស្សទាំងឡាយស្រែកថា ៖ “មនុស្សអើយមនុស្សពិតជាគួរឲ្យខ្លាចណាស់”។
រំលឹកពីរឿងចាស់បន្តិច ៖ លោកលីវ និងនាងលីន ស្គាល់គ្នាតាមបណ្តាញសង្គម ហើយក៏រួមរស់នៅជាមួយគ្នារួមគ្នាបើកហាងលក់នំមួយ ។ “សុភមង្គល” របស់ពួកគេទាំងពីអូសបន្លាយមិនបានយូរប៉ុន្មានផង នាងលីនក៏ជួបគ្រោះថ្នាក់រងរបួសខួរក្បាលក្លាយជាមនុស្សរុក្ខជាតិ ។ ពីនោះមកលោកលីវតែងនៅក្បែរភរិយាខ្លួនថែទាំយ៉ាងម៉ត់ចត់ មិនដែលឃ្លាត ទោះបីវេជ្ជបណ្ឌិតនិយាយថា នាងលីវពិបាកនឹងវិលត្រឡប់នឹងមកស្ថានភាពដើមវិញណាស់ ។
បុរសត្រកូលលីវ មិនដែលរអ៊ូរទាំង មិនខ្លាចនឿយហត់ ម្យ៉ាងទៀតការថែទាំមនុស្សរុក្ខជាតិគឺពិបាកណាស់ការធ្វើអនាម័យ ប្តូរកន្ទប ច្របាច់ដៃជើង ។ល។ លើសពីនេះទៀតគាត់បានខ្ចីលុយពីសាច់ញាតិបងប្អូនដើម្បីមើលថែជំងឺភរិយា ។
…កន្លះឆ្នាំក្រោយមក នាងលីន ចាប់ផ្តើមដឹងខ្លួនវិញបន្តិចម្តងៗ ស្រាប់តែអ្វីៗដែលធ្លាប់មានពីមុនក៏វិវឌ្ឍន៍ប្រែប្រួលទាំងស្រុងដែរ ក្រោយពេលដឹងវិញ “ស្វាមី” នាំមកផ្ទះដើម្បីថែទាំ ។ ដំបូងឡើយឪពុកម្តាយរបស់នាងលីន ស្ងប់ចិត្ត ព្រោះសង្កេតឃើញកូនប្រសារថែទាំកូនស្រីរបស់ខ្លួនបានយ៉ាងល្អ ពោរពេញដោយក្តីស្រឡាញ់ ។
ទោះយ៉ាងណាសញ្ញាមួយចំនួនមិនប្រក្រតី បានធ្វើឲ្យឪពុកម្តាយនាងលីន ចាប់ផ្តើមខ្វាយខ្វល់ ។ ពួកគេទាំងពីរទ្រាំលែងបាននៅពេលដែលពួកគេចង់ទៅសួរសុខទុក្ខកូនស្រីស្រាប់តែបុរសត្រកូលលីវ រារាំងមិនឲ្យជួប ហើយពួកគាត់ចង់ជួយសម្រាលការលំបាករបស់កូនប្រសារដោយយកកូនស្រីមកនៅផ្ទះដើម្បីពួកគាត់មើលថែ ក៏ដាច់ខាតបុរសត្រកូលលីវ ពុំយល់ព្រម ហើយសម្តែងអាកប្បកិរិយាខឹងសម្បារយ៉ាងខ្លាំងដោយគ្មានមូលហេតុ ។
រហូតដល់ពេលមួយនោះក៏ផ្ទុះជម្លោះជុំវិញរឿងចង់យកកូនស្រីយកមកផ្ទះ ហើយរងការបដិសេធខ្លាំងៗ ពួកគាត់ក៏ពឹងពាក់សមត្ថកិច្ចធ្វើអន្តរាគមន៍ដើម្បីយកនាងមកផ្ទះវិញ ។
មិនយូរប៉ុន្មានក្រោយមក បុរសត្រកូលលីវ ក៏បាត់ស្រមោលឈឹង សាច់ញាតិក៏មានការងឿងឆ្ងល់ ប៉ុន្តែឪពុកម្តាយនាងព្រោះតែរវល់មើលថែកូនស្រី ពុំចាប់អារម្មណ៍ដល់រឿងទាំងនេះឡើយ ។
រហូតដល់ពេលដែលនាងលីន មានការជាសះគ្រាន់បើជាងមុនអាចនិយាយបាន ទើបរឿងពិតដែល “លើសពីសាហាវ” ត្រូវបានបំភ្លឺ ។
តាមពិតទៅតាមសម្តីរបស់នាងលីន នោះគ្រោះថ្នាក់ដែលកើតឡើងចំពោះនាងគឺបង្កឡើងដោយស្វាមីរបស់នាងតែម្តង ។ ថ្ងៃនោះដោយធ្វេសប្រហែស នាងបានធ្វើឲ្យឆេះនំប៉័ងមួយកញ្ច្រែង ហើយបុរសត្រកូលលីវ ជាស្វាមីផ្ទុះកំហឹង ពេលនោះកំពុងកាន់ឧបករណ៍សម្រាប់លញ់ម្សៅ សំពងចំក្បាលនាងតែម្តង ហើយពីនោះមកនាងក៏លែងដឹងខ្លួន ។
ក្រោយពីដឹងរឿងថា កូនប្រសាររបស់ខ្លួន ដែលមុននោះត្រូវបានលើកតម្កើងថា ជាស្វាមីរកគ្មាន ឥឡូវលេចមុខមាត់ពិតគឺជាឃាតករប៉ងសម្លាប់ប្រពន្ធ ពួកគេសម្រេចចិត្តប្តឹងប៉ូលិស ចំណែកនាងត្រកូលលីនវិញក៏បានបញ្ជាក់ប្រាប់បន្ថែមថា ៖ ពេលនាងដឹងខ្លួននៅមន្ទីរពេទ្យភ្លាម បុរសត្រកូលលីវ បានគំរាមខ្លាំងៗថា ៖ “បើហ៊ាននិយាយចេញ ខ្ញុំនឹងសម្លាប់មួយពូជនាងតែម្តង” ។ ហេតុនេះនាងក៏ធ្វើពុតជាឡប់ៗដើម្បីរង់ចាំឱកាសប្រាប់ឪពុកម្តាយនាង ៕ លីសា