ព្រះសីហនុ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបញ្ជូនអ្នកបើកបររថយន្តជនជាតិចិន ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលអោយមានមនុស្សរងរបួសធ្ងន់១ករណី ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់។
គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយជនជាតិចិនរូបនេះ កើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៧ – ១៥៨ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោយបានរកឃើញកំហុសឆ្គង របស់ ជនជាតិចិន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍នាំអោយជនជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់ធ្ងរនោះ បច្ចុប្បន្នជនបង្ករូបនេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ អនុវត្ដនីតិវិធីបន្ត។
លោក អ៊ី សុខា បន្តថា នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ជនជាតិចិនខាងលើមាន ឈ្មោះ HAO LAlPING អាយុ ៤២ឆ្នាំ ជាវិស្វករសំណង់ មកធ្វើការនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានអោយថា គ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើងលើផ្លូវជាតិ លេខ៤ ចន្លោះ គីឡូម៉ែត្រ ១៥៧.១៥៨ ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ កាលពីម៉ោង ១.៣៩នាទី រសៀលថ្ងៃ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា គឺរថយន្តម៉ាក High lander ពណ៌ស្ក ស្លាកលេខភ្នំពេញ 2AG 0114 មានទិសដៅទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ HAO LAIPING ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ បានបុកប៉ះជាមួយរថយន្តម៉ាក High Landerពណ៌ស្លែ ស្លាកលេខភ្នំពេញ2AQ 3136 បើកបរដោយឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិ ព្រៃព្រីង សង្កាត់ចោមចៅ ភ្នំពេញ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ NGUYENXUANBINH ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរងរបួសធ្ងន់។
ព្រមគ្នានេះ លោក អ៊ី សុខា បានអំពាវនាវ ដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានទាំងអស់គ្នា មានន័យថា ទាំងជនបរទេស និងជនជាតិខ្មែរត្រូវគោរពច្បាប់ចរាចរណ៍អោយបានជាប្រចាំ។ លោក អ៊ី សុខា បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ ជនបង្កគ្រោះថ្នាក់ចរាចរណ៍នាំអោយប៉ះពាល់ដល់អាយុជីវិត និងរបួសមនុស្សនឹងត្រូវបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់អោយបានធ្ងន់ធ្ងរ។ ជាក់ស្តែងលោកថា កន្លងមកសមត្ថកិច្ចតែង បានបញ្ជូនជនជាតិចិន ដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ទៅតុលាការផ្តន្ទាទោស ដែលផ្ទុយពីពាក្យចោទប្រកាន់ ដែលថា សមត្ថកិច្ចនគរបាល មិនបានអនុវត្តនីតិវិធីច្បាប់ទៅលើជនជាតិចិន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវសាធារណៈនាពេលកន្លងមក៕ ដោយ៖ ដែនសីមា