Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបចំនួន ៨២ ៤១៨ ១២៥ ដុល្លារ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល​ ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។

នៅទីស្ដីការក្រសួង នាថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារ ដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់ តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុល លើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យា ពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×