ការមានជីវិតរស់នៅ ពិតជាខ្លីណាស់ និងប្រែប្រួលលើសពីយើងគិតទៅទៀត គ្មានអ្នកណាម្នាក់ដឹងឡើយថា ថ្ងៃស្អែកនេះ យើងនឹងជួបអ្វីខ្លះ? ដូច្នេះ ការរស់នៅក្នុងភាពប្រយ័ត្នប្រយែង មិនធ្វេសប្រហែស គឺជារឿងដែលយើងត្រូវយកមកដាស់តឿនស្មារតី និងចិត្តខ្លួនឯងជាប់ជានិច្ច ដើម្បីកុំឱ្យមកអង្គុយនឹកស្ដាយក្រោយជាមួយអ្វីដែលកន្លងផុតទៅ។ ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ ព្រោះគ្មានអ្នកណាទ្រាំរស់នៅរួមសុខទុក្ខជាមួយយើង បានខ្លាំងជាងខ្លួនរបស់យើងហ្នឹងឡើយ។
នៅពេលដែលសេចក្ដីសុខ និងសេចក្ដីទុក្ខទាំងឡាយស្ថិតនៅលើខ្លួនយើងជាអ្នកកំណត់ ចូរសាកល្បងមកស្ដាប់ចំណុចរិះគិតល្អៗ ចំណុចដាស់តឿនសតិស្មារតី និងចិត្តខ្លួនឯងបន្តិចទៅមើលថា តើថ្ងៃនេះ យើងបានស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយឬនៅ?
១-មើលថែទាំរាងកាយ ឱ្យប្រៀបដូចថា យើងត្រូវពឹងពាក់លើវា ១០០ឆ្នាំទៀតអ៊ីចឹង!
ការប្រើប្រាស់រាងកាយយ៉ាងខ្ជះខ្ជាយ ជាពិសេសការធ្វើការងារយ៉ាងធ្ងន់ធ្ងរហួសប្រមាណ វាហាក់ដូចជាមិនរួចខ្លួនសោះ ពេលប្រៀបធៀបនឹងផលខូចខាតដែលទទួលបានមកវិញ។ មនុស្សជាច្រើនយល់ឃើញថា រឹតតែរកប្រាក់បានច្រើនប៉ុនណា ក៏នឹងរឹតតែមានសេចក្ដីសុខច្រើនប៉ុននោះដែរ…តែ វាជាការពិតតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះថា បើមិនចេះថ្នាក់ថ្នមថែទាំរាងកាយខ្លួនឯងទេនោះ បើមិនឆាប់ស្លាប់ ក៏រស់នៅយ៉ាងលំបាកវេទនានៅពេលចាស់ទៅដែរ។ កុំភ្លេចថា រឹតតែអាយុច្រើន សភាពរាងកាយរឹតតែចុះខ្សោយ តឱ្យរកប្រាក់បានច្រើនប៉ុនណា ក៏ត្រូវទៅអស់លើការព្យាបាលជំងឺតម្កាត់ ឬទ្រាំទ្រនឹងទុក្ខលំបាកជាមួយរាងកាយដែលមិនសមប្រកបដែរ។ ដូច្នេះ តើវានឹងមានសេចក្ដីសុខមែនឬ?
២-ដើរលេងកម្សាន្តឱ្យបានច្រើនបំផុត មុនពេលដែលខ្លួនឯងទៅលែងរួច
ការចេញទៅដើរលេងកម្សាន្ត គឺជាការស្វែងរកទាំងបទពិសោធ និងសេចក្ដីសុខ អាចនិយាយបានថា ជាអំឡុងពេលមួយដែលមានតម្លៃខ្លាំងបំផុតក្នុងអំឡុងពេលទាំងមូលនៃជីវិត។ បើសិននៅមានឱកាសបានដើរលេងកម្សាន្ត និងបច្ច័យផ្សេងៗនៅតែអំណោយផលឱ្យដើរកម្សាន្តបាន ដូចជា មានប្រាក់ មានពេលវេលា និងអាយុនៅទៅរួច ចង់ទៅដើរលេងកម្សាន្តនៅទីណា ចូរប្រញាប់ទៅចុះ កុំរវល់តែគិតថា ចាំដល់ពេលផុតបន្ទុកតួនាទី ឬចាំពេលវ័យចូលនិវត្តន៍សិនឱ្យសោះ ព្រោះដល់ពេលនោះ វានឹងលែងសប្បាយហើយ រាងកាយមិនបានអំណោយផលឱ្យអាចដើរទៅណាមកណាឆ្ងាយៗបានទៀតហើយ និងដែលសំខាន់ អាចមិនបាននៅយូរគ្រប់គ្រាន់ ល្មមនឹងបានទៅដើរលេងក្នុងវ័យនោះទៀតផងក៏៏មិនដឹង?។
៣-ពេលវេលា និងឱកាស ជារបស់មានតម្លៃ កុំបដិសេធវាឱ្យសោះ
ដឹងដែរតើមែនទេ? ថា ពេលវេលា និងឱកាសល្អៗ មិនមែនចេះតែមានចូលរកយើងរាល់ថ្ងៃនោះទេ កុំគិតថា ឈប់សិន កុំអាលអី ទុកចាំថ្ងៃស្អែក សឹមធ្វើក៏បានឱ្យសោះ ព្រោះយើងអាចនឹងលែងបានប៉ះពាល់ ឬជួបនឹងឱកាសនោះទៀតក៏អាចថាបានដែរ។ លុះពេលអស់ឱកាស ក៏មកអង្គុយស្រក់ទឹកភ្នែកសោកស្ដាយ ខូចចិត្ត ថែមទាំងខាតពេលវេលាទៀតផង។ ដូច្នេះ អ្វីដែលគិតថាសំខាន់ មានតម្លៃ ឬមិនអាចខកខានបាន កុំបណ្ដោយឱ្យវារបូតពីដៃ ចូរស្វាគមន៍គ្រប់ឱកាសដែលចូលមក ទោះតិច ឬច្រើន មិនសំខាន់ឡើយ សំខាន់នៅត្រង់ថា កុំឱ្យមកអង្គុយគិតវិលវល់នៅក្នុងខួរក្បាលនៅពេលក្រោយថា “ដឹងចឹង កាលណោះគួរតែ…ឱ្យហើយ”
៤-ចង់ប្រាប់អ្វីទៅអ្នកណា ក៏ប្រាប់គេភ្លាមទៅ
តាមរយៈចំណុចខាងលើ ពេលវេលា និងឱកាសជាវត្ថុមានតម្លៃ ពេលវាមកដល់ហើយ កុំបណ្ដោយឱ្យរបូតពីដៃ ដូច្នេះហើយ អ្វីដែលនិយាយបាន ធ្វើបាន នៅក្នុងពេលនោះ ឱកាសនោះ ក៏ធ្វើវាទៅ! យើងគ្មានផ្លូវនឹងដឹងឡើយថា តើយើងនឹងនៅមានជីវិតបានយូរប៉ុនណាទៀតនោះទេ។ បើរវល់តែពន្យារពេល បើមិនរូបយើង ក៏រូបគេ ខាងណាម្នាក់ដែរ អាចនឹងលែងមានជីវិតបាត់ទៅហើយក៏អាចថាបានដែរ។ មនុស្សយើងមានឱកាសបានបង្ហាញពីអារម្មណ៍ដ៏ពិតប្រាកដ ហើយអ្នកម្ខាងទៀតមានឱកាសបានទទួលដឹងពិតប្រាកដ ក៏នៅពេលដែលនៅមានខ្យល់ដង្ហើមតែប៉ុណ្ណោះ។
៥-ជ្រើសរើសគូជីវិតយ៉ាងល្អិតល្អន់ និងប្រយ័ត្នប្រយែង
ប្រហែលជាធ្លាប់បានឮភាសាអ្នកស្រុកគេតែងនិយាយហើយថា “បានប្ដី ឬបានប្រពន្ធខុស ពិបាកចិត្តទាល់តែស្លាប់ខ្លួន”។ អតីតគូជីវិតជាច្រើនគូ បានពិសោធឱ្យឃើញរួចហើយថា វាជារឿងពិត។ ដូច្នេះ កុំប្រញាប់រៀបការ ឬរស់នៅជាមួយអ្នកណាអស់មួយជីវិត ដោយមិនទាន់បានសម្រេចចិត្តឱ្យហ្មត់ចត់ល្អិតល្អន់ ឬយ៉ាងប្រយ័ត្នប្រយែងឱ្យសោះ។ កុំឱ្យភាពលង់ឈ្លក់វង្វេង មកបិទបាំងការពិតឱ្យសោះ…កុំកាត់បន្ថយជម្រើស ដោយគ្រាន់តែចង់មានស្វាមីឱ្យសោះ…កុំត្រឡប់ទៅរកសង្សារចាស់វិញ… ដោយសារតែអផ្សុកឱ្យសោះ…កុំបំផ្លាញខ្លួនឯង ឱ្យនឿយហត់ខ្លាំងជាងមុន ព្រោះតែមនុស្សដែលមិនចេះជួយគាំទ្រគ្នាទៅវិញទៅមកឱ្យសោះ៕