ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលថ្មីៗនេះ បុរសជាឪពុកម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Boun Pheara បានបង្ហោះសារ និង Live វីដេអូបង្ហាញការឈឺចាប់ខ្លាំងបំផុត បន្ទាប់ពីកូនស្រីរបស់គាត់អាយុជាង២ឆ្នាំ កំពុងពេញស្រលាញ់ បានបាត់បង់ជីវិតយ៉ាងស្រស់ៗដែលស្ទើរតែមិនអាចទទួលយកបាន ដោយគាត់បានអះអាងថា គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា មិនអើពើពិនិត្យព្យាបាលសូម្បីបន្តិចឡើយ ដោយគ្រាន់តែឲ្យថ្នាំលេប រួចដេញទៅផ្ទះវិញ។
តែយ៉ាងណាមិញ ក្រោយរឿងនេះបានផ្ទុះឡើងកក្រើក ខណៈមហាជន ជាពិសេសអាណាព្យាបាលជាច្រើន ដែលពួកគាត់ធ្លាប់ទទួលបទពិសោធន៍ដ៏ឈឺចាប់ដូចគ្នានេះ បានទម្លាយចេញឲ្យដឹងពីចរិតគ្រូពេទ្យមួយចំនួន គឺសំដីដាក់ពួកគាត់ឪពុកម្តាយដូចជះអាចម៌ និងមិនយកចិត្តទុកដាក់មើលដូចកាលពីមុននោះទេ ខាងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានចេញលិខិតធ្វើការបកស្រាយរៀបរាប់បានយ៉ាងល្អ ដោយបានបញ្ជាក់ថា បុគ្គលិកពេទ្យនៅទីនោះ បានជួយពិនិត្យមើលត្រឹមត្រូវដោយថាមិនមានរោគសញ្ញាអ្វីនោះទេ និងខិតខំជួយសង្គ្រោះជីវិតក្មេងស្រីរងគ្រោះអស់ពីកម្លាំងកាយចិត្ត និងបានសន្និដ្ឋានថា ក្មេងស្រីនោះបានបាត់បង់ជីវិតយ៉ាងលឿនបែបនេះត្រឹម ២៤ ម៉ោង គឺអាចបណ្តាលមកពីករណីជំងឺផ្សេង ដែលហៅថា Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant។
ទោះជាយ៉ាងណា ក្រោយឃើញខាងមន្ទីរពេទ្យ បានធ្វើការបកស្រាយថា បានជួយពិនិត្យមើលយ៉ាងយកចិត្តទុក និងខិតខំជួយសង្គ្រោះអស់ពីសមត្ថភាព បានធ្វើឲ្យពួកគាត់ជាឪពុកម្តាយ ជាយាយក្មេងស្រីរងគ្រោះ សម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង។
ពិតណាស់ហើយ ដោយចៅស្រីបានទៅបានសុខ ហើយក៏មិនចង់ឈ្នះចាញ់អ្វី តែគាត់ជាយាយបង្កើតដែលបានយកចៅទៅផ្ទាល់ សូមចេញមុខនិយាយការពិតឲ្យបងប្អូនមហាជនបានដឹងថា ដោយអស់សង្ឃឹមនឹងមន្ទីរពេទ្យឯកជនជាច្រើនកន្លែង គាត់ក៏បានសម្រេចចិត្តយកចៅស្រី ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជំនាញខាងកុមារ។ គាត់បានរៀបរាប់ការពិតបន្តថា នៅពេលទៅដល់ គាត់ត្រូវរង់ចាំចាប់លេខអស់រយៈពេលជិត២ម៉ោង ទម្រាំបានចូល។ ប៉ុន្តែ អ្វីដែលគួរឲ្យខកចិត្តបំផុតនោះ គឺពេលបានចូល បែរជាគ្រូពេទ្យ មិនឲ្យចូលបន្ទប់ដើម្បីពិនិត្យទេ ដោយឲ្យគាត់ទុកចៅស្រីនៅកៅអីរង់ចាំខាងក្រៅ និងគ្រាន់តែសួរនាំប្រើសំដីដ៏គំហកៗថា «តើឈឺប៉ុន្មានថ្ងៃ! កម្តៅឡើងប៉ុន្មាន! និងគីឡូប៉ុន្មាន!!» ប៉ុណ្ណោះ ដែលសូម្បីយកដៃប៉ះចៅរបស់គាត់ក៏គ្មានដែរ តើចំណុចត្រង់ណាដែលថាបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់? សូមបញ្ចេញកាមេរ៉ាមក!!។
ស្រ្តីជាយាយ ក៏បានឲ្យដឹងថា គ្រាន់តែសួរនាំជាមួយសម្តីដ៏គំរោះគំរើយរួច គ្រូពេទ្យសម្តីដ៏អាក្រក់នោះ បានឲ្យថ្នាំយកទៅលេប ដោយប្រាប់ថា «មិនអីទេ» ដែលធ្វើឲ្យគាត់នាំចៅចេញមកផ្ទះវិញទាំងឆ្អែតចិត្តបំផុត ព្រោះលើកដៃសំពះអង្វរសុំពេទ្យជួយពិនិត្យជួសឈាមមើល ខ្លាចក្រែងចៅកើតជំងឺគ្រុនចាញ់ តែបែរជាពេទ្យមិនអើពើបែបនេះទៅវិញ។ គាត់ក៏បាននិយាយថា បើពេទ្យបានពិនិត្យប៉ះចៅគាត់តែបន្តិច ក៏គាត់អស់ចិត្តដែរ តែនេះគ្មានសោះតែម្តង។
ជាមួយគ្នានេះ គាត់តំណាងឲ្យអាព្យាបាលទាំងអស់ ក៏សូមអំពាវនាវទៅដល់គ្រូពេទ្យមិនថានៅគន្ធបុប្ផា ឬមន្ទីរពេទ្យដទៃ មេត្តាជួយពិនិត្យមើលជំងឺក្មេងៗដែលកំពុងស្វែងរកការសង្គ្រោះជីវិត ដោយការយកចិត្តទុកដាក់ពេញបេះដូងផង ព្រោះពេទ្យក៏មានកូន មានចៅដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










