ភ្នំពេញ៖ កុដិចំណាស់មួយខ្នងត្រូវបានបានអគ្គីភ័យលេបត្របាក់ឆាបឆេះ បំផ្លាញម៉ូតូពីរគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀតនៅក្នុកុដិ។
ការឆាបឆេះនេះ បានផ្អើលដល់ព្រះសង្ឃនិងកូនសិស្សកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចកុដិចំណាស់អត់លេខមួយខ្នង ស្ថិតក្នុងវត្តទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ សេង ហុង អាយុ២៤ឆ្នាំ ជានិសិត្សឆ្នាំទី៤នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំកាដូង ស្នាក់នៅកុដិកើតហេតុ មានស្រុកំណើរនៅស្រុកបាធាយ ខេត្តកំពង់ចាម បានរៀបរាប់ថា រូបគាត់បានមកស្នាក់នៅក្នុងវត្តនេះអស់រយៈពេលជាង៣ឆ្នាំមកហើយៗ កុដិកើតហេតុខាងលើនេះ គឺមានតែរូបគាត់និងបុរសម្នាក់ទៀតដែលជានិសិត្សដូចគ្នាមកស្នាក់នៅក្នុងវត្តខាងលើនេះដែរ។
ប្រភពបន្តថា នៅមុនពេលកើតហេតុរូបគាត់ទាំងពីរនាក់បានមកពីរៀនហើយក៏បានយកម៉ូតូចំនួនពីរគ្រឿងដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ និងមួយគ្រឿងទៀតម៉ាក ZOOMER-X ស៊េរី២០១៨ ដែលជារបស់ពួកគាត់យកទៅទុក នៅក្នុងកុដិកើតហេតុហើយក៏បានចាក់សោទ្វារចោល រួចក៏នាំគ្នាទៅសំរាកនៅជាន់ទី១ដូចសព្វដងជាធម្មតា។ លុះដល់វេលាកើតហេតុ ខណៈពេលដែលពួកគាត់កំពុងតែដេកលងលក់ក៏ស្រាប់តែឮសំលែងផ្ទុះនិងមានផ្សែងខ្មួរខ្មាញ់ចេញពីជាន់ក្រោមដែលជាបន្ទប់ដាក់ម៉ូតូរបស់ពួកគាត់។ បន្ទាប់មករូបគាត់ក៏ចុះមកមើលស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះបន្ទប់នោះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះពួកគាត់ក៏បានស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលព្រះសង្ឃដែលគង់នៅវត្តនិងកូនសិស្សនាំគ្នាទាញតុយយូទឹកបាញ់ពន្លត់អស់រយះពេលជាងមួយម៉ោងទើបរលត់ ទៅវិញជាស្ថាពរដោយមិនរំខាន់ដល់រថយន្តពន្លត់អគ្គីភ័យនេះទេ ។
ហេតុការណ៍អគ្គីភ័យឆាបឆេះកុដិខាងលើគឺបង្កអោយម៉ូតូពីរគ្រឿង និងរបស់មួយចំនួនតូច រួមទាំងបន្ទាប់ជាន់ផ្ទាល់ដីដែលមានទំហំប្រមាណ ៤ម៉ែត្រគុណនិង៧ម៉ែត្ររងការខូចខាតឆេះអស់ទាំងស្រុង។ ហើយចំពោះមូលដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះឡើងនៅមិនទាន់មានប្រភពឲ្យច្បាស់លាស់ថា ឆេះមកពីមូលហេតុអ្វីនោះទេ ព្រោះដោយសារតែកុដិកើតហេតុខាងលើពុំមានបណ្តាញចរន្តអគ្គិសនីតចូល ក៏មិនដឹងថា មានអ្នកលួចដុតនោះដែរ។
ចំណែកសមត្ថកិច្ចមូលដ្ឋានវិញ ក៏មិនទាន់សន្និដ្ឋានការឆេះនេះថា បែបណានោះដរ ព្រោះកំពុងពិនិត្យមើលរកមូលហេតុឲ្យបានត្រឹមត្រូវជាមុនសិន៕ដោយ៖ ធ្នូជ័យ