ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ទៅក្រុមការងាររបស់ខ្លួន ឲ្យផ្តល់ទិន្នន័យត្រឹមត្រូវ ដល់ការិយាល័យប្រឆាំងការក្លែងបន្លំ របស់សហភាពអឺរ៉ុប ដើម្បីជាមូលដ្ឋាន ក្នុងការស៊ើបអង្កេតប្រឆាំង ការគេចពន្ធលើមុខទំនិញ Hand Pallet Trucks សំដៅបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវលើប្រភពដើមនៃមុខទំនិញ ដែលមានលទ្ធភាព ទទួលបានភាពអនុគ្រោះពន្ធ អាចនាំចេញ។
នៅក្នុងឱកាសបេសកកម្មស៊ើបអង្កេតករណីខាងលើ នៅក្រសួងពាណិជ្ជកម្មនោះ លោកស្រី Ana Maria S. Solano ប្រធានប្រតិភូដឹកនាំ ក្រុមស៊ើបអង្កេត មកពីការិយាល័យប្រឆាំង ការក្លែងបន្លំរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ក្រុមការងារ នៅប្រទេសកម្ពុជា មានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃ៧-១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកស្រី Ana Maria S. Solano បានបញ្ជាក់ថា បេសកកម្មនេះមានបំណងចំនួន៣ រួមមាន ៖ ទី១-រកឲ្យឃើញភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវនៃប្រភពដើម ផលិតផលឧបករណ៍ លើកដាក់ទំនិញប្រើដោយដៃ (Hand Pallet Trucks) ផលិតនៅកម្ពុជា ដែលទទួលបានភាពអនុគ្រោះ ត្រូវបាននាំចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើទំនិញទំរង់អេ (GSP Certificates of Preferential Origin FORM A) ចាប់ពីខែតុលា ឆ្នាំ២០១៤ ដល់ខែកញ្ញា ឆ្នាំ២០១៧។ ទី២-បង្កើតឲ្យមានប្រភពដើមពិតប្រាកដ ពាក់ព័ន្ធទៅនឹងផលិតផល Hand Pallet Trucks និងទី៣-ប្រមូលរាល់ឯកសារយោងទាំងអស់ ដែលបញ្ជាក់នូវប្រភពដើមជាក់ស្តែង នៃផលិតផល Hand Pallet Trucks ចេញពីទិន្នន័យរបស់គយ ឯកសារ ឬរបាយការណ៍ពីអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធ។
ឆ្លើយតបនឹងសំណើររបស់សហភាពអឺរ៉ុបនេះ លោក សំ សិរីរតន៍ បានលើកទឹកចិត្ត និងសំដែងការគាំទ្រ ចំពោះបេសកកម្ម របស់ក្រុមការងារ ក្នុងការស្រាវជ្រាវ រកឲ្យឃើញនូវភាពមិនប្រក្រតី ដែលជាប់សង្ស័យ លើប្រភពដើមទំនិញ ឧបករណ៍លើកដាក់ទំនិញដោយដៃ (Hand Pallet Trucks) ដែលនាំចេញពីកម្ពុជា និងសកម្មភាពគេចពន្ធនានា របស់បណ្តាប្រទេស ដែលមិនមែនជាសមាជិក របស់សហភាពអឺរ៉ុប ក្នុងន័យធានា ឲ្យបាននូវភាពត្រឹមត្រូវ តាមផ្លូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
ជាមួយគ្នានេះដែរ លោកសំ សិរីរតន៍ បានថ្លែងថា “អាជ្ញាធរកម្ពុជា ដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមយ៉ាងសកម្ម និងឥតលាក់លៀម ក្នុងការបំពេញកិច្ចសហប្រតិបត្តិការរដ្ឋបាល តាមការចាំបាច់ជាមួយក្រុមការងារបេសកកម្ម នៃការិយាល័យប្រឆាំង ការក្លែងបន្លំរបស់សហភាពអឺរ៉ុប ដើម្បីជាមូលដ្ឋាន ក្នុងការស៊ើបអង្កេត ប្រឆាំងការគេចពន្ធលើមុខទំនិញ Hand Pallet Trucks សំដៅបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវលើប្រភពដើមនៃមុខទំនិញ ដែលមានលទ្ធភាពទទួលបានភាពអនុគ្រោះពន្ធ អាចនាំចេញដោយរួចពន្ធសូន្យភាគរយ និងមិនជាប់កម្រិតកំណត់ ដោយប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទំរង់ A។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារបេសកកម្ម នៃការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី Ana Maria S. Solano ប្រធានប្រតិភូដឹកនាំក្រុមស៊ើបអង្កេត មកពីការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអឺរ៉ុប ដើម្បីរកភាពស្របច្បាប់ប្រភពទំនិញពីកម្ពុជា ចូលទៅសហភាពអឺរ៉ុប៕ ដោយ៖បញ្ជាស័ក្តិ