ខេត្តព្រះសីហនុ ៖ ប្រធានសហគមន៍អូរដំរី លោក ម៉ន ស៊ីណា ដែលអះអាថា ជាតំណាងឲ្យប្រជាពលរដ្ឋរង្គ្រោះដីធ្លីចំនួន១៤៩គ្រួសារ រស់នៅក្រុម៥ ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកមានប្រសាសន៍ថា ពលរដ្ឋក្នុងសហគមន៍ទាំង១៤៩គ្រួសារ សូមថ្លែងអំណរគុណដល់ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ដែលបានបញ្ជូនក្រុមការងារដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តនេះ ចុះអន្តរាគមន៍ បើករបងបិទផ្លូវសាធារណៈ ដែលត្រូវបក្សពួកឈ្មោះ ហ៊ឹម សុវណ្ណរី បានយកនាំរបងទៅបិតផ្លូវសាធារណៈ មិនឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ យកចង្ហាន់ទៅប្រកេនព្រះសង្ឃ ដូចសព្វដងទេ។
លោក ម៉ន ស៊ីណា ឲ្យដឹងទៀតថា ការបិទផ្លូវដោយក្រុមបក្សពួក លោកស្រី ហ៊ឹម សុវណ្ណរី ខាងលើនេះបានឈានដល់កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះដល់ទីតាំងដីទំនាស់ និងបានហាមមិនឲ្យបក្សពួកលោកស្រី ហ៊ឹម សុវណ្ណរី ទៅសាងសង់ផ្ទះនៅលើដីទំនាស់ទៀតទេ។
យ៉ាងនេះក្តី សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសហគមន៍អូរដំរី បានឲ្យដឹងថាក្រោយពេលកម្លាំងសមត្ថកិច្ច បានដកថយពីទីតាំងកើតហេតុ នៅថ្ងៃដដែលនោះ ឃើញមានបក្សពួក របស់លោកស្រី ហ៊ឹម សុវណ្ណរី បាននាំយកបន្លាលួស ទៅហ៊ុំព័ទ្ធកុដិព្រះសង្ឃ និងបានរករឿងព្រះសង្ឃគង់នៅវត្តអូរដំរី ដោយបានផ្គើន ចំពោះចំណាត់ការ របស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលចុះហាមក្រុមបក្សពួកលោកស្រី ហ៊ឹម សុវណ្ណរី មិនឲ្យសង់ផ្ទះ ឬធ្វើរបងហ៊ុំព័ទ្ធនៅជុំវិញបរិវេណដីមានទំនាស់ជាបន្តទៀត។
យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចមានប្រភព ទាក់ទង លោកស្រី ហ៊ឹម សុវណ្ណរី ដើម្បីបំភ្លឺជុំវិញករណីទំនាស់ដីធ្លីខាងលើនេះបានទេ នៅថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨៕ ដែន សីមា