ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បាន ប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក”។
ពិធីនេះ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្ត បានជ្រើសរើសយកឆ្នេរឯករាជ្យ ដើម្បីដាំកូនឈើជានិមិត្តរូបនៃការប្រារព្ធទិវាបរិស្ថានឆ្នាំនេះ។ ការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ដែលនៅទូទាំងប្រទេសកម្ពុជា ត្រូវរៀបចំពិធីនេះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នោះ ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុ បានយកទិវានេះ មកធ្វើនៅថ្ងៃទី៨ ខែមិថុនា ជំនួសវិញ គឺនៅវេទិកាបុណ្យជាតិ៧មករា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការងារបរិស្ថានជាកិច្ចការ ដែលត្រូវបានពិភពលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យមនុស្សគ្រប់គ្នា និងអ្នកពាក់ព័ន្ធក្នុងក្របខណ្ឌសហគមន៍សង្គមជាតិតំបន់ និងពិភពលោកត្រូវបន្តរួមគ្នាពង្រឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវ សុវត្តិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និង ការរស់នៅប្រកបដោយចីរភាព។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បន្តថា ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរមួយ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិដ៏មានតម្លៃ ហើយធនធានធម្មជាតិទាំងអស់នេះបានទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចសង្គមកិច្ច និងបរិស្ថានព្រមទាំងបម្រើឲ្យវិស័យជាច្រើនរួមមាន៖ ការធ្វើរបរនេសាទសមុទ្រ ឧស្សាហកម្មទេសចរណ៍ សេវាកម្មកំពង់ផែ និងការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗទៀត។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បន្តថា ដើម្បីឲ្យធនធានធម្មជាតិតំបន់ឆ្នេរសមុទ្រមួយនេះ កាន់តែមានស្ថិរភាពការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកនាឱកាសនេះ គឺជាផ្នែកមួយបំផុសឲ្យគ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់រួមគ្នាការពារបរិស្ថានជាតិ និងពិភពលោកឲ្យបានទាំងអស់គ្នា។
ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៨នេះ បានយកប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក” ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចការពារបរិស្ថាន និងពិភពផែនដីយើងទាំងអស់គ្នា។
ព្រមជាមួយគ្នានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ជួយសហការសំអាតអនាម័យបរិស្ថានដូចជា៖ សំអាតអនាម័យនៅតាមលំនៅដ្ឋាន តាមទីសាធារណៈ យកចិត្តទុកដាក់គ្រប់គ្រង កាកសំណល់រឹងរាវឲ្យបានល្អ និងទប់ស្កាត់ការបង្ហូរកាកសំណល់អាណាធិបតេយ្យជាដើម៕ ដោយ៖ សីហា