កំលោះៗ ក្រមុំៗ អាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើន ច្រើនតែរកវីតាមីនមកញ៉ាំ ដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅ វីតាមីនB ក៏សំខាន់ចំពោះរាងកាយមិនតិចជាងវីតាមីនប្រភេទផ្សេងទៀតដែរ ជាពិសេស វីតាមីនB12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាល ច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួល វីតាមីនB12 គ្រប់គ្រាន់ វាអាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយមនុស្សយើងក្នុងផ្នែកផ្សេងៗបាន។
ប្រយោជន៍របស់វីតាមីនB12
វីតាមីនB មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យម មនុស្សក្នុងវ័យធ្វើការ គួរបានទទួលវីតាមីនB12 ក្នុង ១ថ្ងៃ ២,៤មីក្រូក្រាម ហើយវីតាមីនB12 ក៏ដូចវីតាមីនដទៃទៀតដែរ ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន និងត្រូវតែទទួលបានតែពីអាហារដែលយើងទទួលទានប៉ុណ្ណោះ។
បច្ច័យប្រឈម ដែលអាចធ្វើឱ្យរាងកាយបានទទួល វីតាមីនB12 តិចជ្រុល
បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រឈមនឹងការទទួលបាន វីតាមីនB12 តិចជ្រុលហើយ ដូចជា…
.មិនបរិភោគសាច់សត្វ ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីនB12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។
.អ្នកកើតជំងឺ ខ្រូន (Crohn ជាភាពខុសប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយអាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំ ដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីនB12 បានតិច ព្រោះវីតាមីនB12 អាចត្រូវបឺតជ្រាបយកបាន គឺត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។
.អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យ ដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីនB12 បានតិចទៅតាមហ្នឹងដែរ។
គ្រោះថ្នាក់ចំពោះសុខភាព ដោយសារការខ្វះវីតាមីនB12
១-ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍)ធ្វើការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការទទួលដឹងក្លិន ផ្លាស់ប្ដូរ
២-មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង
៣-ពិបាកដើរ បាត់បង់ភាពរហ័សរហួន ដូចជា ដើរទ្រេតទ្រោត ជើងទាំង ២ខាង ដើរមិនមានតុល្យភាពគ្នា
៤-ប្រថុយនឹងសភាវលោហិតស្លេក
៥-ហើម ឬរលាកអណ្ដាត
៦-រិះគិត ឬវិភាគរឿងផ្សេងៗ ដើម្បីរកហេតុផលមិនសូវបាន ឬការចងចាំ បាត់បង់អស់មួយចំណែក
៧-ទប់ ឬទ្រាំការបន្ទោបង់មិនបាន
៨-សុខភាពជារួមចុះទន់ខ្សោយ
៩-ឆាប់ ឬងាយនឿយល្វើយ
១០-ឆាប់ ឬងាយវិតក្កកង្វល់ និងស្ត្រេស
១១-សោកសៅ ឬចេះតែមើលឃើញទិដ្ឋភាពអាក្រក់ៗ
១២-ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។
វិធីបង្កើនបរិមាណវីតាមីនB12 ក្នុងរាងកាយ
១-ទទួលទានវីតាមីនB12 បន្ថែម ពីពេលញ៉ាំអាហារប្រក្រតី ឬគួរទៅទទួលយកការប្រឹក្សា និងពិនិត្យសុខភាពដោយលម្អិតអំពីគ្រូពេទ្យសិន មុននឹងទិញមកទទួលទាន
២-ទទួលអាហារ ដែលមានវីតាមីនB12 ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ
វីតាមីនB12 គឺជាវីតាមីនសំខាន់ចំពោះរាងកាយ ក្នុងកម្រិតដែលយើងមិនគួរមើលរំលងឡើយ ដូច្នេះបើមិនប្រាកដក្នុងចិត្តថា ខ្លួនឯងកំពុងមានវីតាមីនB12 រួមទាំងវីតាមីនដទៃទៀត គ្រប់គ្រាន់ឬក៏អត់ទេនោះ គួរទៅប្រឹក្សាគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យរាងកាយ និងវិនិច្ឆ័យ ដើម្បីទទួលបានការណែនាំក្នុងការទទួលទានអាហារ ឬអាហារបំប៉នបន្ថែមយ៉ាងត្រឹមត្រូវ៕