ស្ត្រីជនជាតិចិនវ័យចំណាស់ម្នាក់ អាយុ ៩២ឆ្នាំបានតស៊ូរស់នៅពឹងផ្នែកលើខ្លួនឯងទាំងស្រុង នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមមួយនៅលើភ្នំ ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយក្នុងប្រទេសចិន។ គាត់មានកូនចំនួន ៥នាក់ ប៉ុន្តែស្ត្រីកំសត់នេះ ត្រូវរស់នៅម្នាក់ឯង ដាំបាយហូបខ្លួនឯង និងធ្វើក្តាមឈូសសំរាប់ខ្លួនឯងផងដែរ ដោយសារគ្មានកូនណាម្នាក់អើពើនឹងរូបគាត់ឡើយ។ នេះបើតាមការចេញផ្សាយរបស់ Good Times កាលពីពេលថ្មីៗនេះ។
ស្ត្រីស្ទើរគ្រប់រូបស្ថិតក្នុងវ័យនេះ តែងតែទទួលបានការថែរក្សាពីកូនចៅ ប៉ុន្តែសាច់រឿងរបស់ស្ត្រីចិននេះវិញពិតជារំជួលចិត្តមែនទែន ព្រោះគាត់ត្រូវតស៊ូរស់នៅម្នាក់ឯង។ តើគាត់អាចរស់នៅម្នាក់ឯងបានយ៉ាងដូចម្តេចដោយគ្មានអ្នកមើលថែទៅ?
ផ្ទះឈើរបស់គាត់ស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង មិនមានអ្វីៗទាំងអស់ និងសមជាផ្ទះគេបោះបង់ចោលជាង។ ស្ត្រីកំសត់ម្នាក់នេះ ត្រូវបានអ្នកកាសែតម្នាក់ប្រទះឃើញកន្លែងរស់នៅរបសគាត់ និងបានធ្វើការសំភាសន៍គាត់។
នៅពេលអ្នកកាសែតសួរថា តើឈើនៅខាងក្រោយផ្ទះលោកយាយទុកធ្វើអ្វី? លោកយាយបានឆ្លើយថា “ខ្ញុំចាស់ណាស់ហើយ ខ្ញុំអាយុដល់ ៩២ឆ្នាំហើយ។ ខ្ញុំយកប្រមូលឈើទាំងនោះពីលើភ្នំធ្វើក្តារមឈូលសំរាប់ខ្លួនឯង”។
គាត់ក៏បានប្រាប់អ្នកកាសែតពីដំណើរជីវិតរបស់គាត់ ដោយគាត់បានបញ្ជាក់ថា គាត់មានកូនទាំងអស់ចំនួន ៥នាក់ កូនប្រុស ៣ និងស្រី ២នាក់ ហើយពួកគេមានអាយុ ចន្លោះ ៥០ ទៅ ៦០ឆ្នាំអស់ហើយ។
គាត់និយាយថា កូនៗទាំងអស់របស់គាត់សុទ្ធតែមានសុខភាពល្អទាំងអស់ ប៉ុន្តែគ្មាននរណាម្នាក់ចង់រស់នៅជាមួយគាត់នោះទេ។ អ្នកកាសែតក៏បានចូលទៅក្នុងផ្ទះរបស់គាត់ពិនិត្យមើល ហើយឃើញផ្ទះរបស់គាត់មានសភាពទ្រុឌទ្រោមខ្លាំង ចំនែកនៅកន្លែងសម្រាករបស់គាត់វិញ មិនមានអ្វីច្រើនទេគឺមានខោអាវដែលគាត់ប្រមូលផ្តុំគ្នាដើម្បីធ្វើជាខ្នើយ និងមានភួយក្រហមមួយ។
សម្រាប់នៅផ្ទះបាយ គាត់មានឆ្នាំងចាស់មួយសំរាប់ដាំបាយពិសារ ដែលសភាពនៃការរស់នៅរបស់គាត់ពិតជាគួរឲ្យអានិតមែនទែន។ ឆ្នាំងបាយមានសភាពគគ្រិច ប៉ុន្តែដោយសារតែគាត់គ្មានជំរើស ដូច្នេះ ត្រូវតែបង្ខំចិត្តយកឆ្នាំងចាស់នោះដាំបាយពិសារ។
នៅពេលសួរនាំពីកូនៗ លោកយាយបាននិយាយថា កូនច្បងរបស់គាត់ធ្វើការនៅអណ្តូងរ៉ែ កូនទី ២តាមប្រពន្ធ និងរស់នៅជាមួយឪពុកក្មេកគេ ប៉ុន្តែគាត់មិនដឹងពីកន្លែងរស់នៅរបស់កូនប្រុសទី ៣នោះទេ។
ចំណែកកូនស្រីទាំង ២របស់គាត់ បានរៀបការ និងទៅរស់នៅជាមួយក្រុមគ្រួសារពួកគេរៀងៗខ្លួន។
គាត់មានកូនរហូតដល់ទៅ ៥នាក់ ប៉ុន្តែហេតុអ្វីគ្មានកូនណាម្នាក់ដឹងគុណរបស់គាត់ និងថែរក្សាគាត់បែបនេះ។ កូនៗគ្រប់រូប គួរតែយកចិត្តទុកដាក់ចំពោះឪពុកម្តាយ និងថែរក្សាពួកគាត់ឲ្យបានល្អ ទាន់ពេលពូកគាត់នៅរស់ បើមិនដូច្នេះទេ ពួកគេនឹងត្រូវស្តាយក្រោយ៕ សុភ័ក្ត្រ