ខេត្តពោធិ៍សាត់ ៖ ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលត្រូវបាក់ស្រុតធ្លាក់ចូល ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ពីព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយ។
ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងត្រូវបានជួយសង្គ្រោះបានខ្លះ។
ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបជូនថា ករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកដល់ពេលនេះ ពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នក្រុមការងារ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងបន្តជួយអន្តរាគមន៍ រកសម្ភារៈដែលធ្លាក់ចុះចូលស្ទឹង។
រដ្ឋបាលស្រុកកណ្ដៀង បានឲ្យដឹងថា លោកស្រី គឹម ឈុនហួយ ភេទស្រី រស់នៅភូមិរោងម៉ាស៊ីន ឃុំ ស្វាយលួង ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ដែលមានតូបលក់អីវ៉ាន់ចាបហួយរបស់ខ្លួននៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (តំបន់ផ្លូវបត់ចូលយាយអាន)។
សូមជ្រាបថា៖ កន្លងមកថ្មីៗនេះយើងអង្កេតឃើញថាដីតំបន់មាត់ស្ទឹងជាច្រើនកន្លែងក្នុងភូមិ សា្វយលួង,សា្វយចាន់,ផ្លូវពោធិ៍វង្ស,រោងម៉ាស៊ីន គឺមានបាក់ដីមាត់ស្ទឹងដោយមិនឲ្យសញ្ញាជាមុនឡើយ។ ដូច្នេះសូមអ្នកស្រីប្រញាប់រៀបចំផ្ទេរអីវ៉ាន់ចាប់ហួយ ឬរុះរើតូបនេះចេញពីទីតាំង ខាងលើ ព្រោះទីតាំងនេះជាទីតាំងដីមាត់ស្ទឹងដែលមានស្នាមប្រេះរហែកខ្លាំង ដែលអាច បង្ករអោយមានគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិគ្រប់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី