ភ្នំពេញ ៖ យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៧ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារ ជាមួយប្រតិភូគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃសភាប្រឹក្សានយោបាយប្រជាជនចិន ដែលដឹកនាំដោយលោក សាង ហ្វ៊ូលីន ប្រធានគណៈកម្មាធិការ និងជាអតីតប្រធានគណៈកម្មការច្បាប់ធនាគារចិន ដោយមានការអមដំណើរ ពីមន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការCDC។
លោក សុខ ចិន្តាសោភា បានស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលអញ្ជើញមកពី សាធារណរដ្ឋប្រជាមានិតចិន នាឱកាសនេះ ក្នុងគោលបំណងផ្លាស់ប្តូរ ទស្សនៈគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជា ស្វែងយល់បន្ថែម ពីកាលានុវត្តភាព និងសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនភាគីចិន ពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ ក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្ត របស់អ្នកវិនិយោគ គ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំង គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យ ក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្ម ផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគ របស់អ្នកវិនិយោគចិន នាពេលកន្លងមក ជាពិសេសក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ការផលិតអគ្គិសនី និងការកសាងផ្លូវល្បឿនលឿន ដែលបាននិងកំពុង ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវបរិស្ថាន វិនិយោគ និងចូលរួមចំណែក ក្នុងការទាក់ទាញ ការវិនិយោគមកកម្ពុជា។ ទន្ទឹមគ្នានេះ លោកក៏បានសម្តែង នូវការពេញចិត្ត ចំពោះប្រតិបត្តិការ របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ដែលបានរៀបចំហេដ្ឋា រចនាសម្ព័ន្ធ ក្នុងតំបន់បានល្អ ដូចជា ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់កម្មករ និយោជិត និងបានទាក់ទាញ ការវិនិយោគ ពីបរទេស យ៉ាងច្រើនឱ្យមកបណ្តាក់ទុន។
លោក សាង ហ្វ៊ូលីន បានសាទរ ចំពោះការរីកចម្រើន ដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេសគឺការទទួលបាន នូវការបណ្តាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីបរទេស ដែលនេះបានឆ្លុះបញ្ចាំង អំពីការជឿជាក់ ទៅលើការដឹកនាំ ដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោក ក៏បានរំលេចនូវ កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់ នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតប យ៉ាងវិជ្ជមាន ទៅនឹងក្របខ័ណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ”៕ ដោយ ៖ បញ្ញាស័ក្តិ