ពាក្យសម្ដីអសុរោះ ព្រមទាំងពាក្យវាយប្រហារ មើលងាយ នៅតែបន្តជារឿយៗ ប៉ះពាល់អារម្មណ៍របស់លោក ប៊ុត ស៊ីហា ម្ចាស់ពាន The Voice Cambodia រដូវកាល ១ បន្ទាប់ពីលោកជាប់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន កាលពីប៉ុន្មានខែមុន ។
គេសង្កេតឃើញថា មិនត្រឹមតែម្ចាស់ផលិតកម្មនានាទេ ដែលមិនផ្ដល់ឱកាសឱ្យ ប៊ុក ស៊ីហា សូម្បីតែមហាជនមួយចំនួនធំ ក៏មិនព្រមអត់ទោសឱ្យលោកដែរ ខណៈដែលពេលនេះ លោកបានអះអាងថា កែខ្លួន និងព្យាយាមដើរលើផ្លូវល្អ ក៏សាងឈ្មោះជាមួយក្នុងសកម្មភាពមនុស្សធម៌ នៅតាមតំបន់ដាច់ស្រយាលជាមួយអង្គការ IKARE ។
ម្ចាស់បទ «ជីវិតអ្នកចម្រៀង» ខាងលើនេះ ក៏ធ្លាប់បាននិយាយឱ្យដឹងដែរថា ក្រោយពីជីវិតជួបនូវព្យុះភ្លៀងមិនល្អ លោកក៏បានបន្តអាជីពជាតារាចម្រៀងតាមរោងការ ដូចកាលពីមុន ខណៈដែលមិនមានផលិតកម្មណាមួយសំឡឹងឃើញលោកឡើយ ប៉ុន្តែមានតែអង្គការ IKARE ដែលតែងតែផ្ដល់ឱកាសឱ្យលោកជានិច្ច ទាំងបទចម្រៀង ក៏ដូចជាសកម្មភាពមនុស្សធម៌ផ្សេងៗផងដែរ ។
ជាថ្មីម្ដងទៀត ដោយសារតែ ប៊ុត ស៊ីហា ពុំអាចទ្រាំនូវពាក្យជេរប្រមាថ បានទៀត លោកក៏បានបង្ហោះសារខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុងថា «(អានទាំងអស់គ្នាហើយស៊ែផងណាឲ្យគាត់បញ្ឍប់ទៅ)ខ្ញុំមិនចង់ផុសមិនចង់តបឆាតមិនចង់បើកឆាតមើលមិនដែលលេងឆាតគឺបែបនិងនិងហើយ។ខ្ញុំមិនបានធ្វើអីដល់បងៗទេ ហើយខ្ញុំក៏មិនដែលបំផ្លាញបងៗដែរ។សូមអង្វរអ្នកបងឈប់ជេរទៅណា។ខ្ញុំខុសមែនតែខ្ញុំមិនបានបំផ្លាញគ្រួសារបងៗទេ។អរគុណដែលដៀលចំៗ។តែបងៗមើលថែកូនចៅពូជសណ្តានបងឲ្យល្អទៅណាខ្ញុំវាអាក្រក់ទៅហើយបង(សូមទោសណាពុកម៉ែបងប្អូនខ្ញុំសឹងទ្រាំលែងបានហើយ)រហូតពេក» ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់ ប៊ុត សីហា នេះដែរ គឺបន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកជាច្រើនបានជេរខ្លួន ទាក់ទងនឹងលោកបានបង្ហោះសារមួយ ដែលគោលបំណងចង់ឱ្យមហាជនស៊ែររឿងការងារមនុស្សធម៌របស់លោក ជាមួយអង្គការ IKARE ដែលបានចុះទៅដល់សាលារៀនកំសត់មួយមានឈ្មោះថា «សាលាដូង» ស្ថិតនៅលើកំពូលភ្នំគិរីរម្យ ៕ សាវុធ