កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្តដឹកស្រាបៀរ GANZBERG និងម៉ូតូឌ្រីមសង់១គ្រឿង បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់គួរឲ្យអាសូរ។ ហេតុការណ៍នេះ បានកើតឡើងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនដឹកស្រាបៀរ GANZBERG ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ហើយលុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1R.4145 បណ្តាលឲ្យបុរស និងស្រី្ត ជិះឌុបគ្នាស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងបានធ្វើកំណាត់ហេតុ ដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។
ទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានប្រភពណាបានបញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណអ្នកបើកបររថយន្ត និងជនរងគ្រោះបុរស និងស្រី ដែលបានស្លាប់បាត់បង់ជីវិតទាំងពីរនាក់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










