នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត នៅក្នុងអំឡុងថ្ងៃឈប់សំរាក នៃពិធីបុណ្យអុំទូក ដែលបណ្តាលឲ្យស្រ្តីជាគ្រូពេទ្យម្នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់រថយន្តបើកធ្លាក់ផ្លូវចូលទៅខាងក្រោមស្ពានមួយកន្លែង ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
តាមអធិការនគបាលស្រុកវាលវែង បានប្រាប់ឱ្យដឹងថា ករណីនេះបានកើតឡើង គឺដោយសាររថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4776 បើកបុកពីក្រោយម៉ូតូ១គ្រឿងជិះឌុបគ្នាប្តីប្រពន្ធនិងកូនតូចម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា នៅចំណុចស្ពានចន្លោះគីឡូម៉ែតលេខ ១១៤ និង ១១៥ ផ្លូវជាតិលេខ៥៥ ហើយរថយន្តប្រហែលជាស្លន់បើកជ្រុលទៅបុកបង្កាន់ដៃផ្លូវ បណ្តាលឲ្យធ្លាក់ទៅខាងក្រោមស្ពានតែម្តង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមនុស្ស ១ នាក់ បានស្លាប់ និង ៨ នាក់ ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ហើយបានត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ឃុំប្រមោយ។
នគបាលស្រុកវាលវែងបានអោយដឹងទៀតថា ជនរងគ្រោះប្តីប្រពន្ធនិងកូនម្នាក់ ដែលធ្វើដំណើរតាមម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1G-0137 រួមមាន៖ទី១-ឈ្មោះ ចិន បី ភេទប្រុស អាយុ ៣៣ ឆ្នាំ, ទី២-ឈ្មោះ ម៉ៅ ជា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរកសិករ និងទី៣.ក្មេងស្រីឈ្មោះ វុទ្ធី អាយុ ៣ ឆ្នាំ ។ អ្នកទាំងបី ដែលរស់នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង គឺពុំបានពាក់មួកសុវត្ថិភាពទាំងអស់គ្នានោះទេ។
ដោយឡែក ជនរងគ្រោះដែលធ្វើដំណើរតាមរថយន្ត Highlander មានគ្នាចំនួន៦នាក់រួមមាន៖ ទី១- ឈ្មោះ ចាប សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ (មិនមានពាក់ខ្សែក្រវាត់មុខជាអ្នកបើករថយន្ត),២- ឈ្មោះ ឃួន សុខមានិត ភេទស្រី អាយុ ២៨ ឆ្នាំ របួសស្រាល, ៣-ឈ្មោះ ឃួន សុយុំ ភេទប្រុស អាយុ ៦៦ ឆ្នាំ រងរបួសស្រាល ៤-ឈ្មោះ ឃួន នីរ័ត្ន ភេទប្រុស អាយុ ១២ ឆ្នាំ របួសស្រាល ៥- ឈ្មោះ ចាប់ សុវត្តី ភេទស្រី អាយុ៤៥ឆ្នាំ និង៦- ឈ្មោះ យៀន លឹម ឆេង ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យ បានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ក្រោយពេលហេតុហេតុ ទាំងម៉ូតូ១ គ្រឿង និងរថយន្ត១គ្រឿង រងគ្រោះថ្នាក់ទាំងពីរ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល អន្លង់រាប ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







