នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យញាក់សាច់ខ្លាំងតែម្តង ខណៈដែលឡាន១គ្រឿង ត្រូវបានជនម្នាក់យកពូថៅគប់ បណ្តាលឲ្យជាប់និងកញ្ចក់ឆ្កឹងតែម្តង ប៉ុន្តែ សំណាងហើយ ដែលពុំបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះ បានកើតឡើងនៅលើដងផ្លូវជាតិ ស្ថិតក្នុងភូមិសាស្រ្តឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ ១០ យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះឈ្មោះ ចែត្រ សុខជា អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិ ត្រពាំងព្រៃ ឃុំក្សេមក្សាន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ (មុខរបរបើកឡានប៉ោងស៊ីម៉ង់ត៍) ក៏បានរាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ ទាក់ទងករណីខាងលើនេះ។
បន្ទាប់ទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងលោកអធិការនគរបាលស្រុកបាណន់ ធ្វើការស្រាវជ្រាវជាបន្ទាន់។
ឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតរហូតដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល ដែលមានលោកវរសេនីយ៍ឯកប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុកបាណន់ បានឈានដល់ធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះ កយ កុសល ហៅវ៉ិត អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានយកពូថៅដងឈើ គប់ទៅលើកញ្ចក់រថយន្តធុនធំ១គ្រឿង ប្រាកដមែន ហើយមូលហេតុដែលនាំឲ្យរូបគេប្រព្រឹត្តទង្វើបែបនេះ គឺដោយសារផឹកស្រាស្រវឹង ខូចចិត្តត្បិតប្រពន្ធរត់ចោល កាលពីពេលថ្មីៗកន្លងមកនេះ។
ជាក់ស្តែង តាមរយៈវីដេអូ គេបានឮស្រ្តីម្នាក់ ដែលត្រូវបានសន្មត់ថាជាប្រពន្ធ បាននិយាយទាំងកំហឹងឡើងក្តៅឆេវ ឲ្យគ្រប់គ្នាធ្វើដំណើរឆ្លងកាត់ទីនោះ ប្រុងប្រយ័ត្នផង ព្រោះប្តីខ្លួន «អាគេបាញ់ហ្នឹង ឥឡូវអត់បានទេ» គឺបានឈរគប់កញ្ចក់ឡានគេ ប៊ិះត្រូវក្បាលរបស់នាង ប៉ុន្តែ សំណាងហើយចេះបានឡានចូលមក «ធ្វើខែលការពារ» កុំអីមិនដឹងជាយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







