បើសិនជាអ្នកគិតថា នៅពេលរៀនចប់ហើយ មិត្តភាពរវាងគ្នាជាមួយមិត្តរួមថ្នាក់ ក៏នឹងត្រូវចប់ទៅតាមនោះដែរ តែពេលនេះ សូមសាកល្បងគិតសាជាថ្មីឡើងវិញ…ព្រោះបើនិយាយពីការសាងមិត្តភាព បុរសៗ មានទំនោរក្នុងការត្រឡប់ទៅសេពគប់មិត្តភក្តិចាស់ៗសម័យរៀន ច្រើនជាងនារី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា បុរសៗច្រើនតែសម្លឹងរកមើលមិត្តភក្តិជាក្រុម ដែលមានតែបុរសៗសុទ្ធ ខណៈដែលនារីៗវិញ ហាក់ដូចជារាងជ្រើសរើសច្រើនជាងបន្តិច ដោយសារតែនិយមសេពគប់ តែមិត្តភក្តិជិតដិត ត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ។
មិត្តភាពរបស់មនុស្សប្រុស ភាគច្រើនៗ គឺស្រដៀងនឹងការកសាងសម្ព័ន្ធមិត្ត។ បន្ទាប់ពីវិភាគតាមរយៈរូបភាព Profile របស់មនុស្សប្រុសនៅក្នុង Facebook ជិត ១១២ ០០០នាក់ទូទាំងពិភពលោកហើយ គេរកឃើញថា មនុស្សប្រុសមានទំនោរក្នុងការប្រើរូបភាព Profile ជាក្រុម ដែលមានរូបខ្លួនឯងជាមួយមិត្តភក្តិ ១ក្រុមធំ ដែលបង្ហាញឱ្យឃើញពីការប្រកួតប្រជែងគ្នានៅក្នុងក្រុមពួកបុរសៗដូចគ្នា ពាក់ព័ន្ធនឹងមិត្តភាពរបស់ពួកគេ។ ផ្ទុយទៅវិញ នារីៗសឹងតែមិនដែលប្រើរូបភាព Profile ជាក្រុមធំៗជាមួយមិត្តភក្តិឡើយ តែច្រើនប្រើរូបតែម្នាក់ឯង ឬមិនទេ ក៏ថតជាមួយមិត្តភក្តិស្រីដូចគ្នាតែម្នាក់ប៉ុណ្ណោះ ដោយសារតែមនុស្សស្រី ច្រើនតែផ្ដល់ចំណាប់អារម្មណ៍ចំពោះអ្នកដទៃ បានតែ ១នាក់ប៉ុណ្ណោះ ក្នុង ១លើក។
តើហេតុអ្វីបានជាមនុស្សស្រី និងមនុស្សប្រុសមានវិធីចងមិត្តខុសប្លែកគ្នាដូច្នេះ? ការសន្និដ្ឋាន ១ចំណុច គឺព្រោះតែខួរក្បាលរបស់បុរស និងនារីមានភាពខុសប្លែកគ្នា។ ជាទូទៅ ស្រ្តីនឹងមានប្រព័ន្ធ លីមពិក ធំជាងរបស់បុរស។ ប្រព័ន្ធ លីមពិក គឺជាខ្សែបណ្ដាញរបស់សរសៃប្រសាទក្នុងខួរក្បាល ដែលតភ្ជាប់ជាមួយសញ្ជាតិញាណ និងអារម្មណ៍ ដោយវានឹងគ្រប់គ្រងលើអារម្មណ៍ចម្បងៗ ដូចជា សេចក្ដីសុខ និងសេចក្ដីភ័យខ្លាច ជាដើម។ ដោយហេតុនេះ ទើបមនុស្សស្រីអាចតភ្ជាប់អារម្មណ៍របស់ខ្លួនឯងជាមួយអ្នកដទៃបានល្អជាង។ លទ្ធផលនៃការស្រាវជ្រាវផ្សេងទៀតនៅបានបង្ហាញឱ្យឃើញថា ស្រ្តីមានទំនោរក្នុងការសាងមិត្តភាព ដោយពិចារណាតាមរយៈអារម្មណ៍ជាគោល និងនិយមជជែកនិយាយគ្នាក្នុងរឿងផ្ទាល់ខ្លួន។ ចំណែកមិត្តភាពរបស់មនុស្សប្រុសវិញ ច្រើនសង្កត់ធ្ងន់លើការបានធ្វើកិច្ចការងាររួមគ្នា ដូចជា មើល ឬលេងកីឡា ឬរៀបចំពិធីជប់លៀង ហើយញ៉ាំស្រាបៀរជាមួយគ្នា។ល។
មិត្តភាពរបស់មនុស្សស្រី នឹងចេញមកបែបប្រភេទជួបជុំគ្នា ដើម្បីជជែកនិយាយ និងដោះដូរគំនិតយោបល់គ្នា។ ស្រីៗត្រូវការភ្ជាប់សម្ព័ន្ធភាពឱ្យស្អិតល្មួត តែប្រុសៗត្រូវការធ្វើកិច្ចការងារផ្សេងៗរួមគ្នា និងនៅជាមួយគ្នាជាក្រុមច្រើនជាង៕