Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ និងសុភមង្គល៖ ៣“ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

៣“ប” ដែលថានេះ គឺ “បន្ថយ បញ្ចៀស បញ្ឈប់”។ ទាំងអស់នេះ គឺជាពាក្យដែលយើងតែងបានឮជាញឹកញាប់ ដែលពេលខ្លះយើងគួរតែ បន្ថយ បញ្ចៀស និងបញ្ឈប់ទង្វើមួយចំនួនដើម្បីសេចក្តីស្នេហា គ្រួសារ និងសុភមង្គលដ៏ល្អប្រសើររបស់យើង។

បន្ថយ
ទិដ្ឋិ ឬភាពមានះ គឺជារឿងរបស់កិត្តិយស និងទិដ្ឋិ ឬភាពមានះដែលមាននៅក្នុងមនុស្សគ្រប់រូប។ ហេតុ និងផលរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ គំនិតដែលអ្នកគិតថាត្រឹមត្រូវ អាចជាភាពត្រឹមត្រូវដែលអ្នកយល់ឃើញតែម្នាក់ឯង ក៏អាចថាបានដែរ។ នៅក្នុងរឿងរបស់សេចក្តីស្នេហា និងគ្រួសារវិញ ការកាត់បន្ថយទិដ្ឋិ និងការទទួលយកគំនិតរបស់គូស្នេហ៍របស់អ្នក គឺជារឿងសំខាន់ណាស់ រឹតតែពេលឈ្លោះប្រកែកតវ៉ាគ្នាផងនោះ សេចក្តីក្រេវក្រោធ នឹងធ្វើឱ្យរឿងរ៉ាវល្អៗ ឬអារម្មណ៍ល្អៗរវាងអ្នកទាំង២ បាត់បង់អស់រលីង ហើយទិដ្ឋិ នឹងធ្វើឱ្យរឿងនោះកាន់តែអាក្រក់ឡើង ដោយសារតែម្នាក់ៗមិនព្រមចុះញ៉មគ្នា និងប្រកាន់តាមអ្វីដែលខ្លួនឯងយល់ឃើញហ្នឹងឯង។

បញ្ចៀស
ភាពឆាប់ខឹងឆេវឆាវ ចូលចិត្តស្រែកឡូឡា…មនុស្សយើងគ្រប់គ្នា សុទ្ធតែមានភាពអត្មានិយមទាំងអស់ គ្រាន់តែវាស្ថិតនៅត្រង់ថា តើនឹងត្រូវបញ្ចេញមកច្រើនឬតិចប៉ុនណា និងអាចគ្រប់គ្រងវាបានល្អប៉ុនណាតែប៉ុណ្ណោះ។ បើអ្នក ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលឆាប់ខឹងឆេវឆាវ ពេលកើតអាការមិនពេញចិត្តនឹងរឿងអ្វីមួយ ឬខឹងនឹងនរណាម្នាក់នោះ អ្នកនឹងបញ្ចេញអភិនីហារ ស្រែកជេរឡូឡា រហូតដល់គ្មាននរណាហ៊ានចូលក្បែរ។ ទង្វើទាំងនេះ បើប្រើជាមួយអ្នកដែលគេកេងប្រវ័ញ្ច ឬយកប្រៀបលើរូបអ្នក មើលទៅវាឃើញមិនគួរឱ្យស្អប់ខ្ពើមអីប៉ុន្មានទេ តែបើសម្រាប់គូស្នេហ៍ ស្វាមី ឬភរិយារបស់ខ្លួនវិញ អាការទាំងនេះ គឺជាអាការដែលអ្នកគួរតែបញ្ចៀសវាចោលជាដាច់ខាត ព្រោះគ្មានអ្នកណាអាចទ្រាំនឹងភាពឆាប់មួម៉ៅក្រេវក្រោធរបស់អ្នកបានយូរឡើយ។

បញ្ឈប់
ភាពខិលខូចផិតក្បត់ មិនថាស្រ្តី ឬបុរសឡើយ…អាការខិលខូចផិតក្បត់ពេលដែលលោកអ្នកនៅលីវ វាមិនអីទេ ល្មមអាចទទួលយកបានខ្លះ តែនៅពេលមានគូស្នេហ៍ មានស្វាមី ឬមានភរិយាហើយនោះ បញ្ហា ឬរឿងរ៉ាវ នឹងកើតមានឡើងជាមិនខាន។ តឱ្យអ្នកណាក៏ដោយដែលនិយាយថា ចូលចិត្តតែអ្នកខិលៗក៏ដោយ ទីបំផុត គ្មានឃើញនរណាម្នាក់ទ្រាំបានឡើយ។ ភាពខិលខូចផិតក្បត់ គឺជាទង្វើដែលគួរតែបញ្ឈប់ នៅពេលលោកអ្នកមានគូគ្រងច្បាស់លាស់ហើយ ព្រោះភាពស្មោះត្រង់ គឺជាគុណសម្បត្តិសំខាន់មួយរបស់សេចក្តីស្នេហា ឯភាពខូចខិលផិតក្បត់វិញ គឺជាភាពរលំរលាយរបស់ជីវិតអាពាហ៍ពិពាហ៍៕

×