Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ដើមហេតុនៃការប្រព្រឹត្តរបស់ក្មេង ស្ថិតលើការចិញ្ចឹមមើលថែរបស់អាណាព្យាបាល

        ការចិញ្ចឹមក្មេងៗ ឬកូនៗឱ្យពេលធំឡើង ក្លាយជាមនុស្សដូចដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាន នាពេលបច្ចុប្បន្ននេះ បានក្លាយជារឿងមួយលំបាកគួរសមដែរ  ព្រោះដោយសារតែបច្ច័យខាងសង្គម ចាប់ផ្តើមផ្លាស់ប្តូរ ហើយការប្រព្រឹត្ត ឬទង្វើរបស់ក្មេងនាពេលបច្ចុប្បន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ ថ្ងៃនេះ យើងមានបច្ច័យសំខាន់ៗមួយចំនួន ដែលហុចផលដល់ការប្រព្រឹត្ត ឬទង្វើរបស់កូនៗនាពេលអនាគតមកជម្រាបជូនដូចតទៅ...

    ក្រុមគ្រួសារ
      ធ្លាប់បានឮដែរឬទេថា  ក្រុមគ្រួសារយ៉ាងម៉េច ការប្រព្រឹត្ត ឬទង្វើរបស់កូនតូចភាគច្រើន ក៏នឹងមានលក្ខណៈស្រដៀងយ៉ាងនោះដែរ ដូច្នេះបើយើងចង់ឱ្យកូនរបស់យើងមានការប្រព្រឹត្តដែលល្អ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើងជាអាណាព្យាបាល ឬឪពុកម្ដាយ ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំអប់រំប្រដែប្រដៅឱ្យស្គាល់ពីអ្វីដែលល្អ និងមិនល្អ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន...តែប៉ុណ្ណឹងកូននឹងមានអារម្មណ៍កក់ក្តៅ និងមានការប្រព្រឹត្តល្អៗ តបស្នងមកយើងវិញជាមិនខាន។

      ស្ថានភាពជុំវិញខ្លួន និងសង្គម
       យើងមិនអាចជ្រើសរើសឱ្យកូនៗ រស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗតាមដែលចិត្តយើងចង់បាននោះទេ តែយើងអាចជ្រើសរើសក្នុងការបង្ហាត់បង្រៀន និងបណ្តោយឱ្យកូនបានរៀនយល់ដឹងជាមួយស្ថានភាពសង្គមបាន ដោយមិនមានការដាក់សម្ពាធ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ តែត្រូវអធិប្បាយពន្យល់ពីរឿងរ៉ាវដែលកូនបានជួប បានឃើញពីការប្រព្រឹត្តផ្សេងៗនៅពេលដែលកូនចេញទៅខាងក្រៅទាំងនោះ ឱ្យកូនបានយល់។ មិនគួរបដិសេធនឹងសំណួរកូនឡើយ  តែគួរមានចម្លើយដ៏ល្អៗទៅកូនវិញ ទើបជាការប្រសើរ។

    រឿងភាគក្នុងទូរទស្សន៍
     យើងអាចបង្ហាត់បង្រៀនពីការប្រព្រឹត្ត ឬទង្វើល្អៗដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគក្នុងទូរទស្សន៍ ក៏យើងអាចឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។  ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគ យើងគួរតែអធិប្បាយពន្យល់ពីការប្រព្រឹត្ត និងទង្វើរបស់អ្នកសម្ដែងក្នុងសាច់រឿង ឱ្យកូនបានយល់ និងដឹងថា អ្វីជារឿងល្អ-មិនល្អ  អ្វីគួរធ្វើ និងមិនគួរធ្វើ  ដើម្បីកុំឱ្យកូនយកតម្រាប់តាមការប្រព្រឹត្ត និងទង្វើមិនល្អ ដែលកូនមើលឃើញទាំងនោះ។

       ទោះយ៉ាងណាស្ថាប័នគ្រួសារ ក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅដល់កូនរបស់យើង ឱ្យក្លាយជាមនុស្សល្អបានដែរ។ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឱ្យកូនបានយល់ដឹងកាន់តែច្រើនឡើង ដើម្បីកុំឱ្យកូនមានអារម្មណ៏ថា រូបគេឯកោ ឬឪពុកម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះអាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេងនៅពេលអនាគតបាន៕
You think it’s fun, and they do, too.
Young happy parents communicating while watching a movie with their small kids in the living room.
×