មិនថាហេតុការណ៍ដែលធ្វើឱ្យអ្នក និងគេ ត្រូវបែរខ្នងដាក់គ្នានោះ វាធ្ងន់ធ្ងរប៉ុនណាក៏ដោយ តែបើសិនជាមានពាក្យ “សុំទោស” បន្លឺចេញមកពីមាត់របស់អ្នកណា ដែលដឹងខ្លួនថាខុសហើយនោះ សម្ព័ន្ធភាពស្នេហ៍ ដែលមើលទៅហាក់ដូចជាបម្រុងនឹងដាច់ភឹងទៅហើយនោះ អាចនឹងបែរមកផ្គុំគ្នាជាថ្មីឡើងវិញម្ដងទៀតបាន ព្រោះពាក្យ “សុំទោស” ប្រៀបដូចជាមន្តអាគមគាថា ដែលចងភ្ជាប់ ភ្ជិតស្នាមប្រេះបែករបស់គូស្នេហ៍គ្រប់រូបដូច្នោះដែរ។ ចូរសាកល្បងនាំយកពាក្យណែនាំដូចតទៅនេះ ទៅប្រើប្រាស់សាកលមើល ដើម្បីក្រែងលោទាស់ចិត្តគ្នាលើកក្រោយ អ្នកអាចនឹងហ៊ានសម្រេចចិត្ត ធ្វើជាអ្នកចូលទៅសុំទោសគេមុនបានដោយមិនទើសទាល់។
១-រំឭកហេតុការណ៍ឡើងវិញ ខណៈពេលដែលអ្នកមានអារម្មណ៍ត្រជាក់ឡើងវិញហើយ គួបផ្សំនឹងសេចក្តីស្រឡាញ់ ដែលអ្នកនៅមានចំពោះរូបគេផងនោះ នឹងធ្វើឱ្យអ្នកមើលឃើញហេតុការណ៍ពេលឈ្លោះទាស់ទែងគ្នានោះយ៉ាងយុត្តិធម៌ និងច្បាស់លាស់ឡើង ហើយមានអារម្មណ៍ពេញចិត្ត និងស្ម័គ្រចិត្តក្នុងការពោលពាក្យ “សុំទោស”។
២-បើអ្នកមានអារម្មណ៍ថា ញាប់ញ័រ ភ័យ ឬមិនហ៊ាន អ្នកអាចហាត់និយាយម្នាក់ឯងសាកមើលសិនក៏បាន ដោយនិយាយឱ្យបានតាមចំណុចដែលបានព្រាងទុក។ វានឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។
៣-ការទទួលស្គាល់កំហុសដែលត្រូវចំចំណុច ក្រៅពីជួយផ្គុំ ភ្ជិតស្នាមប្រេះឆាបានយ៉ាងឆាប់ហើយ វាថែមទាំងជាការបង្ហាញនូវភាពប្រកាន់ខ្ជាប់លើគំនិតដែលត្រឹមត្រូវរបស់អ្នកទៀតផង។
៤-កុំគិតចង់និយាយដោះសា កែខ្លួនឱ្យសោះ ព្រោះបើអ្នកដោះសាកែខ្លួន ឬអាងនេះ អាងនោះ អ្នកមិនចាំបាច់ទៅសុំទោសគេទេ ព្រោះវានឹងធ្វើឱ្យក្លាយជារឿងវែងឆ្ងាយឥតប្រយោជន៍។
៥-ខណៈពេលដែលគេនិយាយ អ្នកគួរតែនៅស្ងៀម ហើយស្តាប់គេយ៉ាងតាំងចិត្ត និងគិតទៅតាមអ្វីដែលគេនិយាយ វានឹងធ្វើឱ្យអ្នកយល់ពីអារម្មណ៍របស់គេ និងធ្វើឱ្យកើតមានភាពយល់ដឹងអំពីគ្នាបានកាន់តែងាយឡើង។
៦-មិនថាគេជះកំហឹងខ្លាំងៗមកយ៉ាងណា ឬមានប្រតិកម្មមិនពេញចិត្តរូបអ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកចាំបាច់ត្រូវតែទទួលយក និងនៅស្ងៀមឱ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបាន ព្រោះការនៅស្ងៀមរបស់អ្នក នឹងជួយឱ្យអារម្មណ៍របស់គេស្ងប់ទៅវិញបាន រហូតដល់អ្នកចាប់ផ្តើមមានឱកាសក្នុងការនិយាយទៅវិញ ពីអ្វីដែលអ្នកបានត្រៀមទុកហើយ។
៧-សាកល្បងសួរគេទៅមើល៍ថា តើមានវិធីណាខ្លះដែលអ្នកល្មមអាចធ្វើបាន ដើម្បីជាការតបស្នងទៅគេវិញបាន តាមដែលអ្នកអាចធ្វើទៅបាន ដើម្បីជាការផ្សារភ្ជិតស្នាមប្រេះឆា និងធ្វើឱ្យសម្ព័ន្ធភាពរវាងរូបអ្នក និងគេ បានវិលត្រឡប់មកដូចពីដើមវិញ ឬយ៉ាងហោចណាស់ក៏ដើម្បីកូនដែរ។
៨-កុំធ្វើខុសក្នុងរឿងដដែលៗទៀត ព្រោះគ្មានអ្នកណាគេអភ័យទោសឱ្យអ្នកក្នុងរឿងដដែលៗបានគ្រប់តែពេលនោះទេ និងដែលសំខាន់បំផុតគឺ ការធ្វើខុសក្នុងរឿងដដែលៗ មិនអាចនិយាយបានថាជាកំហុសឆ្គងចៃដន្យនោះទេ តែជារឿងដែលអ្នកមានចេតនាចង់ធ្វើតែម្តង ទាំងដឹងច្បាស់ហើយថា វាមិនត្រឹមត្រូវ។ បើសិនជាវានៅតែអ៊ីចឹង ធានាថា “ពាក្យសុំទោស” មិនអាចជួយអ្វីអ្នកបានឡើយ និងសង្ឃឹមថា ច្បាស់ជាបានលែងលះគ្នានៅថ្ងៃណាមួយមិនខាន៕