ភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិធីសម្ពោធជាផ្លូវការព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកលើកទី ៨ បានប្រារព្ធឡើងក្រោម អធិបតីភាពរបស់ ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ឯកឧត្តម Dominic Williams អគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា លោកភារៈធារីស្ថានទូតអូស្ត្រាលី Andreas Zurbrugg និងលោក Sreng Mao នាយកប្រចាំប្រទេសនៃស្ថាប៍ន IDP Education និង ស្ថាបនិកសន្និបាតបញ្ញវន្តពិភពលោក នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។
សិស្សនិស្សិត និងអាណាព្យាបាលប្រមាណជាង ១៥០០ នាក់បានចូលរួមព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកដ៏ធំប្រចាំឆ្នាំនេះ នៅថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្មវិធីនេះរួមមាន ពិព័រណ៌ការសិក្សានៅបរទេស និងអាជីព ដែលរំលេចឲ្យឃើញពីសារៈសំខាន់នូវការបង្កើនទំនាក់ទំនងក្នុងសន្និសីតបញ្ញវន្តពិភពលោកទាំងមូល។ កម្មវិធីផ្តល់ឲ្យអ្នកចូលរួមនូវឱកាសក្នុងការកសាងបណ្តាញការងារ បង្កើតភាពជាដៃគូ និងអបអរសាទរចំពោះភាពរីកចម្រើននៃការអប់រំអន្តរជាតិ នៅកម្រិតបុគ្គល កម្រិតស្ថាប័ន និងកម្រិតជាតិ។

ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយស្ថាប័ន IDP Education ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក។
ការតាំងពិព័រណ៌រួមមានតំណាងស្ថាប័នអប់រំប្រមាណ ១០០ ស្ថាប៍នមកពីបណ្តាប្រទេសនានាលើពិភពលោកដូចជា ប្រទេសអូស្រ្តាលី កាណាដា អៀរឡង់ ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត ដែលបានធ្វើបទបង្ហាញពីជម្រើសសិក្សាលំដាប់ពិភពលោក ការដាក់ពាក្យចូលរៀន ការសុំទិដ្ឋាការ និង ឱកាសអាហារូបករណ៍ជាច្រើន ក្នុងនោះក៏រួមមានការចូលរួមពីសាលា ACE និង ការប្រលងតេស្ត IELTS ពីស្ថាប័នអប់រំ IDP ព្រមទាំងបណ្តាអ្នកផ្តល់ជូនអាហារូបករណ៍នានាដូចជា Australia Awards, New Zealand Scholarships, Chevening និង Fulbright ជាដើម។
ស្ថាប័ន IDP Education ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីតាំងពីឆ្នាំ១៩៦៩ ជាស្ថាប័នឈានមុខលើពិភពលោកក្នុងការផ្តល់ប្រឹក្សា និងបញ្ចូនសិស្ស និស្សិតទៅសិក្សានៅបរទេស។ បច្ចុប្បន្ន IDP Education ដំណើរការជាង ១៦០ ការិយាល័យក្នុងប្រមាណ ៥០ ប្រទេសជុំវិញពិភពលោក។ ឆ្នាំនេះ គឺជាខួបអបអរសាទរ ៣០ ឆ្នាំ របស់ស្ថាប័ន IDP ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានសង្កេតឃើញថា៖ សិស្សនិស្សិតកម្ពុជាដែលមានឱកាសទៅបន្តការសិក្សានៅបរទេស ពិតជាបាន នាំត្រលប់មកវិញនូវជំនាញ និងទស្សនវិស័យ ដែលនេះជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តមអគ្គរដ្ឋទូតក៏បានបន្តទៀតថា មិនថាអ្នកជ្រើសសិក្សានៅទីណាទេ តម្លៃនៃការអប់រំបានបង្កើតឱកាសដ៏មហាសាល វាជួយយើងឲ្យមានការអភិវឌ្ឍន៍ និងរស់នៅប្រកបដោយ សន្តិភាព សុវត្ថិភាព និងវិបុលភាព។
ឯកឧត្តម Dominic Williams អគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជាបានថ្លែងក្នុងសន្និបាតថា៖ ជំនាញដែលសិស្សនិស្សិតកម្ពុជាយកត្រលប់មកប្រទេសវិញ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែប្រសើរឡើង។ ខណៈដែលកម្ពុជាអភិវឌ្ឍពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម ប្រជាជន និងប្រទេសត្រូវការជំនាញថ្មី និងទំនើបជាងមុនដើម្បីបន្តបានការរីកចម្រើន និងជោគជ័យក្នុងសេដ្ឋកិច្ចពិភពលោក។

លោកភារៈធារីស្ថានទូតអូស្ត្រាលី Andreas Zurbrugg បានកោតសរសើរស្ថាប័នអប់រំ IDP Education លើកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យក្នុង ដំណើររាល់កិច្ចការតាមប្រព័ន្ធអ៊ីនធឺណិតអំឡុងពេលជម្ងឺរាតត្បាត និងការបើកឲ្យសិស្សានុសិស្សចូលរៀនក្នុងថ្នាក់ឡើងវិញបានយ៉ាងជោគជ័យ។
លោកក៏បានបន្ថែមទៀតដែលថា ការតាំងពិព័រណ៍នេះបង្ហាញពីភាពស៊ីជម្រៅ និងទូលំទូលាយនៃឱកាសអប់រំជុំវិញពិភពលោក រួមទាំងអ្វីដែលអូស្ត្រាលីផ្តល់ជូនផងដែរ។ វាគឺជាវេទិកាដ៏ល្អបំផុតមួយសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកឱកាសទៅសិក្សានៅបរទេស។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា GAC ឆ្លុះបញ្ចាំងពីឥទ្ធិពលយ៉ាងសំខាន់ដែលអតីតសិស្ស និស្សិតមានលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញសម្រាប់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍នេះក៏ទទួលស្គាល់ការរួមចំណែករបស់ពួកគេនៅក្នុងវិស័យ និងជួររដ្ឋាភិបាល។
ឆ្នាំនេះ ពួកយើងប្រារព្ធខួបអបអរសាទរនូវសេវាកម្មដាក់សិស្សឲ្យទៅសិក្សានៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ជាពិសេសទៅលើវិស័យអប់រំនៅបរទេស និងភាសាអង់គ្លេស។

លោកក៏បានបន្ថែមដែលថា ស្ថាប័នអប់រំ IDP Education ដោយមានការគាំទ្ររបស់លោកអ្នក និងបន្តបេសកកម្មរបស់យើង ក្នុងការភ្ជាប់សិស្សានុសិស្សឲ្យទទួលបានឱកាសសិក្សាប្រកបដោយគុណភាព និងលើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងពង្រឹងឲ្យមានអ្នកដឹកនាំជំនាន់ក្រោយ តាមរយៈការអប់រំអន្តរជាតិ។
ដើម្បីស្វែងយល់បន្ថែមអំពី សន្និបាតបញ្ញវន្តពិភពលោក សូមចូលទៅកាន់ ៖ www.cambodiaga.org
សិស្សនិស្សិត និងអាណាព្យាបាល អាចមកការិយាល័យផ្តល់សេវាកម្មបញ្ជូនសិស្សនិស្សិតទៅរៀននៅបរទេសរបស់ស្ថាប័នអប់រំ IDP បានដើម្បីទទួលបានការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សាដោយឥតគិតថ្លៃ ដែលមានទីតាំងនៅគ្រប់សាខាទាំង ៦ របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
