Friday, December 2, 2022

ក្រុមហ៊ុន Swire Coca-Cola ទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជាបានសម្រេចជាផ្លូវការហើយ

spot_img

ការពង្រីកវិសាលភាពអាជីវកម្ម ចូលតំបន់អាស៊ីអាគ្នេយ៍

ហុងកុង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Swire Coca-Cola Limited ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុងរបស់ក្រុមហ៊ុន Swire Pacific Limited (HKSE: 00019/00087) បានប្រកាសនៅថ្ងៃនេះ អំពីការបញ្ចប់បែបបទនីតិវិធីជាស្ថាពរក្នុងការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកា-កូឡា ដែលផលិតនិងចែកចាយនៅកម្ពុជា។ Swire Coca-Cola នឹងទទួលកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd. និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។

ការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។ ការបញ្ចប់ការទិញលក់ជាស្ថាពរនេះ ក៏ឆ្លុះបញ្ចាំងនូវចក្ខុវិស័យក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុន Swire Coca-Cola ចូលក្នុងតំបន់ដែលពោរពេញទៅដោយភាពរីកចម្រើន និងសក្តានុពល។ ស្របពេលជាមួយគ្នានេះ បុគ្គលិកជាង ៩០០នាក់ ទទួលបានការស្វាគមន៍ចូលជាសមាជិកក្រុមការងាររបស់ក្រុមហ៊ុនSwire Coca-Cola។

លោក Patrick Healy ប្រធានក្រុមហ៊ុន Swire Coca-Cola បានមានប្រសាសន៍ថា “ការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាស្ថាពរនៅកម្ពុជា គឺជាការបោះជំហានដ៏ធំដំបូងបំផុត សម្រាប់ក្រុមហ៊ុន Swire Coca-Cola ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃធ្វើការជាមួយនឹងក្រុមការងារថ្មី ហើយក៏មានក្តីរំភើបចំពោះសន្ទុះនៃភាពរីកចម្រើននៃទីផ្សារភេសជ្ជៈនៅកម្ពុជា។ យើងមានភាពជឿជាក់ជាវិជ្ជមាន ចំពោះសក្តានុពល និងការរីកចម្រើនរបស់ក្រុមហ៊ុន Swire Coca-Cola នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។”

លោកស្រី Karen So អគ្គនាយកក្រុមហ៊ុន Swire Coca-Cola បានលើកឡើងថា “យើងមានភាពសោមនស្សរីករាយដែលបានទិញយកក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡានៅកម្ពុជាបានជាផ្លូវការ។ តាមរយៈបទពិសោធន៍របស់យើងលើផ្នែកពាណិជ្ជកម្ម ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបម្រើអតិថិជន និងបច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់ផ្សេងៗដែលយើងកំពុងធ្វើអាជីវកម្ម បូករួមជាមួយសមត្ថភាពជំនាញរបស់ក្រុមការងារនៅកម្ពុជាផ្ទាល់ យើងនឹងបន្តផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន និងអ្នកញ៉ាំនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពជាវិជ្ជមានក្នុងសហគមន៍មួយនេះ។”

“ក្រុមហ៊ុន Swire Coca-Cola ជាក្រុមហ៊ុនផលិតនិងចែកចាយយុទ្ធសាស្ត្រមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនកូកា-កូឡា ហើយក្រុមហ៊ុននេះដែរមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចិន និងផ្នែកខ្លះនៃភាគខាងលិចសហរដ្ឋអាមេរិក។ យើងមានជំនឿចិត្តថា ក្រុមហ៊ុន Swire Coca-Cola មានឆន្ទៈ និងសមត្ថភាពក្នុងការពន្លឿនភាពរីកចម្រើនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។” នេះ បើតាមការលើកឡើងរបស់ លោកស្រី Claudia Lorenzo ប្រធានក្រុមហ៊ុនកូកា-កូឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិកខាងត្បូង។

អំពីក្រុមហ៊ុន Swire Coca-Cola Limited
ក្រុមហ៊ុន Swire Coca-Cola ជាផ្នែកមួយនៃក្រុមហ៊ុន Swire Pacific Limited ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (stock code៖ 00019/ 00087)។ ក្នុងនាមជាក្រុមហ៊ុនផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី៥លើពិភពលោកផ្អែកលើបរិមាណ ក្រុមហ៊ុន Swire Coca-Cola មានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុង ១១ខេត្ត និងរដ្ឋធានីសៀងហៃនៃចិនដីគោក តំបន់ស្វយ័តហុងកុង តំបន់តៃវ៉ាន់ កម្ពុជា និង១៣រដ្ឋក្នុងសហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងក្រុមហ៊ុន Swire Coca-Cola និងក្រុមហ៊ុនកូកា-កូឡា ចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥ ក្នុងពេលដែលក្រុមហ៊ុន Swire កាន់កាប់ភាគហ៊ុនច្រើនជាងគេក្នុងក្រុមហ៊ុនផលិតនិងចែកចាយនៅហុងកុង។ ក្រុមហ៊ុន Swire Coca-Cola ផលិតភេសជ្ជៈ ជាង៦០ម៉ាកផលិតផល និងចែកចាយផលិតផលទាំងនោះ ទៅកាន់ប្រជាជនជាង ៧៨០លាននាក់។
អាសយដ្ឋានគេហទំព័របស់ក្រុមហ៊ុន Swire Coca-Cola ៖ www.swirecocacola.com.
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោកស្រី Vicky Tse – ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ
លេខទូរស័ព្ទ: (852) 2840 8724
អ៊ីម៉ែល: vickytse1@swirecocacola.com

អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨,០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាពដែលរួមមាន ភេសជ្ជៈ មានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើន ក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន(Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
លេខទូរស័ព្ទ: (+855)95 888 966
អ៊ីម៉ែល: smunyvorleak@coca-cola.com.kh