Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងសុភមង្គល៖ “ខ្ញុំធុញដល់ហើយ!” ទង្វើ ៧យ៉ាងរបស់ភរិយា ដែលស្វាមីមហាសែនធុញ!

ជឿថា បងៗបុរសយើងទាំងឡាយ ពេលខ្លះក៏ប្រហែលជាចង់និយាយពីអារម្មណ៍ដែលខ្លួនឯងមានចំពោះភរិយា អំពីទង្វើមួយចំនួន ដែលខ្លួនមិនសូវជាចូលចិត្តប៉ុន្មាននោះខ្លះមិនខាន។ អាចមិនមែនជារឿងអីធំដុំទេ តែបញ្ហាទាំងអស់នោះ បើសិនជាព្រមព្រៀងគ្នាកែសម្រួល យើងជឿថា សម្ព័ន្ធភាពក្នុងគ្រួសារ ច្បាស់ជានឹងល្អប្រសើរឡើងមិនខាន។

១-តែងខ្លួនយូរនោះយូរ!
ភាពស្រស់ស្អាតជាគូគ្នានឹងមនុស្សស្រីគ្រប់រូប ដូចដែលពាក្យគេនិយាយថា មាន់ល្អព្រោះរោម មនុស្សស្អាតព្រោះតែង តែនារីៗខ្លះក៏តែងខ្លួនយូរជ្រុលពេក ជាហេតុធ្វើឱ្យទៅធ្វើការយឺតពេលរហូត តែវាមិនមែនតែអ្នកនាងកញ្ញាយើង យឺតពេលតែម្នាក់ឯងឯណា វាអូសទាំងស្វាមីដែលត្រូវធ្វើជាអ្នកបើកបរជូនទៅជូនមកនោះ ឱ្យទៅធ្វើការយឺតពេលដែរ…(បើអ៊ីចឹង មិនឱ្យធុញទ្រាន់យ៉ាងម៉េច?)។

២-មហាសែនរញ៉ាំរញូវ រអ៊ូច្រើន
ពេលខ្លះការរអ៊ូគ្រប់រឿង និយាយច្រើនគ្រប់យ៉ាង វាមិនមែនជាវិធីកែបញ្ហាដែលល្អនោះទេ។ អ្នកនាងកញ្ញាណា ដែលដឹងខ្លួនថា ប៉ិនរញ៉ាំរញូវ រអ៊ូច្រើន គួរតែបន្ថយ និងបញ្ឈប់ខ្លះហើយបា៎ទ មិនដូច្នោះទេ លោកប្ដីដែលនៅជិតខ្លួនហ្នឹង អាចនឹងក្លាយជាអ្នកដទៃបានណា៎ តិចថាមិនបានប្រាប់!

៣-មិនធ្វើការងារផ្ទះ
នារីៗសម័យថ្មីមួយចំនួន មើលឃើញរឿងទាំងនេះ ថាជារឿងតូចតាច។ អត់ធ្វើការងារផ្ទះ ក៏មិនឃើញមានអីដែរ? ខំប្រឹងតែធ្វើការរកលុយទៅ គឺគ្រប់គ្រាន់ហើយ។ តែលោកប្ដីចង់ប្រាប់ថា ការងារផ្ទះសំបែង គឺជាអ្វីដែលវាមិនមានអីពិបាក ដូចម៉ែប្រពន្ធគិតទេ។ ដូច្នេះអ្នកនាងកញ្ញាណា ដែលមិនដែលកាន់ មិនដែលប៉ះឈើអំបោស ចូរសាកល្បងវាសៗ បោសៗ ជូតៗ ខាត់ៗ ខ្លះទៅមើល ធានាថា គ្មានអីពិបាកទេ ហើយថែមទាំងដូចបានហាត់ប្រាណទៀតផង។

៤-តាមសួរដេញដោល
ទង្វើនេះ រាប់បានថា មានគ្រោះថ្នាក់ចំពោះសម្ព័ន្ធភាពស្នេហ៍ខ្លាំងណាស់ ព្រោះភាពប្រយ័ត្នប្រយែងមិនទុកចិត្ត តាមមើល តាមសួរដេញដោលគ្រប់តែទង្វើរបស់ស្វាមីនេះ វានឹងនាំមកនូវភាពរំខានរ៉ាវឆានក្នុងគ្រួសារ។ ពេលខ្លះ ជាប្ដីប្រពន្ធនឹងគ្នា ក៏គួរតែឱ្យមានចន្លោះកណ្ដាលរវាងគ្នានឹងគ្នាខ្លះដែរ មិនមែននៅសុខៗ ក៏យកទូរស័ព្ទរបស់លោកប្ដីមក ចុចមើលលេខប្លែកៗ ហើយសួរថា លេខហ្នឹងរបស់អ្នកណាគេ? ប្រុស ឬស្រី? ខលនិយាយគ្នារឿងអី? អ៊ីចឹងទេណា៎។

៥-ងង៉ក់រករឿងច្រើន
ការដែលមនុស្សស្រីមានចរិតម្ញិកម្ញ៉ក់ខ្លះនោះ ក៏វាជារឿងល្អម្យ៉ាងដែរ តែអ្នកខ្លះ វាហួសពាក្យថា ម្ញិកម្ញ៉ក់ វាក្លាយជា ងង៉ក់រករឿងច្រើន គឺធ្វើមុខក្រញេវក្រញូវ រករឿង ចង់យកគ្រប់យ៉ាងដែលខ្លួនឯងចង់បាន ដល់មិនបានដូចខ្លួនឯងចង់ ក៏បញ្ចេញទង្វើដូចក្មេងៗតែម្ដង។ ដូច្នេះអ្នកណាដែលដឹងខ្លួនថា មានទង្វើបែបហ្នឹង ក៏គួរបន្ថយៗខ្លះទៅណា៎។

៦-ប្រមឹកខួប
ពិធីជប់លៀងបែបនារីៗសម័យថ្មី គឺជាអ្វីមួយដែលមនុស្សជាច្រើនមិនអាចខ្វះបាន។ ឱ្យតែដល់ល្ងាចថ្ងៃសុក្រ គឺត្រូវតែចេញរាត្រីចរ ជាមួយក្រុមមិត្តភក្តិនារីៗដូចគ្នាមិនដែលខាន ហើយទម្រាំតែត្រឡប់មកដល់ផ្ទះវិញ ក៏ជិតភ្លឺឯណោះ។ លោកប្ដីចង់ប្រាប់ថា ទង្វើបែបហ្នឹង យូរៗម្ដង ប្ដីអាចល្មមទ្រាំបាន តែបើសិនជាធ្វើអ៊ីចឹងញឹកញាប់នោះ ប្រហែលមានផលប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍មិនខាន។

៧-ចូលចិត្តសួររឿងអតីតកាល
យើងជឿថា ភរិយា ៩០% ចូលចិត្តចង់ដឹងរឿងរ៉ាវពាក់ព័ន្ធនឹងរឿងអតីតស្នេហា ឬអតីតគូស្នេហ៍របស់ស្វាមី ដូចជា តើនាងស្អាតអត់? នាងធ្វើការអីដែរ? ស្គាល់គ្នាបានយូរប៉ុនណាដែរ? អូខេ -ល និងល ដែលយើងក៏មិនដឹងដែរថា មិនដឹងជាចង់ដឹងរឿងអស់ហ្នឹងយកទៅធ្វើអី? ហើយថែមទាំង បើសិនជាយើងមិនឆ្លើយផងនោះ មហាភរិយាយើង ច្បាស់ជាមួម៉ៅដាក់យើងមិនខាន ហ៊ឺ…។

ភរិយាណាខ្លះ ដឹងខ្លួនថា មានទង្វើបែបទាំងអស់ហ្នឹង កុំភ្លេចកែសម្រួលខ្លួនឯងឡើងវិញផងណា៎ ហើយអ្វីដែលសំខាន់នោះគឺ លោកប្ដី ក៏ត្រូវតែធ្វើខ្លួនឱ្យគេទុកចិត្តដែរ និងជួយភរិយាធ្វើការងារផ្ទះណាដែលអាចធ្វើបានខ្លះផង។ ទាំងអស់ហ្នឹង គឺដើម្បីសម្ព័ន្ធភាពស្នេហ៍ និងជីវិតគូដ៏ស្ថិតស្ថេរយូរអង្វែងហ្នឹងឯង៕

×