មិនថាអ្នកមានរថយន្តផ្ទាល់ខ្លួន ឬក៏អត់នោះទេ តែពេលណាក៏ដោយ ដែលអ្នកជិះនៅក្នុងឡាន អ្នកតែងតែឃើញមានដបទឹកបរិសុទ្ធនៅក្នុងឡានជានិច្ច មិនថាដបតូច ឬដបធំ និងមានទឹកពេញៗដប ដែលជារង្វាន់បានមកពីពេលចាក់សាំងឡាននោះទេ ហើយក្នុងអំឡុងពេលធ្វើដំណើរ បើសិនស្រេកទឹកផង យើងក៏ស្រវារាវរកពីក្រោមកៅអីយកមកញ៉ាំភ្លាមតែម្ដង។ ដូច្នេះហើយ ទើបកើតមានសំណួរជាច្រើន សួរថា ការញ៉ាំទឹកពិសាបរិសុទ្ធក្នុងដបប្លាស្ទិក ដែលទុកចោលនៅក្នុងឡានបែបនេះ តើវានឹងមានគ្រោះថ្នាក់ចំពោះសុខភាពយើងដែរឬទេ? ថ្ងៃនេះយើងសូមនាំយកចម្លើយ មកជម្រាបជូនមិត្តអ្នកស្ដាប់ដូចតទៅ…
តើទឹកពិសាបរិសុទ្ធ ដែលទុកចោលនៅក្នុងឡាន មានគ្រោះថ្នាក់ចំពោះសុខភាពយើងដែរឬទេ?
តាមរយៈជំនឿដែលថា ទឹកពិសាដែលទុកចោលនៅក្នុងរថយន្តនោះ ត្រូវចំហាយក្តៅនៅក្នុងឡានដុតកម្ដៅ ឬត្រូវពន្លឺថ្ងៃចាំងចំ រហូតធ្វើឱ្យដបជ័រប្លាស្ទិកឡើងក្តៅងំ ហើយរលាយលាយឡំទៅក្នុងទឹកបរិសុទ្ធ ដែលនៅក្នុងនោះ ការពិតទៅ បច្ច័យដែលប្រឈមនឹងគ្រោះថ្នាក់បែបនេះ យើងត្រូវមកមើលសិនថា តើវាមានតិច ឬច្រើនប៉ុនណា ដូចជា…
-តើសីតុណ្ហភាពកម្ដៅនៅក្នុងរថយន្ត ក្តៅខ្លាំង ឬតិចប៉ុនណា?
-តើដបទឹកពិសាបរិសុទ្ធប្លាស្ទិក ជាដបជ័រប្លាស្ទិកប្រភេទណា? និងធន់នឹងកម្ដៅបានខ្លាំង-តិចប៉ុនណា?
តើដបទឹកពិសាបរិសុទ្ធក្នុងប្រទេសយើង ជាដបប្លាស្ទិកប្រភេទណា?
ដបទឹកបរិសុទ្ធក្នុងប្រទេសយើងនេះ ការពិតទៅ មានច្រើនប្រភេទណាស់ តែភាគច្រើនៗតែជាដបប្រភេទPET (ដបជ័រថ្លាៗ) ឬ PETE ដែលត្រូវបានចាត់ទុកថា ជាប្រភេទប្លាស្ទិកលេខ១ អាចការពារការជ្រាបចូលរបស់ឧស្ម័នហ្គាសផ្សេងៗបានយ៉ាងល្អ ទើបត្រូវបានគេនាំយកមកដាក់ទឹកពិសាបរិសុទ្ធ ទឹកភេសជ្ជៈផ្លែឈើផ្សេងៗ ប្រេងឆា ឬសូម្បីតែទឹកជ្រលក់ផ្សេងៗក៏បានដែរ។ ដបទឹកពិសាបរិសុទ្ធប្រភេទ PET នេះអាច
ធន់នឹងកម្ដៅបានខ្ពស់ដល់ទៅ ៦០-៩៥អង្សាC ឯណោះ។
បើដបប្លាស្ទិកត្រូវនឹងកម្ដៅ តើវានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ ចេញមកលាយឡំជាមួយទឹកដែលនៅក្នុងដបនោះដែរឬទេ?
នៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយ ថាតើវានឹងមានគ្រោះថ្នាក់ដល់សុខភាពមនុស្សយើង ដូចដែលគេបាននិយាយនោះដែរឬយ៉ាងណានៅឡើយ តែក្នុងករណីដែលយើងទុកដបទឹកពិសាបរិសុទ្ធចោលនៅក្នុងឡាននោះ វានឹងគ្មានកើតជាបញ្ហាអ្វីឡើយ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនោះ មិនដល់ ៦០អង្សាC ឡើយ។
តែយ៉ាងណាក៏ដោយ ទឹកពិសាបរិសុទ្ធនៅក្នុងដបជ័រប្លាស្ទិក ដែលយើងញ៉ាំរាលថ្ងៃនេះ ត្រូវបានផលិតឡើងជាដប ដែលសម្រាប់ប្រើបានតែម្តង រួចហើយបោះចោលប៉ុណ្ណោះ ដូច្នេះបើចង់ប្រើប្រាស់ម្តងទៀត គួរប្រយ័ត្នប្រយែងពីរឿងភាពស្អាតបាត និងអនាម័យឱ្យបានល្អជាមុនសិន៕