Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការងារ៖ ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារ ការលើកកំពស់សិទ្ធិការងារពលករទេសន្តរប្រវេសន៍

spot_img

ភ្នំពេញ៖ ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ជ្រើសរើសឯកជនកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ជាឧបករណ៍មួយកំណត់នូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។ ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារ ការលើកកំពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។ លើសពីនេះទៀត ក្រមសីលធម៌នេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៏ សម្រាប់ពលករទេសន្តរប្រវេសន៍អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជនដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធវាយតម្លៃសាកល្ប ងនៃការអនុវត្តក្រមសីលធម៌ ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO សមាគម ACRA និងសមាគម MAC ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តអោយទីភ្ញាក់ងារជ្រើសរើសឯកជនទាំងអស់ដែលបានទទួលអាជ្ញាបណ្ណពីក្រសួង ចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ដ៏មានសារសំខាន់នេះ ដើម្បីបង្ហាញឱ្យឃើញការបេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់ អំពើជួញដូរមនុស្ស, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនង ជាមួយគ្រួសារនិងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរ ដោយខ្លួនឯង។

បច្ចុប្បន្នប្រទេសកម្ពុជាមានពលករសរុបចំនួនប្រមាណជាង ១លាន២សែននាក់។ បើតាមការប៉ាន់ស្មានពលករកម្ពុជា បានផ្ញើរថវិកាមកកម្ពុជាដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរ ចំពោះ “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×