Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព

spot_img

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ សូម ឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្មនិងការចាប់ផ្ដើមធ្វើធុរកិច្ចដោយខ្លួនឯង។

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួម អបអរសាទរជូនបងប្អូនជនរួមជាតិ ពិសេសជនមានពិការភាពកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធ ទិវាជនមានពិការភាព កម្ពុជាលើកទី២៤និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ “ពិការភាពទាំងអស់មិន អាចកំណត់ដោយការមើលនឹងភ្នែកនោះទេ” នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ជាការពិតណាស់ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជារបស់យើងបានទទួលឥទ្ធិពលអវិជ្ជមាន ឆ្លងកាត់វិបត្តិជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចពិភពលោកដែលជាហេតុធ្វើឱ្យមាន ការអាក់ខានការប្រារព្ធពិធីមីខ្ទីងជាផ្លូវការនៃទិវាជនមានពិការភាពនៅកម្ពុជា។ ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាលមិនបាន រៀបចំកម្មវិធីជាផ្លូវការនាពេលកន្លងមកនេះក្តី ក៏ខ្ញុំព្រះករុណា ខ្ញុំបានចាត់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខនិងនាំយកនូវអំណោយដើម្បីចែកជូនជនមាន ពិការភាពនៅតាមសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីចូលរួមដោះស្រាយនូវការលំបាកមួយគ្រាៗ និងជា ការបង្ហាញអំពីការយកចិត្តទុកដាក់ដែលមិនអាចកាត់ផ្តាច់និងមើលរំលងបានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនជនមាន ពិការភាព បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងមកយ៉ាងណាក្តី។

បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ប្រមែប្រមូល និងបញ្ជាទិញវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាជនកម្ពុជា ពិសេសជូនជនមានពិការភាពដើម្បីឱ្យរួចផុតពីសេចក្ដីស្លាប់ដែលបណ្តាលមកពីជំងឺ ដ៏កាចសាហាវនេះ។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជារបស់យើងបានបើកសង្គម សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានភាព សុំក្នុងសហគមន៍ ដែលជាហេតុធ្វើឱ្យប្រទេសយើងវិលត្រឡប់មករកស្ថានភាពប្រក្រតីរស់នៅតាមគន្លងថ្មី ហើយឈានមកទទួលរៀបចំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនបន្ថែមទៀត ដែលនេះគឺជាមោទនភាពរបស់រាជរដ្ឋ ភិបាលក៏ដូចជាប្រជាជាតិយើងទាំងមូល។

ឆ្នាំ២០២២នេះ បន្ទាប់ពីការបើកដំណើរការប្រទេសពេញលេញឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក៏មានមោទនភាព ដើម្បីរៀបចំប្រារព្ធពិធីមីខ្ទីងអបអរសាទរព្រឹត្តិការណ៍៣ធ្នូ ទិវាជនមានពិការភាពកម្ពុជាលើកទី២៤និងទិវាជនមានពិការ ភាពអន្តរជាតិលើកទី៤០ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឡើងវិញក្នុងបរិបទកូវីដ-១៩ ដែលជាការបង្កឱកាសឱ្យ បងប្អូនជនមានពិការភាពបានជួបជុំសប្បាយរីករាយក្រោមដំបូលនៃសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា។

ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះភាពអត់ធ្មត់ ការយោគយល់អធ្យាស្រ័យពីសំណាក់ជនមាន ពិការភាពកម្ពុជានាពេលកន្លងមកចំពោះការអាក់ខានមិនបានរៀបចំនូវការជួបជុំជូនបងប្អូនមានពិការភាព ព្រោះជា ការចាំបាច់ដែលប្រជាជនយើងទាំងអស់គ្នាត្រូវតែចូលរួមអនុវត្ត “៣កុំ ៣ការពារ” ដែលជាលទ្ធផលអាចធ្វើឱ្យយើង ទាំងអស់គា្នរស់រានមានជីវិតនិងបានជួបជុំសប្បាយរីករាយឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្នុងន័យនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្មណ៍ពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំង ប្រទេសអស់ពីដួងចិត្ត។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមាន ពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននឹងនៅបន្តផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១និងក្រ-២) ជាក់ស្ដែងយើងបានផ្តល់សាច់ប្រាក់បានប្រមាណ ៧០៦ ០៦០គ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ៣ ៣៤៨ ២០៣ ១១១ ០០០រៀល (បីពាន់បីរយសសិប ប្រាំបីលាន ពីររយបីលាន មួយរយដប់មួយពាន់រៀលគត់) ស្មើនឹង ៨៣៧,០៥លានដុល្លារអាមេរិក (ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) ក្នុងនោះមានជនមានពិការភាពចំនួន ៦៤ ៧០៩នាក់ មនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំចំនួន ៣៦៤ ៨៨៦នាក់ និងគ្រួសារដែលមានជំងឺអេដស៏ចំនួន ២០៣១នាក់ ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក ជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ជុំទី១០ (ខែតុលា ឆ្នាំ២០២២)។

សម្តេចបានថ្លែងថា “ក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវគារវភក្តីនិងកតញ្ញូតាធម៌ថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់អំពី សុខទុក្ខកូនចៅមានពិការភាព របស់ព្រះអង្គ ដោយបានប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏វិសេសវិសាលថ្លៃថ្ល ដល់កូនចៅដែលរងគ្រោះដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព”។

បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបាន វិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្ត្រីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ។ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្ត កម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណ សំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)។

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន គុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយ គឺ៖ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការ មិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាព របស់ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។

រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។ ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំនិងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយដ៏មានសារៈប្រយោជន៍និងនិរន្តភាព។

កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់និង គ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) សម្រាប់ជនមានពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។

ក្រៅពីនេះ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ក៏ត្រូវបាន ដាក់ឱ្យប្រើជាផ្លូវការដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពស្នើសុំបណ្ណបើកបរបានស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។

ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាព ផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។ ជាមួយគ្ន នេះ ការលើកកម្ពស់ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ ស្ត្រី និងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះទៀត សម្តេចបានបញ្ជាក់ថា “ខ្ញុំសូម ឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្មនិងការចាប់ផ្ដើមធ្វើធុរកិច្ចដោយខ្លួនឯង”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×