Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ និស្ស័យ ៥យ៉ាង ដែលគួរតែបញ្ឈប់ ព្រោះវាធ្វើឱ្យខាតពេលវេលាក្នុងជីវិត

spot_img

មិនទាន់បានធ្វើអីផង ក៏អស់ពេល ១ថ្ងៃបាត់ទៅហើយ នេះគឺជាហេតុផល ដែលមនុស្សយើងតែងលើកយកមកធ្វើជាលេសអាង ដើម្បីរង់ចាំធ្វើអ្វីមួយនៅថ្ងៃស្អែក ឬលើកពេលពី១ថ្ងៃទៅ១ថ្ងៃ។ ប្រាកដណាស់ថា អ្នកខ្លះ អាចនឹងមានទម្លាប់បែបហ្នឹងមែន តែអ្នកខ្លះគ្រាន់ជាលេសអាងប៉ុណ្ណោះ…

លេសអាងដែលថានេះ អាចនឹងចេញមកពីចរិតនិស្ស័យម្យ៉ាង ដែលធ្វើឱ្យយើងខាតបង់ពេលវេលាក្នុងជីវិតដោយមិនដឹងខ្លួន ដូចជា…

១-លេងបណ្ដាញសង្គមយ៉ាងគ្មានគោលដៅ
ប្រាកដណាស់ថា បណ្ដាញសង្គម ដូចជាហ្វេសប៊ុកជាដើម ជាប្រព័ន្ធទំនាក់ទំនងដែលធ្វើឱ្យយើង ចូលទៅដល់ទិន្នន័យ និងព័ត៌មានផ្សេងៗបានយ៉ាងឆាប់រហ័ស តែជាច្រើនដងណាស់ ដែលយើងច្រើនតែលេងបណ្ដាញសង្គមយ៉ាងគ្មានគោលដៅ ដោយសារគ្រាន់តែចង់រំកិលពេលវេលាឱ្យកន្លងទៅមុខជារឿយៗតែប៉ុណ្ណោះ។ បើសិនជាយើងថយត្រឡប់ទៅមើលស្ថិតិពេលវេលា ដែលយើងប្រើប្រាស់វិញនោះ យើងអាចជួបនឹងតួលេខដែលគួរឱ្យភ្ញាក់ផ្អើលថា តើយើងខាតបង់ពេលវេលាអស់ប៉ុន្មានម៉ោងក្នុង ១ថ្ងៃ ជាមួយនឹងបណ្ដាញសង្គមនេះ។

២-បាត់របស់របរជាប្រចាំ
អាចនឹងមើលទៅ ដូចជារឿងដែលមិនបានតាំងចិត្ត ជាមួយនឹងការដែលយើងទុកដាក់របស់ណាមួយ នៅកន្លែងណាមួយក៏មិនដឹង។ វាមើលទៅដូចជារឿងមួយ គួរឱ្យអស់សំណើចខ្លាំងណាស់ តែបើសិនជាត្រិះរិះគិតឱ្យច្បាស់ វាធ្វើឱ្យយើងខាតពេលវេលា និងឱកាសអស់ជាច្រើនលើក ដូចជា ត្រូវចាប់ផ្ដើមធ្វើការអីមួយហើយ ស្រាប់តែរកប៊ិចមិនឃើញ ទម្រាំតែរកឃើញ ក៏ដល់ពេលខ្ជិលបាត់ទៅហើយ ជាដើម។ ត្រង់នេះ យើងសូមណែនាំឱ្យយុវវ័យយើង ចេះទុកដាក់របស់របរឱ្យដឹងកន្លែង។

៣-មិនដឹងគិតថា ចង់ញ៉ាំអី?
ថ្ងៃត្រង់ហ្នឹង ញ៉ាំអីទៅហ្ន៎? ល្ងាចនេះញ៉ាំអីឆ្ងាញ់ហ្ន៎? ប្អូនៗជឿទេថា នេះគឺជាបញ្ហា១ ក្នុងចំណោមបញ្ហាអត់បានការជាច្រើន និងនាំឱ្យយើងខាតពេលវេលាច្រើនបំផុតទៀតផង។ មួយរយៈក្រោយនេះ មានមនុស្សជាច្រើន បានណែនាំឱ្យចេះរៀបផែនការក្នុងការទទួលទានក្នុង ១សប្ដាហ៍ម្ដង ព្រោះក្រៅពីបានសន្សំសំចៃពេលវេលាក្នុងការរកនឹកហើយ នៅមានសញ្ញាល្អៗថា យើងចេះជ្រើសរើសញ៉ាំអាហារល្អៗ សម្រាប់ខ្លួនឯងបានទៀតផង។

៤-មិនព្រមកត់ទុក គិតតែពីចាំទុក
រាល់ថ្ងៃនេះ យើងមានរឿងរ៉ាវ ចូលមកក្នុងខួរក្បាលច្រើនណាស់ មនុស្សជាច្រើន ច្រើនតែប្រើវិធីចងចាំទុកក្នុងខួរក្បាល ច្រើនជាងការកត់វាទុកលើក្រដាស តែច្រើនដងណាស់ វាបានក្លាយជារឿងដែលធ្វើឱ្យយើងខាតពេលវេលាច្រើនបំផុត ជាមួយការត្រូវមកអង្គុយរកនឹកថា ត្រូវធ្វើអី? រឿងខ្លះ ភ្លេចហើយ ត្រូវតែប្រញាប់ធ្វើ ដូច្នេះវាធ្វើឱ្យតារាងការងារផ្សេងៗទៀត ច្របូកច្របល់ពេញហ្នឹងទាំងអស់។

៥-មិនដែលចេះធ្វើបញ្ជីឈ្មោះរបស់ ដែលខ្លួនឯងត្រូវទិញ
រឿងមួយក្នុងចំណោមរឿងក្បែរៗខ្លួន ដែលយើងតែងតែមើលរំលង គឺពេលដើរទិញអីវ៉ាន់ ទិញរបស់ប្រើប្រាស់ក្នុងផ្ទះ មនុស្សជាច្រើន ច្រើនតែមិនព្រមធ្វើបញ្ជីឈ្មោះរបស់របរ ដែលខ្លួនឯងត្រូវទិញនោះទេ ទើបធ្វើឱ្យខាតពេលវេលាដើរទៅដើរមក រកនឹក ឬដើរហួសទៅហួសមក ដោយសារតែរកនឹកមិនឃើញ ហើយស្រួលមិនស្រួល អាចនឹងអស់លុយច្រើនជាងការគិតទុកមុនទៀតផង។

ទោះជាមើលទៅ ឃើញដូចជារឿងតូចតាចក្ដី តែពេលរួមៗគ្នាទៅ វាធ្វើឱ្យយើងខាតពេលវេលាក្នុងជីវិតច្រើនណាស់។ ដូច្នេះយ៉ាងណាៗ សាកល្បងកែសម្រួលជាថ្មីលមើល ព្រោះអ្នកដែលទទួលបានប្រយោជន៍ គឺខ្លួនយើងហ្នឹងឯង៕

spot_img
×