Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ តើគួរឈ្លោះគ្នាយ៉ាងណា កុំឱ្យជីវិតជីវិតគូបែកបាក់?

spot_img

អ្នកនាងកញ្ញាណា ដែលមានគូស្នេហ៍ជាមនុស្សប៉ិនខឹងមួម៉ៅ ឬក៏ខ្លួនឯងហ្នឹងឯង ជាអ្នកដែលមិនព្រមចុះចាញ់គេ ឬអាត្មានិយម រហូតក្លាយជារឿងឈ្លោះទាស់ទែងគ្នាស្ទើរគ្មានលស់ថ្ងៃ ដែលជួនកាល រឿងតូចមួយសោះ ក៏យកមកធ្វើជាប្រធានបទជម្លោះ ធ្វើឱ្យភាពផ្អែមល្ហែមក្នុង ១ថ្ងៃៗបាត់បង់អស់រលីង។ ដូច្នេះ គូស្នេហ៍ណាដែលមានបញ្ហាឈ្លោះទាស់ទែងគ្នាសឹងតែរាល់ថ្ងៃ ចង់រឹតបន្តឹងសម្ព័ន្ធភាពស្នេហ៍ឡើងវិញ មុននឹងអ្វីៗហួសពេលនឹងកែកុនបាននោះ តទៅនេះ គឺជាគន្លឹះល្អៗ ដែលនឹងធ្វើឱ្យនារីៗយើង និងគូស្នេហ៍ ត្រឡប់មកផ្អែមល្ហែមគ្នាជាថ្មី ទោះជានៅមានការប្រកែកប្រណាំងគ្នាខ្លះក៏ដោយ តែក៏ជួយឱ្យសម្ព័ន្ធជីវិតគូ នៅតែរឹងមាំគង់វង្សតទៅបានដែរ។

១-ដឹងខ្លួនថា ជិតចាប់ផ្ដើមឈ្លោះហើយ ចូរប្រញាប់ដើរចេញរៀងៗខ្លួន
បើជាគូស្វាមីភរិយា ដែលឈ្លោះគ្នាញឹកញាប់ និងព្យាយាមចង់កែសម្រួលខ្លួន ឱ្យភាពផ្អែមល្ហែមដែលធ្លាប់មាន វិលត្រឡប់មកវិញនោះ ចូរដឹងខ្លួនជាប់ជានិច្ច គ្រប់ពេលដែលប្រុងឈ្លោះគ្នាថា ត្រូវតែដើរចេញទៅកន្លែងផ្សេងរៀងៗខ្លួន ឆ្ងាយៗពីគ្នាមួយរយៈសិន រង់ចាំឱ្យអារម្មណ៍ត្រជាក់ហើយ សឹមចូលមកជួបមុខគ្នាជាថ្មី ពេលនោះរឿងធ្ងន់ នឹងក្លាយជារឿងស្រាល ត្រឹមតែរអ៊ូ រអ៊ីស រអ៊ូសៗបន្តិចបន្តួច ឬបាត់ខឹងគ្នាតែម្ដង ក៏អាចថាបានដែរ។

២-ក្លាហាន និងហ៊ានសូមទោសមុន ទោះខ្លួនឯងមិនមែនជាអ្នកខុសក៏ដោយ
នារីៗយើងប្រហែលជាធ្លាប់បានឮពាក្យថា “ការសូមទោសមិនមែនមានន័យថា ចាញ់ប្រៀបរហូតនោះទេ” សម្រាប់ជីវិតគូ ក៏ដូចគ្នាដែរ។ បើដឹងថា ម្ខាងទៀតនោះរឹងរូស យើងត្រូវតែទន់ភ្លន់ ព្យាយាមថែរក្សាសម្ព័ន្ធភាព ដោយការហ៊ានសូមទោសមុន ដើម្បីឱ្យអ្វីគ្រប់យ៉ាង ល្អប្រសើរឡើង ទោះជាអ្នកម្ខាងទៀតដឹងថា ខ្លួនគេខុស ឬមិនហ៊ានពាលពាក្យសូមទោសក៏ដោយ។ គ្រាន់តែយើងធ្វើជាអ្នកចាប់ផ្ដើមមុន ដែលជួនកាល វាអាចនឹងធ្វើឱ្យអ្នកម្ខាងទៀតនោះ មានអារម្មណ៍ដឹងថា ខ្លួនឯងខុសនៅក្នុងចិត្តស្ងាត់ៗ ហើយនៅទីបំផុត គេក៏នឹងកែសម្រួលខ្លួនជាបណ្ដើរៗ ធ្វើឱ្យជីវិតស្នេហ៍របស់អ្នកទាំង២ ល្អប្រសើរឡើងនៅពេលក្រោយ ហើយបញ្ហាឈ្លោះទាស់ទែងគ្នា ក៏នឹងធូរស្រាលឡើងផងដែរ។

៣-ស្ដាប់ពីអារម្មណ៍របស់អ្នកម្ខាងទៀតយ៉ាងស្មោះស្ម័គ្រ
ជារឿងប្រក្រតី ដែលនៅពេលឈ្លោះគ្នាហើយ វានឹងមានតែអ្នកនិយាយ ដណ្ដើមគ្នានិយាយ មិនសូវមានអ្នកណាស្ដាប់អ្នកណាឡើយ។ ដូច្នេះបើមិនចង់ឱ្យសម្ព័ន្ធជីវិតគូ ដាច់ដោចបាក់បែកខ្លាំងជាងនេះ យើងសូមណែនាំថា អ្នកត្រូវតែសាកល្បងស្ងាត់មាត់ ហើយចាំស្ដាប់អារម្មណ៍អ្នកម្ខាងទៀត ដែលកំពុងទម្លាយចេញមកនោះជាមុនសិន ដើម្បីឱ្យដឹងថា តើគេមានអារម្មណ៍យ៉ាងណា? ហេតុអីបានមានហេតុការណ៍ហ្នឹងកើតឡើង? ហើយវាអាចជាហេតុផលមួយ ដែលធ្វើឱ្យយល់បានថា តើអ្នក ឬគេ ដែលបង្កជម្លោះមុន? ឬវាអាចកើតចេញពីអារម្មណ៍ដែលយល់ខុសចំពោះគ្នា ក៏អាចថាបានដែរ។

បានដឹងបែបហ្នឹងហើយ ចូរសាកល្បងព្យាយាមកែសម្រួលការយល់ដឹងពីគ្នាយ៉ាងសន្សឹមៗ បណ្ដើរៗ កុំរករឿងឈ្លោះគ្នាញឹកញាប់ពេក ជាពិសេសរឿងតូចតាច អ្វីព្រលែងចោលបាន ក៏គួរព្រលែងវាចោលទៅ ដើម្បីធ្វើឱ្យជីវិតគូមានសេចក្ដីសុខ ឬបើនៅតែមានបញ្ហាឈ្លោះទាស់ទែងគ្នាសឹងតែរាល់ថ្ងៃទៀតនោះ ប្រហែលជានារីៗយើង ត្រូវតែចាប់ផ្ដើមស្វែងរកដើមហេតុចម្បង ដែលធ្វើឱ្យគ្រប់យ៉ាងរីករាលដាលធំឡើងបែបនេះ រួចហើយប្រញាប់កែកុនជាបន្ទាន់ មុនពេលអ្វីៗហួសនឹងដោះស្រាយបាន៕

spot_img
×