អ្នកដែលគិតទេថា តើអ្វីទៅ ជាមូលហេតុសំខាន់ ដែលធ្វើឱ្យមិត្តភាពរវាងយើងនឹងមិត្តភក្តិ ត្រូវបញ្ចប់? កាលពីពេលថ្មីៗនេះ មានការសិក្សាស្រាវជ្រាវទៅលើមនុស្សចំនួន ៥៧៧នាក់ ដែលមានអាយុចាប់តាំងពី ១៨ឆ្នាំឡើងទៅ ហើយលទ្ធផលសរុបបានចេញមកថា មានមូលហេតុចម្បងៗ ៤យ៉ាង ដែលធ្វើឱ្យមិត្តភាព ឬ Friendships ត្រូវបញ្ចប់។ តើមានអ្វីខ្លះ? និងត្រូវជាមួយខ្លួនយើងដែរឬទេ? យើងនាំគ្នាតាមដានជាបន្ត…
១-ភាពអាត្មានិយម
ភាពអាត្មានិយម ការកេងប្រវ័ញ្ច យកប្រៀប ធ្វើឱ្យកើតភាពលែងជឿទុកចិត្តគ្នា លែងចង់និយាយរកគ្នា ហើយភាពអាត្មានិយមនេះ ថែមទាំងមានន័យពី ភាពចូលចិត្តបង្គាប់បញ្ជាអ្នកដទៃ មិនចេះយល់ចិត្តអាណិតអាសូរមិត្តភក្តិ ជាដើម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ នៅបានឱ្យដឹងទៀតថា មនុស្សស្រី មានទំនោរក្នុងបញ្ឈប់ទំនាក់ទំនងជាមួយមិត្តភក្តិ ខ្លាំងជាងមនុស្សប្រុស ដោយសារតែមូលហេតុរឿងអាត្មានិយមនេះឯង។
២-មិនបានបដិសម្ព័ន្ធគ្នាញឹកញាប់
បដិសម្ព័ន្ធនៅទីនេះ គឺមានន័យពី ការទំនាក់ទំនងគ្នា ការជជែកនិយាយរកគ្នា ការជួបគ្នា រួមទាំងការដើរលេងកម្សាន្តជាមួយគ្នាផងដែរ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានរកឃើញថា ភាគច្រើន មនុស្សប្រុសអាចនឹងយកមូលហេតុនេះ មកធ្វើជាហេតុផលក្នុងការបញ្ឈប់សម្ព័ន្ធភាព។
៣-គិតលើសពីមិត្តភក្តិ
វាប្រហែលជាមូលហេតុដ៏ល្បីល្បាញមួយទៀត ដែលនាំឱ្យឈឺចិត្តខ្លាំងណាស់ សម្រាប់ការគិតលើសពីមិត្តភាព និងព្យាយាមឈានរំលងឋានៈ FriendZone។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថា មនុស្សស្រី មានទំនោរក្នុងការសុំបញ្ចប់សម្ព័ន្ធភាពច្រើនជាង បើសិនភាគីម្ខាងទៀត គិតលើសពីពាក្យថាមិត្តភាព។
៤-មនុស្សជុំវិញខ្លួនមិនឯកភាព
មូលហេតុចុងក្រោយ ដែលមនុស្សយើងយល់ឃើញថា ប្រហែលជាសេពគប់គ្នាលែងបាននោះ គឺដោយសារតែមកពីមិត្តភក្តិ មនុស្សជុំវិញខ្លួន រហូតដល់មនុស្សក្នុងក្រុមគ្រួសារ ប្រាប់ថា មិនឯកភាពក្នុងការដែលយើងសេពគប់ជាមួយមនុស្សម្នាក់ហ្នឹងទេ។ ប្រាកដណាស់ថា នេះប្រហែលជាមានហេតុផលល្អ វាប្រៀបដូចជាពាក្យដាស់តឿនពីមនុស្សជុំវិញខ្លួនយើងដែរ។ ចំណុចនេះ ទាំងបុរស និងស្ត្រី មានទំនោរក្នុងការធ្វើបែបហ្នឹងប្រហាក់ប្រហែលគ្នា៕