Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅសកល៖ ប្រវត្តិស្នេហ៍ជនល្បីឈ្មោះលំដាប់ពិភពលោក ដ៏សែនរំជួលចិត្ត និងពោរពេញដោយការអប់រំ

ស្នេហា គឺជារឿងដ៏ស្រស់ស្អាត និងធ្វើឱ្យពិភពលោកមួយនេះ ពោរពេញដោយសេចក្ដីស្រឡាញ់ ដែលមានទាំងផ្នែកល្អ និងមិនល្អ សូម្បីតែជនល្បីឈ្មោះលំដាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនោះ ក៏នៅមានស្នេហាដូចមនុស្សទូទៅ ដែលមានទាំងក្ដីរំភើបរំជួលចិត្ត និងសោកនាដកម្ម និងបានក្លាយជារឿងរ៉ាវអប់រំ ដល់មនុស្សជាច្រើនទៀតផង។ ដូច្នេះពេលនេះ យើងនាំគ្នាមកដឹងពីជីវិតស្នេហ៍របស់ជនល្បីឈ្មោះលំដាប់ប្រវត្តិសាស្ត្រ ៥នាក់ ដែលបានក្លាយជារឿងរ៉ាវល្អៗ ធ្វើឱ្យយើងទាំងអស់គ្នា បានយល់ដឹងពីសេចក្ដីស្នេហាកាន់តែច្រើនឡើង ដូចតទៅ…

១-ស្នេហារបស់ អាន់ទិណូអ៊ុស និង ហេដ្រៀន
ស្នេហារបស់អង្គចក្រពត្តិ ហេដ្រៀន ជាមួយ អាន់ទិណូអ៊ុស ដែលជាបុគ្គលម្នាក់ក្នុងកងកម្លាំងសំខាន់របស់ចក្រពត្តិរ៉ូម៉ាំង។ ភាពគួរឱ្យចាប់អារម្មណ៍របស់គូស្នេហ៍ ១គូនេះ គឺការក្លាយជាគូស្នេហ៍បែប LGBTQ ឬមនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងយុគសម័យដំបូងៗរបស់ពិភពលោក គឺជាស្នេហាដ៏ស៊ីជម្រៅ។ លុះដល់ថ្ងៃឃ្លាតចាកចេញទៅយ៉ាងគ្មានថ្ងៃត្រឡប់របស់អាន់ទិណូអ៊ុសដោយសារឧប្បត្តិហេតុ អង្គចក្រពត្តិ ហេដ្រៀន បានកើតទុក្ខសោកសង្រេង រីងរៃ និងមានការបញ្ជាឱ្យឆ្លាក់រូបចម្លាក់ ដូចរូបពិតរបស់គូស្នេហ៍ ដើម្បីដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។ រឿងនេះអាចនិយាយបានថា ជាសេចក្ដីស្នេហាបែបគ្មានលក្ខខណ្ឌអ្វីទាំងអស់ ឬហៅថា ស្នេហាពិតចេញពីបេះដូង ទោះជាយុគសម័យនោះ មិនទទួលស្គាល់រឿងស្នេហាភេទដូចគ្នាក៏ដោយ។

២-ស្នេហារបស់ព្រះនាង អៃសូល
ស្នេហារបស់ព្រះនាងអៃសូល កើតឡើងក្នុងរូបបែបនៃសោកនាដកម្ម ព្រោះព្រះនាង ជាមហេសីរបស់មហាក្សត្រនៃប្រទេសអៃលែនដ៍ ដែលមានការកំណត់នឹងរៀបចំតែងតាំងជាមហាក្សត្រី ១អង្គនៃតំបន់ថ្មីមួយទៀតផង តែព្រះនាងបែរជាមានចិត្តប្រតិព័ទ្ធទៅលើ ថ្រៃស្តុន ដែលជាក្មួយប្រុសរបស់អង្គព្រះមហាក្សត្រ រហូតក្លាយជាសម្ព័ន្ធភាពមួយ ដែលជ្រុលជ្រួសហួសដែនកំណត់។ តែជំនួសឱ្យអង្គព្រះមហាក្សត្រ ដែលជាស្វាមីរបស់ព្រះនាង ទ្រង់ក្រោធខឹង ព្រះអង្គបែរជាអភ័យទោសឱ្យ គ្រាន់តែមានលក្ខខណ្ឌសំខាន់១ គឺហាមក្មួយប្រុសពាក់ព័ន្ធជាមួយព្រះនាងតទៅទៀត។ បន្ទាប់ពីនោះមក ថ្រៃស្តុន បានកាត់ចិត្តដោយការរៀបការជាមួយស្ត្រីម្នាក់ ដែលមានរូបរាង មុខមាត់ និងលក្ខណៈស្រដៀងនឹងព្រះនាងអៃសូល តែគេបែរជាកាត់ចិត្តពីព្រះនាងមិនបាន ធ្វើឱ្យកើតជំងឺធ្ងន់ធ្ងរព្រោះតែក្ដីទុក្ខព្រួយ រហូតដល់ស្លាប់នៅទីបំផុត។ រឿងនេះត្រូវបានមើលឃើញថា ជាស្នេហា ដែលបំផ្លាញទាំងខ្លួនឯង និងគូស្នេហ៍។

៣-ស្នេហារបស់ស្ដេចណាប៉ូឡេអុង
បើនិយាយពីស្ដេចដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងប្រទេសបារាំង ក្នុងអំឡុងយុគសម័យមួយនោះ គេត្រូវតែលើកថ្វាយទៅស្ដេចណាប៉ូឡេអុង ដែលមិនមែនអស្ចារ្យត្រឹមតែការធ្វើសឹកសង្គ្រាមប៉ុណ្ណោះទេ តែនៅមានភាពលេចធ្លោក្នុងរឿងស្នេហាទៀតផង។ ព្រះអង្គបានរៀបអភិសេកជាមួយស្ត្រីម្នាក់ ដែលមានអាយុច្រើនជាងខ្លួនឯងដល់ទៅ ២៦ឆ្នាំ ហើយស្ត្រីម្នាក់នោះ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់គ្នាប៉ុន្មានដែរ គឺ ចូសេហ្វ៊ីន។ ទោះជារយៈពេលដំបូងៗ អាចជារឿងរៀបការដើម្បីហេតុផលនយោបាយក៏ដោយ តែដោយសារសម្ព័ន្ធភាព ដែលនៅកៀកកាយគ្នាជាប់រហូតនោះ ក៏ក្លាយជាសេចក្ដីស្នេហា និងស្នេហ៍ស្មោះ ដែលកើតឡើងព្រមជាមួយការគោរពគ្នាទៅវិញទៅមកទៀតផង។ ពេលបានដឹងមកដល់ត្រង់នេះហើយ យើងអាចនឹងមើលឃើញថា វាជារឿងមួយល្អណាស់ តែនៅទីបញ្ចប់ ចូសេហ្វ៊ីន បែរជាមិនអាចមានបុត្រថ្វាយអង្គចក្រពត្តិណាប៉ូឡេអុងបាន ទើបធ្វើឱ្យត្រូវលែងលះគ្នា ទាំងកំពុងស្រឡាញ់គ្នាទៅវិញ។

៤-ស្នេហារបស់ ម៉ារី ឃូរី
សេចក្ដីស្នេហារបស់ម៉ារី និង ព្យែរ៍ ឃូរី ជារឿងរ៉ាវនៃការយល់ចិត្តយល់ថ្លើមគ្នា និងស្នងបន្តភាពជោគជ័យរបស់ស្វាមី ឱ្យក្លាយជាការពិតឡើង ដោយសារតែព្យែរ៍ បានស្លាប់ មុនពេលដែលការងារសិក្សាស្រាវជ្រាវរបស់គាត់ទទួលបានជោគជ័យ។ ម៉ារី គឺជាអ្នកគីមីវិទូ បានស្នងបន្តការងារ និងតម្រូវការរបស់ស្វាមី រហូតបានទទួលរង្វាន់ណូបែល ២លើកជាប់ៗគ្នា ហើយទាំងអស់នេះ បានក្លាយជាមូលហេតុនៃការស្លាប់របស់ម៉ារី ដោយសារតែការខិតខំប្រឹងធ្វើការយ៉ាងខ្លាំងក្លា និងគិតតែពីខំព្យាយាមធ្វើរឿងដែលស្វាមីរបស់នាង ខំប្រឹងប្រែងពេញមួយជីវិតមកនោះ ឱ្យទទួលបានជោគជ័យ។

៥-ស្នេហារបស់ព្រះនាងឃ្លីអូផាតត្រា
ស្នេហារបស់ព្រះនាងឃ្លីអូផាតត្រា គឺជារឿងរ៉ាវលេចធ្លោជាងគេក្នុងចំណោមប្រវត្តិស្នេហ៍របស់ជនល្បីឈ្មោះលំដាប់ភិភពលោក គឺដោយសារតែព្រះនាង ជាស្ត្រីដែលមានរូបសម្ផស្សស្រស់ស្អាតបំផុត និងមានភាពឆ្លាតវាងវៃទៀតផងនាយុគសម័យនោះ។ ទោះជាការរៀបការរបស់ព្រះនាង ជារឿងរបស់នយោបាយក៏ដោយ តែវាជាសេចក្ដីស្នេហាមួយ ដែលធ្វើឱ្យព្រះនាងឃ្លីអូផាត់ត្រា ហ៊ានធ្វើអត្តឃាត តាមគូស្នេហ៍ គឺការបានរស់នៅរួមគ្នាជាមួយ ម៉ាក អ៊ែនថូនី…។ អំឡុងពេលដំបូងៗ អាចជាការធ្វើ ដើម្បីផលប្រយោជន៍ខាងនយោបាយ តែពេលបាននៅជាមួយគ្នាយូរទៅ ក៏ក្លាយជាស្នេហាដ៏ស្មោះស្ម័គ្រ និងស៊ីជម្រៅ ព្រោះក្រោយពីព័ត៌មានចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយថា ព្រះនាងឃ្លីអូផាត់ត្រាបានបាត់បង់ជីវិតទៅហើយនោះ ធ្វើឱ្យម៉ាក អ៊ែនថូនី ខូចចិត្ត សោកសៅ រហូតដល់ថ្នាក់ធ្វើអត្តឃាត តែការពិតវិញ ព្រះនាងនៅមានជីវិតនៅឡើយ ហើយក្រោយមកព្រះនាងក៏សម្រេចចិត្តធ្វើអត្តឃាត ដោយការបណ្ដោយឱ្យពស់ពិស ចឹកខ្លួនឯង និងស្លាប់តាមគូស្នេហ៍នៅទីបំផុត។

សេចក្ដីស្នេហា គឺជារឿងដែលធ្វើឱ្យកើតបានទាំងសេចក្ដីសុខ និងសេចក្ដីទុក្ខ។ មិនថាតែជនល្បីឈ្មោះ ឬមនុស្សធម្មតាទូទៅឡើយ នៅពេលស្រឡាញ់គ្នាហើយ តែងតែត្រូវប្រឈមនឹងគ្រប់រឿងរ៉ាវ មិនថាតែសេចក្ដីសុខ ទុក្ខសោកសៅ ឬសោកនាដកម្មឡើយ ដូច្នេះក្រៅពីការយល់ដឹងពីស្នេហា និងសាងសេចក្ដីសុខក្នុងខណៈពេលកំពុងស្រឡាញ់គ្នាហើយ យើងគួរត្រៀមខ្លួនក្នុងការទទួលយក និងឃ្លាតចាកពីគ្នាដោយសម្រួលនៅថ្ងៃណាមួយ ដែលស្នេហាទៅមុខទៀតលែងបាន នោះទើបហៅបានថា ជារឿងល្អមួយអំពីស្នេហាដែលស្រស់ស្អាត៕

×