មានធ្លាប់នាំគ្នានឹកឆ្ងល់ដែរទេថា ហេតុអីទៅហ្ន៎…ហេតុអីបានជាស្រី ដែលស្អាតទាំងមុខមាត់ និងរាងរៅ ក៏ស្គមស្វែលស្អាតដូចយើងប៉ុនហ្នឹងដែរ តែបែរជាគ្មានបុរសណាមកទំនាក់ទំនងញ៉ែសោះអ៊ីចឹង? ហើយពេលនេះ ថែមទាំងកំពុងគ្រងស្ថានភាពនៅលីវ យ៉ាងគួរឱ្យធុញទ្រាន់ទៀតផង។ អ្នកណាចង់ដឹងពីមូលហេតុដែលធ្វើឱ្យក្លាយទៅជាយ៉ាងនេះ ចូរមកតាមដានស្ដាប់អត្ថបទតទៅនេះ រួចហើយអ្នកអាចនឹងយល់ថា តើហេតុអីបានជារូបអ្នក ធ្លាក់ក្នុងស្ថានការណ៍បែបហ្នឹង?
-ស្អាតខ្លាំង រហូតអ្នកឯទៀតគិតថា ប្រហែលជាមានប្ដី មានកូនរួចហើយ
បើអ្នកនាងជានារីរូបស្អាត ដែលប្រុសៗមិនបានស្គាល់ពីប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកនាង ហើយគេបានឃើញអ្នកនាងជាលើកដំបូងនោះ គេច្បាស់ជាគិតថា អ្នកនាងប្រាកដជាស្ត្រីដែលមានគ្រួសារ ឬមានប្ដី ឬអាចថែមទាំងមានកូនរួចហើយទៀតផង ទើបធ្វើឱ្យគេមិនហ៊ានចូលមកនិយាយលេងជាមួយ ព្រោះខ្លាចត្រូវអ្នកឯទៀតចំអកឱ្យថា ញ៉ែប្រពន្ធគេ។
-ស្រីរូបសម្ផស្សស្អាត ពិបាកញ៉ែណាស់!
រូបសម្ផស្សស្អាត ធ្វើឱ្យអ្នកនាងមើលទៅ ដូចជាមនុស្សមានឋានៈខ្ពង់ខ្ពស់ និងជានារីដែលល្អឥតខ្ចោះខ្លាំងណាស់ បើប្រៀបធៀបជាមួយនារីដែលមានមុខមាត់ធម្មតាៗ។ ការចូលទៅស្គាល់នារីលំដាប់នេះ បុរសភាគច្រើន តែងតែងាកមកមើលខ្លួនឯងជាមុនសិនថា តើខ្លួនឯងមានប្រូហ្វាលល្អ ល្មមអាចញ៉ែនារីស្អាតៗបែបហ្នឹងបានឬទេ? វាជាអារម្មណ៍មួយដែលគិតថា ដូចជាពិបាកញ៉ែណាស់ ហើយកើតក្ដីចាញ់ច្រាប និងខ្លាចត្រូវខកចិត្ត ទើបជ្រើសរើសយកការកាត់ចិត្តតែម្ដងប្រសើរជាង។
-មិនងាយញ៉ែបានទេ ព្រោះមានប្រុសៗតម្រង់ជួរចាំញ៉ែច្រើនណាស់
នេះជាមូលហេតុដែលមនុស្សប្រុស ១០០ទាំង១០០ ត្រូវតែគិតបែបហ្នឹង…ស្រីស្អាត ច្បាស់ជាមានមនុស្សប្រុសមកតាមញ៉ែច្រើនណាស់ ដូច្នេះឱកាសក្នុងការសាកល្បងតម្រង់ជួរចាំញ៉ែ អាចនឹងខាតពេលឥតប្រយោជន៍ និងថែមទាំងអាចនឹងខកចិត្ត នាំឱ្យឈឺចិត្តទៀតផង។ ដូច្នេះហើយទើបគេជ្រើសរើសយកការទៅញ៉ែ នារីណាដែលងាយស្រួលទំនាក់ទំនង មិនសូវស្អាតដូចទេពអប្សរដែលធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនឯងឈោងមិនដល់វិញប្រសើរជាង ដូច្នេះហើយ ទើបវាក្លាយជាមូលហេតុធ្វើឱ្យស្រីស្អាត មានឱកាសនៅលីវ កាន់តែខ្លាំងឡើងហ្នឹងឯង។
-ស្អាតតែរូប តែឫកពាឆ្មើង
នារីមួយចំនួនដែលដឹងថាខ្លួនឯងស្អាត ច្រើនមានភាពជឿជាក់លើខ្លួនឯងខ្ពស់ អាចមានឫកពាឆ្មើងឆ្មៃ និងមានការនឹករំពឹងក្នុងការជ្រើសរើសមនុស្សប្រុស ខ្ពស់ទៅតាមហ្នឹងដែរ និងជួនកាលមានការបង្ហាញចេញខាងទង្វើ ដែលមើលទៅដូចជាមិនគួរឱ្យស្រឡាញ់ចូលចិត្ត ដូចមុខមាត់ទៀតផង ទាំងអស់នេះក៏ធ្វើឱ្យមនុស្សប្រុសមានអារម្មណ៍មិនចូលចិត្តបានដែរ។ ដូច្នេះ ចូរកុំគិតថា មុខមាត់ស្អាត នឹងឈ្នះអ្វីៗគ្រប់យ៉ាងឱ្យសោះ ព្រោះបើខាងបុរសបានសាកល្បងនៅក្បែរហើយ មានអារម្មណ៍ធុញទ្រាន់នោះ គេអាចនឹងត្រៀមដកខ្លួន ថយចេញឆ្ងាយបានដូចគ្នា។
បានដឹងបែបហ្នឹងហើយ អ្នកនាងប្រហែលជាត្រូវសាកល្បង ទៅអង្គុយពិនិត្យមើលខ្លួនឯងឡើងវិញហើយ ហើយសាកល្បងផ្លាស់ប្ដូរខ្លួនឯង ឱ្យក្លាយជាមនុស្សដែលងាយទំនាក់ទំនង និងងាយស្រួលស្គាល់ មានអារម្មណ៍រីករាយ ឬបើសិនជាមនុស្សប្រុសមិនហ៊ានមកញ៉ែអ្នកនាង រហូតមានអារម្មណ៍ថាខ្លួនឯងនៅលីវ ឡើងធុញហើយនោះ ក៏សាកល្បងចូលទៅញ៉ែគេមុន ក៏វាមិនឃើញខូចខាតអីដែរ ហើយអាចនឹងទទួលបានជោគជ័យ មានគូគ្រងដូចដែលខ្លួនឯងត្រូវការទៀតផង ក៏អាចថាបានដែរ៕