ប្រជាការពារ គឺជាកម្លាំងស្នូល និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយបានសហការយ៉ាងស្អិតរមួត ជាមួយកម្លាំងមានសមត្ថកិច្ច។
តែដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលឃើញប្រជាការពារភូមិម្នាក់ ក្នុងចំណោម៩នាក់ នៅសង្កាត់៣ ខេត្តក្រុងព្រះសីហនុ ដែលបានអះអាងថា ពួកគាត់គ្មានប្រាក់ខែនោះទេ បានចេញវីដេអូសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលពួកគាត់មានឱកាសអាចដាក់កន្លែងផ្ញើកង់ម៉ូតូ នៅលើការ៉ាឡាដីទំនេរមួយកន្លែង ដើម្បីបានប្រាក់បន្តិចបន្តួច គ្រាន់ទិញអង្ករផ្គត់ផ្គង់ជីវភាពគ្រួសាររស់មួយពេល ពីបងប្អូនមកលេងបុណ្យសមុទ្រ បែរជាត្រូវខាងសណ្តាប់ធ្នាប់ក្រុងព្រះសីហនុដែលមានប្រាក់ខែស៊ី ហាក់មានចិត្តច្រណែន មកហាមាត់ ដោយថាពួកគាត់ពុំបានសុំច្បាប់ពីក្រុង។
ជាមួយការមកហាមឃាត់នេះ គាត់ក៏បានផ្តាំទៅមេៗក្រុងថា បើមានបញ្ហា ឬការងារអ្វីត្រូវធ្វើ សូមខាងក្រុងទៅធ្វើខ្លួនឯងទៅ កុំមកហៅប្រជាការពារចុះទៅជាមួយ ព្រោះគ្រាន់តែពួកគាត់រកដើម្បីរស់តែប៉ុណ្ណឹងមិនបាន អ៊ីចឹងរស់តែខាងសណ្តាប់ធ្នាប់ក្រុងទៅបានហើយ។
ជាមួយគ្នា មហាជនជាច្រើន បានធ្វើការរិះគន់ខាងពួកសណ្តាប់ធ្នាប់ក្រុងចំៗថា៖ «អស់លោកមេៗទាំងឡាយអើយ ល្មមប្រាប់ទៅដល់កូនចៅរបស់អស់លោកផង អោយចែកគ្នារស់ផងទៅ សុទ្ធតែបម្រើរាស្រ្តដូចគ្នា ហើយដីទីតាំងនោះជាដីរបស់ដ្ឋ មិនមែនជាដីកេរ្តិ៍របស់អស់លោកទេ, ពួកគាត់ប្រជាការពារភូមិ គឺជាកម្លាំងស្ម័គ្រចិត្ត ពួកគាត់បានប្រាក់កម្រៃបន្តិចបន្តួច ដោយសារយាមតាមរោងការ រោងបុណ្យគេប៉ុណ្ណោះ ហេតុអ្វីមិនចេះចែកពួកគាត់រស់ផង កុំចង់ឆ្អែតតែបក្សពួកខ្លួនឯងពេក,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






