តារាចម្រៀងស្រីរូបស្រស់ និងជា DJ នាង Gebby Vesta បានត្រូវរងការយារយីកេរ្តិ៍ខ្មាស់ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានទៅចូលផឹកស៊ីរាំរែកសប្បាយ ខណៈនាងកំពុងសម្តែងនៅលើឆាកនៃក្លឹបរាត្រីមួយ ។
តាមរយៈវីដេអូ គេបានឃើញបុរសម្នាក់ពាក់អាខ្មៅ បានយកដៃរបស់គាត់ ទៅស្ទាបអង្អែលភ្លៅរបស់ Vesta ខណៈនាងអង្គុយច្រហោងនៅចុងឆាក ដើម្បីបង្ហាញការ «ស្វាគមន៍» ដល់អ្នកចូលរួមទាំងអស់ ។ ប៉ុន្តែ ទង្វើកេងចំណេញរបស់ម្នាក់នេះពុំទាន់បានប៉ុន្មានវិនាទីផង ស្រាប់តែបុរសម្នាក់ទៀត បានចូលមកកៀក និងយកដៃលូកលាន់តំបន់ប្រដាប់ភេទរបស់នាង ។ ប៉ុន្តែ នៅពេលបុរសនេះ ព្យាយាមលូកជាលើកទី២ ជាហេតុធ្វើឲ្យនាងខឹង ក៏ព្រលែង១ជើងជាមួយស្បែកជើងកែងចោទចុងស្រួច ចំកណ្តាលមុខតែម្តង ។ ទោះយ៉ាងណា បុរសនេះ ក៏ត្រូវបានឃើញពុំមានបញ្ហានោះទេ ដោយថែមទាំងសើចស្ញាញយ៉ាងសង្ហារទៀតផង ។
វីដេអូនេះហេតុការណ៍ដ៏អស់ទាស់នេះ ក្រោយមកត្រូវបានបង្ហោះឡើងនៅលើគណនី Instagram របស់នាង ។ Vesta បានសរសេរនៅចំណងជើងវីដេអូថា៖ «ខ្ញុំបានទាត់អាគាត់នោះចំកណ្តាលមុខ១ជើង ហើយបើតាមអារម្មណ៍នៅពេលនេះ គឺពិតជាមានការសោកស្តាយខ្លាំងណាស់ សម្រាប់មេរៀន១ជើងដ៏តិចតួចនេះ ជួសឲ្យកេរ្តិ៍ខ្មាស់របស់ខ្ញុំ» ។
ជាមួយគ្នានេះផងដែរ អ្នកលេងអ៊ិនធើរណេតមួយចំនួនបានខមិនកោតសរសើរនាង ដែលក្លាហានហ៊ានប្រយុទ្ធប្រឆាំងនឹងទង្វើរំលោភបំពានរបស់ជនរូបនោះ ។ ប៉ុន្តែ ទោះយ៉ាងណា នៅមានអ្នកដែលនៅតែរកឃើញហេតុផល ដើម្បីស្តីបន្ទោសនាងថាមកពីស្លៀកសិចស៊ីដ៏ជ្រុលហួស និងអាវគ្របទៀតសោតក៏ចំហរ ។
ចំណែកអ្នកខមិនម្នាក់នេះ បានសរសេរថា៖ «ប្រសិនខ្ញុំជាបុរសនោះវិញ ខ្ញុំក៏នឹងធ្វើរឿងបែបនេះដូចគាត់ដែរ!! ព្រោះនាងទេ ដែលជាអ្នកហុចដងហុចផ្លែខ្លួនឯងឲ្យគេឯងបែបនេះ ដូច្នេះ វាមានន័យថា ខ្ញុំក៏ចង់ទៅរកដែរ» ។ រីឯម្នាក់ទៀតនិយាយប្រៀបធៀបយ៉ាងខ្លីថា៖ «នេះមិនខុសអ្វីសត្វឆ្មាត្រូវបានគេផ្តល់ត្រីឲ្យស៊ីទេ» ។
ជាឆ្លើយតបទៅនឹងពាក្យពេចន៍គេរិះគន់ទាំងនេះ នាងបានបញ្ជាក់ថា៖ «នាងធ្វើបែបនេះ ក៏ព្រោះតែកតព្វកិច្ចគោរពតាមកិច្ចសន្យារបស់ម្ចាស់ក្លឹបប៉ុណ្ណោះ ដែលតម្រូវឲ្យនាងស្លៀកសិចស៊ីបែបនេះ ដើម្បីទាក់ទាញភ្ញៀវ» ។
Vesta បន្ថែមថា ខាងក្លឹបបានសុំទោសចំពោះហេតុការណ៍នេះ ហើយនាងមិនដាក់ពាក្យប្តឹងប្រឆាំងនឹងការគ្រប់គ្រងរបស់ក្លឹបដែរ ។ នាងបន្តថា នាងនៅតែរក្សាវីដេអូនេះទុកនៅលើគណនី Instagram របស់នាង ដើម្បីក្រើនរម្លឹកដល់ម្ចាស់ក្លឹបដទៃទៀត ផ្តោតការយកចិត្តទុកដាក់ការពារប្រឆាំងនឹងពួកក្រុមបៀតបៀនផ្លូវភេទ ក្នុងអំឡុងពេលសិល្បករសម្តែង ៕ ឧត្តម