បើសិនជាអាចថយត្រឡប់ទៅថ្ងៃនោះវិញបាន យើងប្រហែលជានឹងធ្វើឱ្យវាល្អប្រសើរឡើងមិនខាន នេះគឺជាពាក្យសម្ដីដែលយើងតែងលួងលោមខ្លួនឯង នៅពេលស្នេហាបាក់បែក ឬបាត់បង់។ យើងគ្រប់គ្នាតែងបន្ទោសខ្លួនឯង និងវិលវល់នៅជាមួយនឹងគំនិតបែបនេះមិនចេះចប់…តែ ថ្ងៃនេះ យើងមានគន្លឹះល្អៗ ៣យ៉ាង ដែលនឹងជួយឱ្យអ្នក អាចឈានរំលងផុតសេចក្ដីទុក្ខសោកព្រោះតែសម្ព័ន្ធភាពស្នេហ៍បាក់បែកនោះបាន…
១-ចូរគិតថា បរាជ័យស្នេហា គឺជាបទពិសោធន៍
គ្រប់ក្ដីបរាជ័យ គឺជាគ្រូបង្រៀនពីបទពិសោធន៍ដ៏ល្អដល់យើង សូម្បីតែរឿងស្នេហាក៏ដោយ។ នៅពេលស្នេហា មិនដូចនឹងអ្វីដែលយើងបាននឹករំពឹងទុក យ៉ាងហោចណាស់ ក៏វាបានបង្រៀនយើង ឱ្យដឹងពីរឿងអ្វីម្យ៉ាងដែរ។ ក្នុងអំឡុងពេលដំបូងៗ យើងអាចនឹងមើលមិនឃើញ ព្រោះយើងច្រើនតែនៅលង់កប់ក្នុងក្ដីឈឺចាប់ សោកស្ដាយ និងលង់នៅក្នុងគំនិតរបស់ខ្លួនឯង តែនៅពេលៗវេលាកន្លងផុតទៅ យើងនឹងបានរៀនយល់ដឹង បានផ្នត់គំនិតថ្មីៗ បានចំណុចរិះគិតក្នុងការរស់នៅម្នាក់ឯងជាថ្មី ហើយអ្នកខ្លះ ថែមទាំងរកឃើញចំណុចផ្លាស់ប្ដូរល្អៗក្នុងការសាងសម្ព័ន្ធភាពលើកក្រោយៗទៀត ដែលនឹងធ្វើឱ្យយើងឈានជើងដើរទៅមុខបានយ៉ាងល្អទៀតផង។
២-ចូរប្រើប្រាស់សម្ព័ន្ធភាពស្នេហ៍ដែលបាក់បែកនោះ ឱ្យក្លាយជាកត្តាជំរុញ្ ឱ្យកើតការផ្លាស់ប្ដូរដែលល្អឡើង
មានរឿង២ ដែលកើតឡើងញឹកញាប់ជាងគេ ពេលកើតទុក្ខសោកព្រោះស្នេហាដួលរលំ…
១.អស់សង្ឃឹម និងបោះបង់ឱកាសនាពេលអនាគតរបស់ខ្លួនឯង
២.ប្រើប្រាស់ស្នេហាដែលដួលរលំនោះ ធ្វើជាកម្លាំងរុញច្រានក្នុងជីវិត
បើសិនជាអាចធ្វើបាន យើងសុំឱ្យចាប់យកចំណុចទី២ គឺប្រើប្រាស់ក្ដីបរាជ័យ មកធ្វើជាកម្លាំងរុញច្រានក្នុងជីវិត។ មនុស្សជាច្រើនរកឃើញចំណុចផ្លាស់ប្ដូរខ្លួនឯង ពីសេចក្ដីស្នេហាដែលដួលរលំ ហើយពួកគេតែងចាប់យកឱកាសនេះ មកជំរុញឱ្យខ្លួនឯងក្លាយជាមនុស្សថ្មី និងល្អឡើង។ ដូច្នេះចូរកុំបន្ទោសខ្លួនឯងជ្រុលពេក កុំមើលងាយខ្លួនឯង ចូរចាប់យករឿងនោះ មកជំរុញឱ្យកើតមានការផ្លាស់ប្ដូរល្អៗសម្រាប់ខ្លួនយើងវិញប្រសើរជាង។
៣.ចូរស្រឡាញ់ខ្លួនឯងឱ្យច្រើនជាងស្រឡាញ់ស្នេហាដែលបាត់បង់ទៅ
នៅពេលស្នេហាបញ្ចប់ទៅយ៉ាងអាក្រក់ វាមិនមែនមានន័យថា ជីវិតយើងបរាជ័យគ្រប់តែរឿងនោះទេ មិនមែនមានន័យថា យើងលែងមានអ្នកស្រឡាញ់ហើយនោះទេ ព្រោះថា យើងនៅអាចស្រឡាញ់ខ្លួនឯងបាន និងនៅមានមនុស្សជុំវិញយើងជាច្រើន ដែលគេស្រឡាញ់យើង និងនៅមានមនុស្សល្អៗជាច្រើនទៀត ដែលគេរង់ចាំយើង និងរង់ចាំឱ្យយើងជួបគេ។ ដូច្នេះចូរស្រឡាញ់ខ្លួនឯង និងស្រឡាញ់មនុស្សដែលនៅជាមួយយើងឱ្យបានច្រើនៗ វានឹងជួយឱ្យយើងឆ្លងផុតអំឡុងពេលអាក្រក់ៗទាំងនោះទៅមុខបានដោយសុវត្ថិភាព៕