ព្រះសីហនុ ៖ កម្លាំងវាយោបានវាយប្រហារទៅលើលំនៅឋានអ្នកភូមិដោយខ្យល់កន្ត្រាក់ និងបក់បោក ធ្វើឱ្យផ្ទះចំនួន ១,២៦៨ខ្នង ត្រូវបានរបើកដំបូល ក្នុងនោះរលំដល់ដីចំនួន ១៥ខ្នង បង្កឱ្យមានប្រជាពលរដ្ឋរងរបួស ៣នាក់ និងធ្វើឱ្យខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយមួយថ្ងៃក្រោយមក បានទទួលអំណោយកាកបាទក្រហម។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាល និងផ្តាំផ្ញើសួរ សុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ នាពេលនេះ និងសូមចូលរួមការលំបាកជាមួយប្រជាពលរដ្ឋដោយការចែករំលែកអំណោយស្បៀងអាហារ។
អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម , មី១កេស , ត្រីខ១០កំប៉ុង , ទឹកត្រី១យួរ , កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល។ ដោយឡែកអ្នករងគ្រោះរលំផ្ទះទាំងស្រុង ១៥គ្រួសារ ទទួលបានតង់ម្នាក់មួយ ថវិកា ១លានរៀល អ្នករងរបួស ៣នាក់ ទទួលបានថវិកាម្នាក់ ៥០០,០០០រៀល។
លោក គួច ចំរើន ឱ្យដឹងថា ស្បៀងអាហារដែលនាំយកមកចែកជូនបងប្អូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែករំលែកជូនបងប្អូននៅទីនេះ។ ប្រជាពលរដ្ឋមួយចំនួនត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ទន្ទឹមនោះរដ្ឋបាលខេត្ត បានបញ្ជូនរថយន្តសង្គ្រោះមកជួយសម្របសម្រួលដឹកអ្នករបួសយកទៅព្យបាល និងបានចាត់ឱ្យមន្ត្រីចុះមកប្រចាំការនៅតាមឃុំ, ក្នុងនោះមានកងកម្លាំងសឹករងព្រះសីហនុ ចុះជួយអន្តាគមន៍កន្លែងដែលចាំបាច់ រួមជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តចុះជួយអន្តរាគមន៍យ៉ាងសកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN