អ្នកម្តាយដែលមានកូនតែម្នាក់ អាចនឹងមិនចាំបាច់គិតអ្វីច្រើនឡើយ ព្រោះយ៉ាងណាក៏ដោយ គឺកូនមួយនេះឯង ដែលឪពុកម្តាយនឹកសង្ឃឹម ឱ្យក្លាយជាសសរគោលរបស់គ្រួសារ នៅចាំជួយមើលថែទាំឪពុកម្តាយពេលចាស់ ឬពេលឈឺថ្កាត់ផ្សេងៗ តែសម្រាប់ឪពុកម្តាយ ដែលមានកូន២ កូន៣ ឬច្រើនជាងនោះ តើត្រូវចេះសង្កេតមើលបែបណា ទើបដឹងថា តើកូនមួយណា ពេលធំឡើង ក្លាយជាសសរបង្គោលរបស់គ្រួសារបាន?
ថ្ងៃនេះ យើងមានចំណុចអះអាងខាងវិទ្យាសាស្ត្រ ដែលបានបញ្ជាក់ថា ក្មេងដែលជាកូនច្បងក្នុងគ្រួសារ នឹងមានឱកាសក្នុងការក្លាយជា សសរគោលរបស់គ្រួសារ ច្រើនជាងបងប្អូនឯទៀតរបស់គេ ព្រោះថា…
១-ព្រោះកូនច្បងបានរៀនយល់ដឹងពីរឿងភាពសំខាន់របស់គ្រួសារ មានភាពទទួលខុសត្រូវ និងបានទទួលជោគជ័យក្នុងជីវិត មុនប្អូនៗ…
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Jeffrey Kluger អ្នកនិពន្ធសៀវភៅ The Sibling Effect បានរកឃើញថា “កូនច្បងតែងស្តាប់បង្គាប់ និងជឿលើពាក្យប្រៀនប្រដៅរបស់ឪពុកម្តាយ ខ្លាំងជាងកូនបន្ទាប់ៗ និងតែងធ្វើជាបងគេ ដែលមានតួនាទីជួយប៉ាម៉ាក់មើលថែប្អូនៗ ទើបគេក្លាយជាក្មេង ដែលមានភាពទទួលខុសត្រូវ តាំងពីអាយុនៅតិច។
២-ព្រោះកូនច្បងតែងជឿ និងស្តាប់បង្គាប់ពាក្យប្រៀនប្រដៅ និងធ្វើតាមរបៀបវិន័យនៅក្នុងផ្ទះ ខណៈដែលកូនប្អូនៗ ច្រើនតែជាក្មេងឌឺ…
លទ្ធផលនៃការងារស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៨ របស់អ្នកចិត្តវិទ្យាជនជាតិបែលហ្ស៊ិកដដែល បានសរុបថា “កូនច្បង ច្រើនមានភាពទទួលខុសត្រូវ និងមានទង្វើតាមបែបផែន ដើម្បីធ្វើជាគំរូល្អសម្រាប់ប្អូនៗ ខណៈដែលកូនប្អូន ច្រើនព្យាយាមសាងភាពខុសប្លែកចេញពីរបៀបវិន័យផ្សេងៗ ដោយការលេងច្រើន ឡេះឡោះ រពឹស រហូតមើលទៅហាក់ដូចជាក្មេងឌឺ រឹង ខ្លាំងជាងកូនច្បង”។
៣-ព្រោះកូនច្បងកើតមក ដើម្បីធ្វើជាអ្នកដឹកនាំគេពីធម្មជាតិ និងច្រើនតែងាយទទួលបានជោគជ័យក្នុងតួនាទីការងារ
ដោយភាពជាកូនច្បង ដែលត្រូវនៅចាំមើលថែទាំ និងជួយប្អូនៗ ដែលអាចនិយាយបានថា ជារឿងសំខាន់មួយ ជួយបង្កើនជំនាញភាពជាអ្នកដឹកនាំតាំងពីខ្លួននៅតូចនោះ ធ្វើឱ្យទាំងអស់នោះ នឹងក្លាយជាប្រយោជន៍នាពេលអនាគត ទាំងក្នុងរឿងការសិក្សារៀនសូត្រ ការធ្វើការងារ និងហុចផលឱ្យកូនច្បង មានភាពក្លៀវក្លាស្វាហាប់ខ្លាំងជាពិសេសទៀតផង។
៤-ព្រោះកូនច្បង ឆ្លាតជាងកូនប្អូន
តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជនជាតិន័រវែស បានរកឃើញថា “កូនច្បងមាន IQ ជាមធ្យម ខ្ពស់ជាងកូនប្អូនៗដល់ទៅ ២ ឬ ៣ចំណុច ព្រោះវាអាចកើតចេញពីអ្វី ដែលកូនច្បងបានទទួលការអប់រំប្រៀនប្រដៅ ការជួយប្អូនៗរំឭកមេរៀន ឬធ្វើកិច្ចការផ្សេងៗទៀតជាមួយប្អូនៗ ទើបធ្វើឱ្យកូនច្បងមានសតិបញ្ញាល្អជាង និងឆ្លាតជាងកូនប្អូន។
៥-ព្រោះកូនច្បងជាមនុស្ស ដែលមានចិត្តគំនិតល្អ
លទ្ធផលពីការងារស្រាវជ្រាវរបស់មហាវិទ្យាល័យ អ៊ីលលីណយស៍ ក្នុងឆ្នាំ២០១៦ បានរកឃើញថា “និស្ស័យរបស់កូនច្បង តែងមានភាពទៀងត្រង់ ស្តាប់បង្គាប់ និងហ៊ានប្រឈម ដោយមិនញាប់ញ័រចំពោះរឿងអ្វីៗឡើយ ដែលទាំងអស់នេះ វាអាចកើតចេញពីការដែលខ្លួនគេជាកូនច្បង ដែលត្រូវតែមើលថែទាំប្អូន នៅចាំជួយដោះស្រាយបញ្ហា ទើបធ្វើឱ្យកូនច្បងក្លាយជាបងធំចិត្តល្អ និងជាទីពឹងពាក់របស់ប្អូនៗបាន៕