ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា គិតមកដល់វេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរុករកទាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្ននៅក្នុងការសង្គ្រោះរុករកជនរងគ្រោះ ក្នុងអគារកាស៊ីណូ ហ្គ្រេន ដាយមិនដ៍ ដោយស្ថានភាពយប់ងងឹត និងបារម្ភពីសុវត្ថិភាព ខ្លាចក្រែងអគារបាក់រលំជាយថាហេតុ បន្ទាប់ពីត្រូវបានអគ្គិភ័យទំពាលេបអស់រយៈពេលជាង១២ម៉ោង គឺអគារទាំងមូលឆេះស្ទើរគ្មានសល់កន្លែងណា។

បើតាមលោកអភិបាលខេត្តដដែលរូបនេះ ថា ប្រតិបត្តិការបន្ដ នឹងធ្វើឡើងនៅព្រឹកស្អែកទៀត, ហើយបើតាមរបាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បង្ហាញថា អ្នកស្លា.ប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស, ក្នុងនោះជនរងគ្រោះខ្លះស្លា.ប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះស្លាប់នៅផ្លូវដើរ ខ្លះទៀតស្លា.ប់នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្មួលខ្មាញ់ពេក។

អគារកាស៊ីណូ ហ្គ្រេន ដាយមិនដ៍ នេះ ត្រូវព្រះអគ្គីឆាបឆេះតាំងពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គឺភ្លើងនៅមិនទាន់រលត់នៅឡើយ ខណៈសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរលើសពី ១០០នាក់ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងប្រតិបត្តិការទៅលើកិច្ចការផ្សេងៗ។
ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារ ហ្គ្រេន ដាយមិនដ៍ និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសតមួយទៀត។ មូលហេតុនៃការឆាបឆេះ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានឆេះរាលដាលតែម្ដង។ អគារនេះ មានបុគ្គលិកបម្រើការប្រុស-ស្រីប្រហែលជាង៤០០នាក់, ចំណែកទំហំនៃការខូចខាត គេនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













