ភ្នំពេញ ៖ ក្រោយពីវិលត្រឡប់មកពីប្រទេសថៃវិញ DJ Mike មិនទាន់បង្ហាញស្នាដៃអ្វីថ្មីជូនទស្សនិកជនឡើយ ក្រៅពីអាជីពជា DJ ដ៏ល្បីមួយរូបជំនាន់ដែលលោកបានទៅធ្វើការងារជា DJ នៅប្រទេសជិតខាងមួយនោះមក។ បន្ទាប់ពីវិលវិញមកស្រុកកំណើត Mike តែងតែមានការងារជាហូរហែរ នៅតាមផ៉ាប់ (Pub) ផ្សេងៗក្នុងក្រុងភ្នំពេញ។
ទោះធ្លាប់បានការងារថតស្ពតធំៗ ប៉ុន្តែ DJ មុខដូចកូនកាត់រូបនេះ ត្អូញត្អែរថាមើលទៅខ្លួនហាក់មិនសូវមានសកម្មភាពសិល្បៈដូចមុនសោះ។ ប៉ុន្តែនោះជាការលើកឡើងតែម្ខាងប៉ុណ្ណោះ ព្រោះបើតាមដឹង តារាប្រុសរូបនេះ កំពុងតែសំងំបើកកន្លែងផឹកស៊ីមួយកន្លែងនៅក្រុងព្រះសីហនុផងដែរ។
ឆ្លើយឆ្លងតាមទូរស័ព្ទ Mike ទទួលស្គាល់ថា ការងារមួយរយៈចុងក្រោយនេះ ខ្លួនពិតជាទទួលបានគួរសម ថ្វីត្បិតតែភាគច្រើនជាការងារ DJ ប៉ុន្តែវាជាការងារមួយដែលខ្លួនស្រលាញ់ហើយបានទៅរៀនជំនាញច្បាស់លាស់រហូតដល់ប្រទេសថៃ ដូច្នេះ ពេលដែលមានជំនាញច្បាស់លាញ់ Mike ចង់ធ្វើការនៅក្នុងស្រុកប្រសើរជាងចេញឆ្ងាយចោលផ្ទះ។ តែលោក ក៏មិនបដិសេដដែល ប្រសិនបើមានខាងថៃ គេនៅតែទាក់ទងមកដើម្បីទៅធ្វើការងាររូបគេ នៅតែទទួលដដែល។
ទន្ទឹមនឹងនោះ Mike ថា ការបើកហាងផឹកស៊ីនៅកំពង់សោម គឺជាចូលចិត្ត និងមានការជំរុញពីបងប្អូន ដូច្នេះហើយខ្លួនក៏សម្រចចូលហ៊ុនជាមួយក្រុមគ្រួសារ។ Mike បន្ថែមថា ហាងនោះនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ៕ ដោយ-គីម ស្រីរ័ត្ន