Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ សម្រាប់នារីៗ ដែលធ្វើការងារច្រើន នេះគឺសញ្ញា ៨យ៉ាង ដែលបង្ហាញថា រាងកាយអ្នកខ្វះសារធាតុដែកហើយ

spot_img

រឿងចំណីអាហារក្នុងយុគសម័យនេះ សំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ដូច្នេះហើយទើបយើងចាំបាច់ ត្រូវតែមើលថែទាំសុខភាពរាងកាយឱ្យបានខ្លាំងឡើងជាលំដាប់ដែរ។ ថ្ងៃនេះសុខភាពយើង សូមនិយាយអំពីរឿងសារធាតុដែក ដែលសំខាន់ចំពោះនារីៗម្តង។ នារីៗយើង ច្រើនតែខ្វះសារធាតុដែក ដោយយើងមិនបានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះ ឬធ្វើការងារច្រើនជាប់ជានិច្ច។ ដូច្នេះតើធ្វើម៉េចទើបយើងដឹងថា កម្រិតសារធាតុដែកនៅក្នុងរាងកាយរបស់យើងស្ថិតក្នុងកម្រិតប្រក្រតី ឬទាបជាងប្រក្រតីនោះ? បើចង់ដឹង សូមតាមដានដូចតទៅ…

១-មានអារម្មណ៍ឆាប់នឿយហត់
រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហេម៉ូគ្លោប៊ីន ជាសារធាតុដែលជួយដឹកនាំអុកស៊ីហ្ស៊ែនក្នុងកោសិកាគ្រាប់ឈាមក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹងមានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។

២-ខ្វះសមាធិ
ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺតយ៉ាវ និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗថយចុះ និងសូវមានសមាធិតាមនោះដែរ។

៣-ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន
មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងបង្កផលប៉ះពាល់ច្រើនដល់ថ្នាក់នេះឡើយ ព្រោះក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនសូវខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីដែលខ្លួនឯងកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿងសំខាន់ៗ ក៏មានអារម្មណ៍ថា ដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។

៤-ពិបាកដកដង្ហើម
បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ ពេលហាត់ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាៗ ក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរនោះ ហ្នឹងព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែនហ្នឹងឯង។

៥-ស្បែកស្លេកស្លាំងខុសប្រក្រតី
សាកល្បងសង្កេតមើលថា តើស្បែករបស់យើងមួយរយៈនេះ ស្លេកស្លាំងខុសធម្មតាដែរឬទេ? មិនមែនកាន់តែសឡើងទេ តែវាជាអាការស្លេកស្លាំង ដែលអាចបណ្ដាលពីលំហូរវិលរបស់លោហិតមិនល្អគ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។

៦-ក្រចកផុយស្រួយ
ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណា ក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយនេះបានដែរ។ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។

៧-ឈឺថ្កាត់ញឹកញាប់
បើច្រើនតែមានបញ្ហារឿងសុខភាព ឬមិនស្រួលខ្លួនញឹកញាប់នោះ សាកល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។

៨-ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក
ជារឿងដែលងាយស្រួលសង្កេត និងមើលទៅចម្លែកបំផុត ក៏អាចថាបានដែរ ព្រោះនៅលើមនុស្សដែលខ្វះសារធាតុដែក រាងកាយច្រើនតែធ្វើការបឺតជ្រាបយកសារធាតុពណ៌ផ្សេងៗនៅក្នុងពោះវៀន ដូច្នេះបើទទួលទានដំឡូងឈាមមាន់ ហើយមានទឹកមូត្រចេញមកពណ៌ក្រហមៗ ផ្កាឈូកៗនោះ ចូរវាយតម្លៃតែម្តងទៅថា យើងខ្វះសារធាតុដែកហើយ។

ដូច្នេះតើយើងអាចជួយរាងកាយរបស់យើងយ៉ាងណាទៅ? យើងប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណា ដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹងទទួលទានអាហារបំប៉នតែម្តងក៏បាន។
អាហារខាងក្រោមនេះ សុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ ចូរសាកល្បងបន្ថែមវាចូលទៅក្នុងពេលអាហារឱ្យបានច្រើន…
-សាច់សត្វដែលមានពណ៌ក្រហម
-ស៊ុតក្រហម
-បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)
-ផ្លែឈើក្រៀម (ផ្លែភ្រុន ទំពាំងបាយជូរក្រៀម)
-អាហារស៊ីរៀល ដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)
-អាហារប្រភេទងាវ គ្រំ ឬអយស្ទ័រ
-គ្រឿងក្នុងមាន់
-សណ្តែកផ្សេងៗ
និងថ្លើមសត្វ…
ហើយសុខភាពយើង ក៏ចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ…គឺ បើយើងទទួលទានអាហារដែលសម្បូរដោយសារធាតុដែក ព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។
ចូរសាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមានអាការដូចខាងដើមដែរឬទេ? ព្រោះអ្នកខ្លះច្រើនគិតថា ខ្លួនឯងបានញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរជីវជាតិគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារ ក៏ជារឿងមួយសំខាន់ចំពោះសុខភាពយើងដូចគ្នាដែរ៕

spot_img
×