អ្នកប្រើប្រាស់បណ្តាញសង្គម កាលពីម្សិលមិញ បាននាំគ្នាហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូបង្ហោះមួយ បង្ហាញឲ្យឃើញស្ត្រីម្នាក់មានសាច់ឈាមប៉ុណ្ណឹងដែរ ហើយជិះសុទ្ធតែម៉ូតូធំ តែមិនគួរណាមាន «ដៃជើង» ជាចោរលួចស្បែកជើងគេបែបនេះសោះ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីថៃម្នាក់ និងប្តីរបស់នាង បាននាំកូនតូចទៅកាន់ប្រាសាទ Wat Doi Suthep នៅ Chiang Mai ។ ប៉ុន្តែ នៅពេលរៀបចំវិលត្រលប់ទៅផ្ទះវិញ ស្ត្រីជាប្រពន្ធដាច់ដាបរូបនេះ ត្រូវបានឃើញដោះស្រែកជើងរបស់ខ្លួនទុកឲ្យប្តី និងបានទៅកាន់កន្លែងទុកដាក់ស្បែកជើងរបស់ភ្ញៀវទេសចរ និងបានជ្រើសរើសស្បែកជើងដ៏ល្អ១គូរបស់ភ្ញៀវទេសចរ ដែលត្រូវបានដឹងថាមានតម្លៃ ៣,៥០០ បាត ។
ប្តីប្រពន្ធផ្សំគំនិតគ្នាជាចោរនេះ បន្ទាប់មក ក៏បាននាំគ្នាដឹកដៃកូនស្រីតូច ឡើងជិះម៉ូតូធំទៅផ្ទះហ៊ឺហាតែម្តង ។
អ្នកនាំភ្ញៀវទេសចរម្នាក់ឈ្មោះ Pensri Chokchaimongkhonkit បាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ។ ហើយភ្ញៀវទេសចររបស់នាង ត្រូវវិលត្រលប់ទៅសណ្ឋាគារវិញដោយជើងទទេ ។
នាងក៏បានប្រកាសនៅលើបណ្តាញសង្គមយ៉ាងចំហរនៅសៅរ៍ថា «សូមឲ្យប្តីប្រពន្ធនេះ ប្រញាប់យកស្បែកជើង មកប្រគល់ភ្ញៀវទេសចរចិនដែលបានបាត់បង់វិញឲ្យលឿន ពុំនោះសោត ពួកគេនឹងត្រូវប្រឈមនឹងប៉ូលីស ជាមួយភស្តុតាងស្តែងៗក្នុងវីដេអូនេះ» ៕ ចន្ទី