ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញដ៏ល្បីរបស់ប្រទេសកម្ពុជា ត្រូវបានក្រុមសភាពាណិជ្ជកម្ម បោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានសភាពពាណិជ្ជកម្មមួយអាណិតទៀត ហើយអ្នកឧកញ៉ាបានប្ដេជ្ញាថា នឹងខិតខំធ្វើយ៉ាងណា ដឹកនាំសភាពាណិជ្ជកម្ម ឲ្យបានកាន់តែល្អប្រសើរជាងមុន ការធ្វើធុរកិច្ចទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីទាក់ទាញវិនិយោគិនមកពង្រីក បោះទុនរកស៊ី នៅប្រទេសកម្ពុជាឱ្យកាន់តែច្រើន និងខ្លាំងក្លា។
ពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ដែលត្រូវបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ខ្ញុំប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងណា ឲ្យបានល្អជាងមុន ធ្វើសកម្មភាពឱ្យខ្លាំងក្លាយជាងមុន បំពេញខ្វះខាតកន្លងមក ការពារផលប្រយោជន៍អ្នករកស៊ី។

ក្នុងនាមជាប្រធានសភាពាណិជ្ជកម្ម អ្នកឧកញ៉ាដ៏មានប្រជាប្រិយភាពរូបនេះ បានសង្កត់ថា ខ្ញុំមិនអាចទៅដោះស្រាយបញ្ហាបានទាំងអស់នោះទេ ប្រសិនបើគ្មានការគាំទ្រពីក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់។
ខ្ញុំសូមថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលជានិច្ចកាល តែងតែលើកទឹកចិត្ដ និងគាំទ្រសភាពាណិជ្ជកម្ម ធ្វើឱ្យដំណើរការរលូនរហូតមកដល់បច្ចុប្បន្ន និងសូមអរគុណដល់អាជ្ញាធរដែនដីទាំងអស់ ដែលកន្លងមកបានជួយសហការ ឲ្យសភាពាណិជ្ជកម្មកម្ពុជា បានបំពេញតួនាទី តាមរាជរដ្ឋាភិបាលប្រគល់ជូន។

ការចូលរួមរបស់អាជីវករទាំងអស់ បង្ហាញពីសេចក្ដីទុកចិត្ដមកលើសភាពាណិជ្ជកម្ម ញ៉ាំងឱ្យខ្ញុំ ត្រូវតែខិតខំធ្វើយ៉ាងណា ផ្ដល់ផលប្រយោជន៍ដល់អាជីវករទូទាំងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









